• Today: December 22, 2024

រដ្ឋមន្ត្រីក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មី ពិភាក្សាការងារពាក់ព័ន្ធវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ


ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបពិភាក្សាជាមួយឯកឧត្តម ចាស្ទីន ខេវីន វ្យ៉ាត់ (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មី ប្រចាំកម្ពុជា លើចំណុចមួយចំនួនពាក់ព័ន្ធនឹងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ 


កិច្ចជួបពិភាក្សានេះរវាងរដ្ឋមន្ត្រីក្រសួងការងារ និងឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មី ប្រចាំកម្ពុជា ធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ នេះ នៅទីស្ដីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ 
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានរំលឹកឡើងវិញនូវទំនាក់ទំនងការទូតល្អជាយូរមកហើយរវាងកម្ពុជា-អូស្រ្តាលី ដោយបានប្រារព្ធខួបអនុស្សាវរីយ៍៧០ឆ្នាំ កាលពីឆ្នាំមុន ពិតជាបានធ្វើឱ្យទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក៏ដូចជារដ្ឋាភិបាលកម្ពុជា-អូស្រ្តាលី មានភាពស្និទស្នាល បង្កើនចំណងទាក់ទងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។ 
ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលអូស្រ្តាលី ដែលបានផ្តល់នូវជំនួយជាថវិកា និងបច្ចេកទេសដល់កម្ពុជា តាមរយៈគម្រោង ILO-Triangle, ASEAN-ACT, គម្រោងទប់ស្កាត់ការប្រើប្រាស់សារធាតុអាសបេស្តុសនៅកម្ពុជា, ការផ្តល់ជំនួយបច្ចេកទេសក្នុងការដំណើរការដោះស្រាយវិវាទការងាររួមពី Fair Work Commission, និងការផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិតកម្ពុជា ជាដើម។
ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតអូស្ត្រាលី បានលើកឡើងថា «ឯកឧត្តមធ្លាប់មកបំពេញបេសកកម្មនៅប្រទេសកម្ពុជាម្ដងរួចមកហើយ កាលពីឆ្នាំ២០០០ ហើយនៅឆ្នាំ២០២៣នេះ ឯកឧត្តមក៏ទទួលបានបេសកកម្មជាឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជានេះម្ដងទៀត»។ ឯកឧត្តម ចាស្ទីន ខេវីន វ្យ៉ាត់ (Justin Kevin Whyatt) បានបញ្ជាក់ថា «លោកពិតជាមានការភ្ញាក់ផ្អើល និងពិតជាកោតសរសើរចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជាក្នុងរយៈពេលដ៏ខ្លី ពិសេសលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បន្តការអភិវឌ្ឍគួរឱ្យកត់សម្គាល់ផងដែរ»។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ អ៊ិត សំហេង បានថ្លែងទៅកាន់ឯកឧត្តមឯកអគ្គរដ្ឋទូតអូស្ត្រាលីថា ដោយសាររាជរដ្ឋាភិបាលកម្ពុជា បន្តរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ ទើបជំរុញឱ្យមានការអភិវឌ្ឍឈានឡើង ក្នុងនោះវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងសំខាន់។


ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា នាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួង/ស្ថាប័នជាសេនាធិការផ្សេងទៀត រួមសហការរៀបចំគោលនយោបាយជាតិបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដល់យុវជនក្នុងគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានចំនួនសរុប្រមាណ ១.៥លាននាក់ ដោយរាជរដ្ឋាភិបាលរ៉ាប់រងទទួលបន្ទុកលើថ្លៃសិក្សា និងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ។

ឯកឧត្តមរដ្ឋមន្ត្រី អ៊ិត សំហេង បានបញ្ជាក់ថា «ប្រសិនបើការងារនេះជោគជ័យទៅបាន នឹងជួយកាត់បន្ថយគម្លាតរវាងកម្លាំងពលកម្មដែលមានជំនាញ ឱ្យឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ព្រមទាំងជួយលើកកម្ពស់ជីវភាពរបស់យុវជនក្រីក្រទាំងនោះឱ្យកាន់តែប្រសើរជាងមុន»។

ភាគីទាំងពីរក៏បានលើកឡើងពីការផ្ដល់អាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលីដល់និស្សិតកម្ពុជា ខណៈឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអូស្ត្រាលីលើការជួយផ្តល់អាហារូបករណ៍នេះដល់យុវជនកម្ពុជាផងដែរ។

