• Today: December 22, 2024

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញថ្លែង ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកោះកុង

ថ្ងៃពុធ ១ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង ជាទីគោរព! ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកបណ្ឌិត លោក លោកសី អភិបាលរងខេត្ត ឯកឧត្តម ប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញារ មេបញ្ជា បញ្ហាការកងកម្លាំងទាំងបី និងអស់លោក លោកស្រី គណៈអធិបតី ! អស់លោក លោកស្រី និងសមាជិក សមាជិកា នៃអង្គសន្និបាតទាំងមូល ជាទីមេតី !

ថ្ងៃនេះ នាងខ្ញុំមានសេចក្តីសោមន្សរីករាយក្រៃលែងដោយបានមកចូលរួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ ដែល យើងទាំងអស់គ្នាបានខិតខំអនុវត្តតាមចង្កោមវិស័យការងាររបស់ខ្លួន ហើយរួមគ្នាកំណត់ទិសដៅ សម្រាប់យកទៅអនុវត្តក្នុងឆ្នាំ២០២៣នេះ ឱ្យបានកាន់តែទទួលបានលទ្ធផលល្អប្រសើរ។ ក្នុងនាម ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងខ្លួននាងខ្ញុំផ្ទាល់ នាងខ្ញុំសូមស្វាគមន៍ យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំរដ្ឋបាល ក្រុង ស្រុក ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ថ្នាក់ដឹកនាំរដ្ឋបាលឃុំ សង្កាត់ និងថ្នាក់ដឹកនាំគ្រប់អង្គភាព ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ អង្គការ សមាគម និងវិស័យឯកជននានា ដែលបានឆ្លៀត ពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួម ក្នុងពិធី បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកោះកុង នាពេលនេះ។ ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំសូមថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារដោយបាន បំពេញតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយការយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំងបានចូលរួមចំណែកក្នុងកិច្ចសហការជាមួយរដ្ឋបាលខេត្ត រហូតសម្រេចបានសមិទ្ធផល ជាច្រើនគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០២២កន្លងទៅនេះ។ 

នាងខ្ញុំសូមយកឱកាសនេះ ជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិការនៃអង្គសន្និបាតទាំងមូលបានជ្រាបថា៖ ការរៀបចំសន្និបាតបូកសរុបការងារប្រចាំឆ្នាំនេះ គឺពិតមានសារៈសំខាន់ណាស់ ដើម្បីធ្វើការត្រួតពិនិត្យឡើងវិញលើការងារទាំងឡាយ របស់រដ្ឋបាលខេត្ត ដែលបានអនុវត្តក្នុងឆ្នាំ២០២២ និងប្រមូលធាតុចូលសំខាន់ៗដើម្បីជា មូលដ្ឋានបន្ថែម ក្នុងការដាក់ចេញនូវទិសដៅការងារសម្រាប់យកទៅអនុវត្តក្នុងឆ្នាំ២០២៣ នេះ ឱ្យកាន់តែទទួលបានជោគជ័យបន្ថែមទៀត។ ក្នុងដំណើរការសន្និបាតរបស់យើងនាពេលនេះ នឹងប្រព្រឹត្តទៅក្នុងរយៈពេល០១ថ្ងៃកន្លះ ពោលគឺ នៅថ្ងៃទី២២នេះ យើងរៀបចំមួយថ្ងៃពេញតែម្ដង ដោយក្នុងនោះយើងនឹងធ្វើការបែង ចែកក្រុមពិភាក្សាជា០៣ក្រុម ដើម្បីពិភាក្សាលើប្រធានបទសំខាន់ៗដែលពាក់ទៅនឹងការអនុវត្ត " គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដោយផ្តោតទៅលើការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ការជួញដូរមនុស្សគ្រប់ទម្រង់ និងការធ្វើអធិការកិច្ចអត្ថពលករបរទេស សំដៅប្រមូលធាតុចូលពីសមាជិក សមាជិកា នៃក្រុមពិភាក្សានីមួយៗ ដើម្បីជាមូលដ្ឋានសម្រាប់យកទៅអនុវត្តក្នុងឆ្នាំ២០២៣ នេះបន្តទៀត។

