• Today: December 22, 2024

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អញ្ជើញដឹកនាំវេនប្រចាំបញ្ជារបស់លេខាធិការដ្ឋាន នៃ គ.ស.អ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣


ភ្នំពេញ៖     នៅព្រឹកថ្ងៃអង្គារ ២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣នេះលោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋាននៃគ.ស.អ  បានអញ្ជើញដឹកនាំវេនប្រចាំបញ្ជារបស់លេខាធិការដ្ឋាន នៃ.គ.ស.អ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។


នៅក្នុងឱកាសនេះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានលើកឡើងពីសភាពការណ៍សន្តិសុខ និងសណ្តាប់ធ្នាប់ ដំណើរទៅដោយល្អប្រសើរនាអំឡុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតតាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ដែលទាំងនេះមានការចូលរួមដោយផ្ទាល់របស់កម្លាំងនគរបាលគ្រប់គោលដៅទាំងអស់។
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានកោតសសើរកងកម្លាំងមានគ្រប់កងឯកភាពទាំងអស់ ដែលប្រចាំការទ្រសភាពការណ៍ និងសហការណ៍គ្នាបានយ៉ាងល្អ ហើយសូមបន្តខិតខំប្រឹងប្រែងការងារនេះកាន់តែខ្លាំងឡើងថែមទៀត ដើម្បីឲ្យដំណើរការសន្តិសុខ និងសណ្តាប់ធ្នាប់នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត និងថ្ងៃបោះឆ្នោតប្រព្រឹត្តទៅដោយជោគជ័យតបតាមការចង់បានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងប្រជាជនទាំងមូល។
យោងតាមសេចក្តីសម្រេច ស្តីពីការចាត់តាំងក្រុមប្រចាំបញ្ជារបស់លេខាធិការដ្ឋាន នៃគ.ស.អ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានភារកិច្ចដូចខាងក្រោម៖
* ជួយដល់លេខាធិការដ្ឋាន នៃ គ.ស.អ ក្នុងការតាមដានការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធដល់ការបោះឆ្នោត ការអនុវត្តបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប ទាំងមុន ក្នុង និងក្រោយការបោះឆ្នោត។
* ប្រមូលព័ត៌មាន និងរបាយការណ៍ពីបណ្តាក្រសួង-ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងពីយន្តការរចនាសម្ព័ន្ធ សន្តិសុខបោះឆ្នោតគ្រប់ថ្នាក់ ជុំវិញស្ថានការណ៍សន្តិសុខបោះឆ្នោត និងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពទូទៅ ដើម្បីរាយការណ៍ជូនប្រធានលេខាធិការដ្ឋាននៃ គ.ស.អ សុំការចង្អុលដឹកនាំបន្ត។
* តាមដាន ក្តាប់ព័ត៌មាន និងសភាពការណ៍នានា ដែលបានកើតឡើងនៅតាមបណ្តារាជធានី ខេត្តទាំងមុន ក្នុង និងក្រោយការបោះឆ្នោត ធ្វើការវិភាគ វាយតម្លៃ រាយការណ៍ដោះស្រាយបានទាន់ពេលវេលា។
* ធ្វើរបាយការណ៍រៀងរាល់ថ្ងៃ អំពីស្ថានការណ៍សន្តិសុខបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ជូនប្រធានលេខាធិការដ្ឋាន នៃ គ.ស.អ ដើម្បីរាយការណ៍ជូនប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត។

* ក្រុមប្រចាំបញ្ជានេះ ត្រូវបំពេញភារកិច្ចប្រចាំការប្តូរវេនវិលជុំ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ចប់បេសកកម្ម និងត្រូវបំពេញភារកិច្ចផ្សេងៗទៀត តាមការប្រគល់ជូនរបស់ប្រធានលេខាធិការដ្ឋាន នៃ គ.ស.អ៕

Tags

Comment