ទន្ទឹមនេះ ភាគីទាំងពីរបានពិភាក្សាលើការបង្កើតតុលាការការងារ ដើម្បីធ្វើឱ្យមានភាពប្រសើរឡើងលើការដោះស្រាយទំនាស់ ឬការមិនចុះសម្រុងគ្នារវាងនិយោជក និងកម្មករនិយោជិត។ ត្រង់ចំណុចនេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ចំពោះការដោះស្រាយបញ្ហារបស់និយោជក និងកម្មករនិយោជិត កម្ពុជាបានបង្កើតក្រុមប្រឹក្សាអាជ្ញាកណ្ដាលមួយ ហៅកាត់ថា AC រួចមកហើយ ដើម្បីសម្រួលការដោះស្រាយទំនាស់វិវាទក្រៅប្រព័ន្ធតុលការ ហើយរាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ច្បាប់ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរួចមកហើយដែរ។ តែទោះជាយ៉ាងណា ការរៀបចំបង្កើតតុលាការការងារនៅតែមានការយកចិត្តទុកដាក់ និងឈានទៅការបង្កើតឱ្យបាននៅពេលខាងមុខ។

ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សាលើការកាត់បន្ថយ និងឈានទៅដល់ការហាមប្រាម ឬលុបបំបាត់នូវការប្រើប្រាស់សារធាតុអាបេស្តូសនៅកម្ពុជា។ ឯកឧត្តម ចាស្ទីន ខេវិន បានលើកឡើងថា នៅប្រទេសអូស្ត្រាលី សារធាតុអាបេស្តូសនេះគឺបង្កមហន្តរាយច្រើនណាស់ដល់កម្មករនិយោជិត ហើយនៅតែមានជនរងគ្រោះជាច្រើនទៀតដែលប៉ះពាល់សុខភាពដោយសារសារធាតុអាបេស្តូស។ ឆ្លើយតបនឹងការលើកឡើងនេះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានបញ្ជាក់ថា ក្រសួងការងារបាននិងកំពុងខិតខំធ្វើកិច្ចការនេះ ដើម្បីឈានដល់ការហាមប្រាមការប្រើប្រាស់សារធាតុអាបេស្តូសនៅត្រឹមឆ្នាំ២០២៥។ នៅចំពោះមុខ កម្ពុជាកំពុងបញ្ជ្រាបការយលដឹងឱ្យបានច្រើននៅតាមក្រសួង ស្ថាប័ន អង្គការដៃគូ សហគ្រាស សហគមន៍កម្មករនិយោជិតជាដើម។
ទន្ទឹមនិងនេះ ភាគីកម្ពុជា និងភាគីអូស្ត្រាលីក៏បានឯកភាពលើកិច្ចសហការទប់ស្កាត់ការបោកប្រាស់ទាក់ទាញពលករពីកម្ពុជាឱ្យទៅធ្វើការនៅប្រទេសអូស្ត្រាលីផ្នែកកសិកម្ម និងនេសាទ។

គួររំលឹកថា កន្លងមកក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: បានចេញសេចក្ដីជូនដំណឹងរួចហើយ អំពាវនាវសូមឱ្យ ប្រជាពលរដ្ឋប្រុងប្រយ័ត្នអំពើឆបោកដែលជនទុច្ចរិតដែលធានាផ្តល់ឱកាសការងារនៅប្រទេសអូស្រ្តាលី ដោយឱ្យប្រជាពលរដ្ឋបង់ប្រាក់ជាមុន  ដែលរហូតមកដល់ពេលនេះ កម្ពុជានិងអូស្រ្តាលីមិនទាន់មានកិច្ចសហប្រតិបត្តិការលើការបញ្ជូនពលករកម្ពុជាឱ្យទៅធ្វើការនៅប្រទេសអូស្ត្រាលីនៅឡើយទេ។ ឯកឧត្តមរដ្ឋមន្ត្រីបានក្រើនរំលឹកនិងអំពាវនាវសារជាថ្មីដល់ប្រជាពលរដ្ឋកម្ពុជាសូមកុំចាញ់បោកពួកមេខ្យល់ទាំងនោះ ហើយសូមចូលរួមសហការផ្តល់ព័ត៌មានដល់ក្រសួងបើសិនមានភ្នាក់ងារជ្រើសរើសណាមួយធ្វើការជ្រើសរើសនិងបញ្ជូនពលករធ្វើការនៅប្រទេសអូស្ត្រាលី៕

Tags

Comment