ឯកឧត្តម លោកជំទាវ ជាទីគោរព! លោក លោកស្រី និងអង្គពិធីទាំងមូល ជាទីមតី! ស្ថិតក្នុងដំណាក់កាលដែលប្រទេសកម្ពុជាយើង បានជួបនឹងវិបត្តិនៃជំងឺកូវីដ-១៩ និងពិភពលោកកំពុងជួបនឹងការកើនឡើងនៃភាពតានតឹង នៃភូមិសាស្ត្រនយោបាយ ដែលមិនទាន់មានការសម្របសម្រួលដោះស្រាយបានសមស្រប បានធ្វើឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខុមាលភាពប្រជាជន និងជីវភាពរស់នៅរបស់ប្រជាជន ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ក្រោមការ ដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ជាទីបំផុត អំពីសុខទុក្ខ និងការខ្វះខាត របស់ប្រជាពលរដ្ឋ ដោយបានដាក់ចេញនូវគោលនយោបាយគាំពារសង្គម តាមរយៈកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ជាដើម។ រាជរដ្ឋាភិបាលក្នុងអាណត្តិទី៦ ពិសេសក្នុងឆ្នាំ២០២២កន្លងទៅនេះ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ន ព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជាយើងទទួលបាននូវភាពជោគជ័យ និងការអភិវឌ្ឍ ជាច្រើនគួរជាទីមោទកៈ ក្នុងនោះចំណុចសំខាន់ៗរួមមាន ៖

-ការរក្សាបានសុខសន្តិភាព និងស្ថេរភាពនយោបាយ

-ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បានល្អប្រកបដោយសេរី យុត្តិធម៌និងគ្មានអំពើហិង្សា

-ការគ្រប់គ្រងជំងឺកូវីដ-១៩បានយ៉ាងល្អ តាមរយៈវិធានសុខាភិបាល និងការចាក់ ស្រោចវ៉ាក់សាំង តាមរយៈយុទ្ធសាស្ត្រផ្ការីក និងប្រភពផ្គត់ផ្គង់វ៉ាក់សាំង

-ការគ្រប់គ្រងសេដ្ឋកិច្ចបានល្អប្រសើរ ជម្នះនឹងវិបត្តិកូវីដ-១៩ និងវិបត្តិសង្គ្រាមនៅ អ៊ុយក្រែន

-ការអនុវត្តនយោបាយការបរទេសឈរលើភាពឯករាជ្យ ដោយផ្អែកលើច្បាប់អន្តរជាតិ និង ការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធក្នុងឆ្នាំ២០២២ ប្រកបដោយភាពជោគជ័យ គួរជាទីមោទកៈបំផុត។

ដោយឡែកសម្រាប់ឆ្នាំ២០២៣នេះ ប្រទេសកម្ពុជានឹងមានព្រឹត្តិការណ៍សំខាន់ៗចំនួន០២

ទី១៖ ការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលសម្តេចតេជោ មានបំណងរៀបចំទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ប្រកបដោយភាពកក់ក្តៅ បដិសណ្ឋារកិច្ចល្អ និងសេវាល្អសម្រាប់គ្រប់ប្រតិភូកីឡា និងភ្ញៀវ ជាតិ-អន្តរជាតិ ដើម្បីទទួលបានបទពិសោធន៍ល្អបំផុត ក្នុងការចូលរួមការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ។ គិតត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ គឺនៅសល់ តែ៤៤ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលនឹងប្រារព្ធពិធីបើកការប្រកួតនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

