• Today: December 22, 2024

គ.ជ.ប៖ ការសាកល្បង និងបង្ហាញគុណភាពទឹកខ្មៅដែលបញ្ជាទិញពីក្រុមហ៊ុន MYSORE PAINTS & VARNISH នៃប្រទេសឥណ្ឌាសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត


ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅថា គ.ជ.ប បានបង្ហាញអំពីខ្មៅជ្រលក់ម្រាមដៃលប់មិនជ្រះដែលបានបញ្ជាទិញពីក្រុមហ៊ុន MYSORE PAINTS & VARNISH LTD របស់់ប្រទេសឥណ្ឌា ដើម្បីធ្វើការបង្ហាញពីគុណភាពល្អ ជាពិសេសភាពដិតខ្មៅជាប់នឹងស្បែកដៃ ក្រចក និងគល់ក្រចក ព្រមទាំងកម្រិតស្ងួតលឿនក្នុងបរិយាកាស មិនអាចលុបជ្រះភ្លាមៗបានឡើយសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត  និងធ្វើការសាកល្បងគុណភាពមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធ ក្រោមអធិបតីភាពឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ។


គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាទិញពីក្រុមហ៊ុន MYSORE PAINTS & VARNISH LTD របស់ប្រទេសឥណ្ឌា មានជំនាញផ្នែកផលិតទឹកខ្មៅលប់មិនជ្រះ និងបានបញ្ជាទិញ ចំនួន ៥ម៉ឺន ២ពាន់ដប សរុបតម្លៃជិត ១លានដុល្លារ។ 
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា មុននឹងបង្ហាញ និងផ្តល់ជូនភាគីពាក់ព័ន្ធចំពោះការសាកល្បងអំពីគុណភាពទឹកខ្មៅលុបមិនជ្រះនេះ ឯកឧត្តមបានជម្រាបជូនដល់អង្គពិធីអំពីគោលការណ៍នៃការប្រើប្រាស់ទឹកខ្មៅលុបមិនជ្រះនេះថា “ផ្អែកតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ទឹកខ្មៅលុបមិនជ្រះដែលអាចមើលឃើញច្បាស់ ត្រូវបានដាក់បញ្ញត្តិឱ្យប្រើក្នុងការបោះឆ្នោតសម្រាប់បង្ការការបោះឆ្នោតលើសពីមួយដង ពីព្រោះថាគោលការណ៍នៃការបោះឆ្នោតនៅកម្ពុជា គឺដោយ ស្មើភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត គឺបោះឆ្នោតបានតែមួយសន្លឹកប៉ុណ្ណោះ”។ 
ឯកឧត្តម ប្រាជ្ញ ចន្ទ បានឱ្យដឹងទៀតថា ដូច្នេះមិនខុសពីការបោះឆ្នោតនីតិកាលមុនៗ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នេះ គ.ជ.ប នៅតែបន្តរក្សាការប្រើប្រាស់ទឹកខ្មៅលុបមិនជ្រះ របស់ក្រុមហ៊ុន MYSORE PAINTS & VARNISH LTD. នៃប្រទេសឥណ្ឌា ដែលជាក្រុមហ៊ុនមាន       ឯកទេស ក្នុងការផលិតទឹកខ្មៅនេះ និងធ្លាប់បានផ្គត់ផ្គង់ជូន គ.ជ.ប រៀងរាល់ការបោះឆ្នោត ដែលអាចធានាបានពីគុណភាព និងសុវត្ថិភាពជូនដល់អ្នកបោះឆ្នោត ហើយក៏មានប្រទេសជាង ៣០ នៅលើសកលលោក បានប្រើប្រាស់ទឹកខ្មៅរបស់ក្រុមហ៊ុននេះ ដែលមានដូចជា ឥណ្ឌា(ខ្លួនឯង) កម្ពុជា ម៉ាឡេស៊ី នេប៉ាល់ អាហ្វិកខាងត្បូង ប៉ាគីស្ថាន និងអាហ្កានីស្ថាន...។ល។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានបញ្ជាក់បន្ថែមថា មុននឹងធ្វើការបញ្ជាផលិតជាផ្លូវការ នៅក្នុងចុងខែធ្នូ ឆ្នាំ២០២២ កន្លងមកនេះ គ.ជ.ប បានស្នើសុំគំរូទឹកខ្មៅលុបមិនជ្រះដើម្បីសាកល្បងគុណភាពជាមុនពីក្រុមហ៊ុន មានចំនួន ៤កម្រិត គឺ ៖ កម្រិតសូលុយស្យុងប្រាក់នីត្រាត ២៥% ,កម្រិតសូលុយស្យុងប្រាក់នីត្រាត ២០% ,កម្រិតសូលុយស្យុងប្រាក់នីត្រាត ១៨% និងកម្រិតសូលុយស្យុងប្រាក់នីត្រាត ១៥%។


