• Today: December 22, 2024

សមត្ថកិច្ចចម្រុះស្ទាក់ចាប់រថយន្តយីឌុប ០១គ្រឿងដឹកលៀសជិត ៤០តោន គ្មានលិខិតស្នាមយកមកផាកពិន័យតាមច្បាប់

 

កំពង់ឆ្នាំង៖ រថយន្តយីឌុប ភ្លៅ ០៥ មួយគ្រឿង ដែលធ្វើសកម្មភាពដឹកជញ្ជូនលៀស ប្រមាណ ៤០តោន ចេញពីស្រុកក្រគរខេត្តពោធិសាត់ ឆ្ពោះទៅក្រុងភ្នំពេញ គ្មានលិខិតស្នាម ត្រូវបានសមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំងស្ទាក់ចាប់យកមកទុកនៅមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដើម្បីអនុវត្តន៍តាមច្បាប់ស្តីពី ជលផល។ 


ករណីបង្ក្រាបបទល្មើសដឹកជញ្ជូនបទល្មើសផលនេសាទគ្មានការអនុញ្ញាត ខាងលើនេះ ធ្វើឡើងនៅយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៥ ក្រុង-ខេត្តកំពង់ឆ្នាំង។ ការបង្ក្រាបនេះ ធ្វើឡើងដោយមានកាសហការរវាងមន្ត្រីខណ្ឌរដ្ឋបាលជលផលជាមួយកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ជាអ្នកស្ទាក់ចាប់រថយន្តដឹកលាសនេះ។ 
ចំពោះរថយន្តដឹកលៀសត្រូវឃាត់ម៉ាក ហ៊ីយ៉ាន់ដា ភ្លៅ ៥ ពាក់ស្លាកលេខ ភ្នំពេញ 3B-8100 បានដឹកលៀសលៀសល្អិតល្អិត ដើម្បីយកទៅកិនធ្វើជាចំណីសត្វ ចេញពីស្រុកកគរ ខេត្តពោធិ៍សាត់ឆ្ពោះទៅទីក្រុងភ្នំពេញលុះមកដល់ក្រុងកំពង់ឆ្នាំង ត្រូវបានសមត្ថកិច្ចចម្រុះស្ទាក់ឃាត់ឆែកឆេររកលិខិតស្នាម ប៉ុន្តែម្ចាស់លៀសជាជនជាតិវៀតណាមគ្មានលិខិតអនុញ្ញាតឲ្យដឹកជញ្ជូនលៀសនោះឡើយ និងជារដូវបិទនេសាទផង រាល់ការដឹកជញ្ជូនផលនេសាទត្រូវតែមានលិខិតអនុញ្ញាត រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ។ 
តាមប្រជាពលរដ្ឋ បានរាយការណ៍ឲ្យដឹងថា នៅមាត់ទន្លេ ក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ក៏មានការដឹកជញ្ជូនលៀសឡើងរថយន្តធំៗនៅពេលយប់ផងដែរ ប៉ុន្តែមិនឃើញសមត្ថកិច្ចធ្វើការស្ទាក់ចាប់ផាកពិន័យដូចករណីខាងលើនេះទេ។ 
ដូច្នេះសូមសមត្ថកិច្ចពាក់ព័ន្ធមេត្តាជួយមានវិធានការផងដើម្បីកុំឲ្យពួកឈ្ងួញប្រព្រឹត្តបទល្មើសនេសាទតាមទំនើងចិត្តបំផ្លាញធនធានជលផលរបស់ជាតិ៕

Tags

Comment