• Today: December 22, 2024

«ទិវាយោគៈអន្តរជាតិលើកទី៩» រៀបចំប្រារព្វធ្វើមុខទីលានជល់ដំរី នៅតំបន់អង្គរខេត្តសៀមរាប ដើម្បីជម្រុញការផ្សព្វផ្សាយយុទ្ឋនាការឆ្នាំទស្សនាកម្ពុជា២០២៣

 


សៀមរាប៖ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ក្រសួងទេសចរណ៍កម្ពុជា និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ក្រោមកិច្ចគាំទ្រ និងសហការពី រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា បានរៀបចំព្រឹត្តិការណ៍ “ទិវាយោគៈអន្តរជាតិលើកទី៩” នៅទីលានជល់ដំរី នៃបរិវេណអង្គរធំក្នុងខេត្តសៀមរាប ដើម្បីជម្រុញការផ្សព្វផ្សាយយុទ្ឋនាការឆ្នាំទស្សនាកម្ពុជា២០២៣ និងក្រោមគោលបំណងដើម្បីហ្វឹកហាត់ផ្នែកផ្លូវកាយនិងផ្លូវចិត្តតាមបែបបុរាណ ហើយក៍ជាការរួមចំណែកលើកស្ទួយនូវសារសន្តិភាពពិភពលោក ស្របតាមគោលការណ៍របស់ឥណ្ឌា ពិភពលោកគឺជាគ្រួសារតែមួយ ។ 


លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប  បានចាត់ទុកការរៀបចំឱ្យមានព្រិត្តិការណ៍ “ទិវាយោគៈអន្តរជាតិលើកទី៩” នេះថាជាការរួមចំណែក ផ្សព្វផ្សាយចេញពីតំបន់អង្គររបស់យើងទៅកាន់ពិភពលោក ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាខេត្តសៀមរាប ពីព្រោះថាសៀមរាបជាតំបន់គោលដៅទេសចរណ៍លំដាប់ពិភពលោក ហើយវិស័យទេសចរណ៍នៅកម្ពុជា គឺជាកត្តាជំរុញដ៏សំខាន់មួយ ក្នុងចំណោមកត្តាជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដែលបន្តរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ បើទោះបីជាកម្ពុជា បានប្រកាសបើកប្រទេសឡើងវិញ និងបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរមុនគេក្នុងចំណោម ប្រទេសសមាជិកអាស៊ានក៏ដោយ។ 
លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានជឿជាក់ថា «ព្រឹត្តិការណ៍បែបនេះនឹងបន្តប្រារព្វធ្វើជារៀងរាល់ឆ្នាំនៅលើទឹកដីអង្គរជាបន្តទៀត»។
លោក គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានលើកឡើងថា «កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បាននាំមកនូវសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសការគ្រប់គ្រងជំងឺកូវីដ-១៩ ដោយជោគជ័យ ដែលជាគន្លឹះក្នុងការបើកប្រទេស និងស្តារសេដ្ឋកិច្ចឡើងវិញតាំងពីចុងឆ្នាំ២០២១។ ឆ្នាំ២០២៣ នេះ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិ និងទេសចរ ក្នុងស្រុក ចំនួន ១៩លាននាក់ ដែលនឹងនាំមកនូវចំណូលជាតិ ៤ពាន់លានដុល្លាអាមេរិក»។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបញ្ជាក់ទៀតថា «ទិវាយោគៈអន្តរជាតិ ត្រូវប្រារព្ធធ្វើឡើងជាលើកដំបូង នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៥ ដែលមានអ្នកចូលរួមរាប់លាននាក់ នៅទូទាំងពិភពលោក ហើយទិវានេះ ត្រូវបានធ្វើឡើងក្រោមប្រធានបទផ្សេងៗគ្នា ប្រធានបទឆ្នាំនេះ គឺមនុស្សជាតិ ក៏ដូចជាដើម្បីជម្រុញការផ្សព្វផ្សាយយុទ្ឋនាការឆ្នាំទស្សនាកម្ពុជា២០២៣ ផងដែរ ខណៈដែលការហាត់យោគៈ ត្រូវបានមនុស្សរាប់លាននាក់ នៅទូទាំងពិភពលោកទទួលស្គាល់ពីអត្ថប្រយោជន៍របស់វាហើយបានយកទៅអនុវត្តប្រចាំថ្ងៃរៀងៗខ្លួន»។
លោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា “យោគៈនេះ” មានដើមកំណើតនៅប្រទេសឥណ្ឌាហើយពាក្យថា “យោគៈ”មកពីពាក្យសំស្ក្រឹត មានន័យថា “ចូលរួម ឬរួបរួម” ដែលតំណាងឱ្យការសំយោគគ្នារវាងចិត្ត កាយ គំនិត និងសកម្មភាព ការអត់ធ្មត់ និងការពេញចិត្ត ភាពសុខដុមរមនារវាងមនុស្ស និងធម្មជាតិ ដែលជាវិធីសាស្ត្រដ៏បរិសុទ្ធចំពោះសុខភាព សុខុមាលភាព ធ្វើឱ្យល្អប្រសើរនូវសុខភាពផ្លូវកាយ ចិត្ត និងវិញ្ញាណ កាត់បន្ថយភាពតានតឹង និងជួយឱ្យខួរក្បាលដំណើរការបានល្អ ជួយធ្វើឱ្យមនុស្សមានភាពរហ័សរហួន និងមានថាមពល ផ្សព្វផ្សាយសន្តិភាព និងសុខភាពសាធារណៈនៅទូទាំងពិភពលោកជំរុញឱ្យមានការឯកភាព និងការស្រុះស្រួលគ្នានៅទូទាំងពិភពលោក ជំរុញឱ្យមានការយល់ដឹងពីអត្ថប្រយោជន៍នៃលំហាត់ប្រាណបែបយោគៈ ទទួលស្គាល់ថា យោគៈ ជាលំហាត់ប្រាណដ៏ល្អបំផុតនៅលើពិភពលោក៕

Tags

Comment