មន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប បានធ្វើការសាកល្បង គំរូទឹកខ្មៅលុបមិនជ្រះដែលក្រុមហ៊ុនបានផ្តល់ជូនចំនួន ៤កម្រិតនេះឃើញថា ទឹកខ្មៅលុបមិនជ្រះ កម្រិតសូលុយស្យុងប្រាក់នីត្រាត ២០% មានគុណភាពល្អ ជាពិសេសភាពដិតខ្មៅជាប់នឹងស្បែកដៃ ក្រចក និងគល់ក្រចក ព្រមទាំងកម្រិតស្ងួតលឿនក្នុងបរិយាកាស មិនអាចលុបជ្រះភ្លាមៗបានឡើយ ហើយគុណភាពនេះប្រហាក់ប្រហែលនឹងគុណភាពទឹកខ្មៅលុបមិនជ្រះដែល គ.ជ.ប បានប្រើប្រាស់ក្នុងការបោះឆ្នោតកន្លងមក ដែលអាចធានាបានទាំងគុណភាពប្រើប្រាស់ និងអាចធានាបានទាំងសុខភាពរបស់អ្នកប្រើប្រាស់។
ឯកឧត្តម ប្រាជ្ញ ចន្ទ បន្តថា បន្ទាប់ពីសាកល្បងគុណភាពរួច នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣ គ.ជ.ប បានធ្វើការបញ្ជាផលិតជាផ្លូវការទៅក្រុមហ៊ុន MYSORE PAINTS & VARNISH LTD. នៃប្រទេសឥណ្ឌា នូវទឹកខ្មៅលុបមិនជ្រះ កម្រិតសូលុយស្យុងប្រាក់នីត្រាត ២០% ចំនួនសរុប ៥២,០០០ដប ក្នុង ១ដប ចំណុះ ៧០មីលីលីត្រ ដោយដបនីមួយៗរចនារាងខ្លីជាងមុន និងមានអេប៉ុងខាងក្នុងដប ដើម្បីឱ្យអ្នកបោះឆ្នោត ងាយស្រួលក្នុងការជ្រលក់ម្រាមដៃ។ ក្នុងគោលបំណងត្រួតពិនិត្យឱ្យកាន់តែច្បាស់លាស់ នៅក្នុងខែមេសា ឆ្នាំ២០២៣ នេះ គ.ជ.ប ក៏បានចាត់តាំងមន្ត្រីជំនាញទៅចូលរួមសង្កេតមើលខ្សែសង្វាក់នៃការផលិតទឹកខ្មៅនេះ នៅទីតាំងក្រុមហ៊ុនឯប្រទេសឥណ្ឌាផ្ទាល់តែម្តង។ ទឹកខ្មៅលុបមិនជ្រះនេះ មានសុពលភាព ៦ខែ គិតបន្ទាប់ពីការផលិត កាលបរិច្ឆេទប្រើចុងក្រោយ ខែវិច្ឆិកា ឆ្នាំ២០២៣។
សម្រាប់ទឹកខ្មៅជ្រលក់ម្រាមដៃលុបមិនជ្រះនេះ ត្រូវបានបែងចែកតាមគោលដៅប្រើប្រាស់ ដូចខាងក្រោម៖ ផ្តល់ជូនក្នុងមួយការិយាល័យបោះឆ្នោត ចំនួន ២ដប ,បម្រុងរក្សាទុកនៅគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត (គធ.ខប) ចំនួន ៨០០ដប ដើម្បីដោះស្រាយពេលមានតម្រូវការចាំបាច់ និងរក្សាទុកនៅ គ.ជ.ប មួយចំនួនទៀង។
ឯកឧត្តម ប្រាជ្ញ ចន្ទ បានបញ្ជាក់ថា ទឹកខ្មៅលុបមិនជ្រះដែលប្រើប្រាស់ក្នុងការបោះឆ្នោតនេះ ត្រូវបញ្ជាផលិតដោយចំណាយថវិកាសរុបចំនួន ៩៦៣,៣១០ ដុល្លារ ក្នុង ០១ដប ស្មើនឹង ១៧,៦៣ ដុល្លារ សរុបជាទឹកប្រាក់ចំនួន ៩១៦,៧៦០ ដុល្លារ តម្លៃសេវាដឹកជញ្ជូន និងធានារ៉ាប់រង ៤៦,៥៥០ ដុល្លារ។
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មុននឹងបង្ហាញការសាកល្បងគុណភាពទឹកខ្មៅលុបមិនជ្រះនេះ បានផ្តល់ពេលវេលាឱ្យឯកឧត្ដម លោកជំទាវ អស់លោកលោកស្រី អ្នកនាង កញ្ញា ដើម្បីលើកជាសំណួរប្រសិនបើមានចម្ងល់ពីបញ្ហាណាមួយជុំវិញប្រធានបទ នេះ និងសូមឱ្យអង្គភាពជំនាញត្រៀមរៀបចំបង្ហាញ និងផ្តល់ជូនការសាកល្បងគុណភាពទឹកខ្មៅជូនដល់គ្រប់ភាគីពាក់ព័ន្ធ៕

Tags

Comment