• Today: December 22, 2024

ការធ្វើរបងថ្មហ៊ុំព័ទ្ធយកដីចំណីឆ្នេរនិងចាក់ដីចូលសមុទ្រធ្វើជាកម្មសិទ្ធិក្លាយជាប្រពៃណីទៅហើយនៅព្រះសីហនុ សំរាប់អ្នកមានលុយនឹងអំណាច


ខេត្តព្រះសីហនុ÷ យោងតាមសេចក្ដីរាយការណ៍ពី ប្រជាពលរដ្ឋ និងការចុះផ្ដិតយករូបភាពផ្ទាល់របស់ អ្នកសារព័ត៌មាន ស្ថិតនៅតំបន់ទំនប់រលករំដួលជើងភ្នំ ក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានក្រុមជនខិលខូចឱកាសនិយមបានលួចធ្វើរបងបេតុងគ្រឹះរឹងមាំហ៊ុំព័ទ្ធយកដីចំណីឆ្នេរ ចាក់គ្រឹះរៀបថ្មចូលក្នុងសមុទ្ររួចចាក់ដីបំពេញក្នុងសមុទ្ររំលោភកាន់កាប់ធ្វើជាកម្មសិទ្ធិឯកជនខណៈអាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធ ពុំទាន់មានចំណាត់ការអ្វី តាមផ្លូវច្បាប់នៅឡើយ។


សកម្មភាពខាងលើ គឺពួកគេសម្រុកចាក់ដីទាំងថ្ងៃទាំងយប់បានយ៉ាងរលូនដែលពុំមានការរំខានដល់អាជ្ញាធរមូលដ្ឋាន ឬមន្ត្រីជំនាញពាក់ព័ន្ធណាមួយឡើយ។ 
ការចាក់ដីយ៉ាងរលូនសម្រេចបាន១០០ភាគរយដែលមិនមានការរំខានពីសមត្ថកិច្ចនេះត្រូវបានគេសង្ស័យថា ម្ចាស់ទីតាំងខាងលើទំនងជាមានការបើកដៃគប់គិតគ្នាជាមួយ អាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ចពាក់ព័ន្ធ ហើយទើបបានគេអាចចាក់គ្រឹះរៀបខឿនថ្មចូល
ទៅក្នុងសមុទ្រ និងចាក់ដីបំពេញបានសម្រេចដោយរលូនយ៉ាងត្រជាក់ចិត្តបែបនេះ...។
ពាក់ព័ន្ធនឹងសកម្មភាពរំលោភយកសម្បត្តិសាធារណៈរបស់រដ្ឋយ៉ាងអនាធិបត្តេយ្យខាងលើលោក ឡុងឌីម៉ង់ អ្នកនាំពាក្យសាលាខេត្តនឹងជា អភិបាលរងព្រះសីហនុ អ្នកសារព័ត៌មានយើង  បានសុំការបំភ្លឺដែរ ដោយលោកចូលមើលហើយតែមិនឆ្លើយតប តាមប្រព័ន្ធTelegram  នៅរសៀលថ្ងៃទី 22 ខែមិថុនាឆ្នាំ 2023 នេះចំណែកលោក សេង សុខណាក់ អនុប្រធាន មន្ទីររៀបចំដែនដី នគរូបនីយកម្មសុរិយោដី និងសំណង់ ខេត្តព្រះសីហនុ មានប្រសាសន៍យ៉ាងខ្លីតាមប្រព័ន្ធទូរស័ព្ទថា «ខ្ញុំមិនដឹងទេបងបញ្ហាហ្នឹង...ពីព្រោះខ្ញុំមិនមែនជាអ្នកទទួលខាងសំណង់ទេ...»។ លោក ឈិត សុផាត ចៅសង្កាត់លេខ 1បានប្រាប់អ្នកសារព័ត៌មានថា ចាំលោកឱ្យមេភូមិ៣ ចុះទៅពិនិត្យទីតាំងខាងលើនេះ។ លោក ហេងវុទ្ធី មេភូមិបីបានឆ្លើយថាចំពោះទីតាំងខាងលើនេះខាងក្រុង។បានចុះទៅពិនិត្យពីរដងរួចហើយដែរ។តែរកម្ចាស់មិនឃើញ។
គួរបញ្ជាក់ថា ឆ្នេរសមុទ្រស្របតាមបណ្ដោយផ្លូវពី ក្រុងព្រះសីហនុ ឆ្ពោះទៅ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ចាប់ពីចំណុចរំដួលជើងភ្នំរហូតទៅដល់ រោងចក្រប្រេងកាត មានការរៀបរបងថ្មចាក់ដីចូលក្នុងសមុទ្រធ្វើជាកម្មសិទ្ធិ យ៉ាងអនាធិបតេយ្យ បំបាំងភ្នែក អាជ្ញាធរមូលដ្ឋានបានយ៉ាងរលូនល្អប្រសើបំផុត។

Tags

Comment