ទី២៖ ការត្រៀមលក្ខណៈសម្រាប់ការរៀបចំការបោះឆ្នោតដ៏សំខាន់មួយទៀតនោះគឺ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។ ពាក់ព័ន្ធទៅនឹងកិច្ចការងារដ៏មានសារសំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋចូលរួមបោះឆ្នោតនាពេលខាងមុខដ៏ខ្លីនេះ រដ្ឋបាលខេត្ត បានចេញសេចក្ដីជូន ដំណឹងលេខ០៨៩/២៣ ស.ជ.ណ ស្ដីពីការបន្តធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដោយ បានជម្រាបជូនដំណឹងដល់ លោកមេបញ្ជាការ លោក លោកស្រី ប្រធានមន្ទីរ អង្គភាព ស្រង់ឈ្មោះកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងក្រុមគ្រួសារសាច់ញាតិដែលមិនទាន់មាន ឬមាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផុតសុពលភាព គិតត្រឹមខែកក្កដា ឆ្នាំ២០២៣ ឱ្យបានច្បាស់លាស់ ហើយត្រូវបញ្ជូនទៅផ្នែកជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណថ្មី ឬបងប្អូនប្រជាពលរដ្ឋ ត្រូវស្នើសូមធ្វើលិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់ការបោះឆ្នោតដែលចេញដោយគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត(គ.ឃ.ស.ប) និងក្រុមប្រឹក្សាឃុំ សង្កាត់ (ក.ប.ឃ.ស) សម្រាប់យកទៅប្រើប្រាស់ និងបម្រើឱ្យការបោះឆ្នោតនាពេលខាងមុខ។

នៅពេលបន្តិចទៀតនេះ អង្គសន្និបាតនឹងបានស្ដាប់នូវរបាយការណ៍សង្ខេបស្តីពីលទ្ធផល ការងារប្រចាំឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ ដែលនឹងបង្ហាញពីសមិទ្ធិផលលើ គ្រប់វិស័យដែលរដ្ឋបាលខេត្តសម្រេចបាន ដែលត្រូវអានដោយលោកនាយករដ្ឋបាលសាលាខេត្ត និងការរាយការណ៍ដោយសង្ខេបអំពីការអនុវត្តគោលនយោបាយ "ភូមិ ឃុំ សង្កាត់ មាន សុវត្ថិភាព" ដោយលោកឧត្តមសេនីយ៍ទោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត។ តាមរបៀបវារៈនេះ យើងនឹងមានការបែងចែកក្រុមពិភាក្សា ដោយផ្តោតទៅលើ ប្រធានបទសំខាន់ៗពាក់ព័ន្ធទៅនឹងការអនុវត្ត"គោលនយោបាយ ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព" ដូចដែលនាងខ្ញុំបានជម្រាបជូនខាងលើ ដូច្នេះនាងខ្ញុំសូមសំណូមពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី នៃក្រុមពិភាក្សាទាំង០៣ក្រុម : មេត្តាចូលរួមផ្តល់មតិយោបល់ល្អៗ ដោយផ្ដោតជាសំខាន់ទៅលើបញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅដែលត្រូវអនុវត្តបន្ត សម្រាប់យកទៅអនុវត្តឱ្យបានល្អប្រសើរក្នុងឆ្នាំ២០២៣នេះ។ នាងខ្ញុំសង្ឃឹមថា បញ្ហាប្រឈមទាំងឡាយ ដែលមានក្នុងឆ្នាំ២០២២ នឹងដោះស្រាយបានដោយជោគជ័យបន្ថែមទៀតក្នុងឆ្នាំ២០២៣នេះ តាមរយៈការចូលរួមមតិយោបល់ របស់ឯកឧត្តម លោកជំទាវ លោក លោកស្រី និងការប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែងអនុវត្តការងារក្នុងឆ្នាំនេះ និងបណ្ដាឆ្នាំខាងមុខបន្តទៀត។

ជាទីបញ្ចប់ នាងខ្ញុំសូមប្រសិទ្ធពរជ័យ ជូន ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈអធិបតី ភ្ញៀវកិត្តិយស និងសមាជិក សមាជិកា នៃអង្គ សន្និបាតទាំងអស់ សូមទទួលបាននូវវិបុលសុខគ្រប់ប្រការ និងសូមឱ្យសន្និបាតរបស់យើង នាពេលនេះ ទទួលបានលទ្ធផលល្អប្រសើរ និងសូមប្រកាសបើកសន្និបាតបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកោះកុង ចាប់ពីពេលនេះតទៅ៕

Tags

Comment