• Today: December 22, 2024

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀន ក្នុងចំនួន ៣៩៤ សំណុំរឿង ០៣ខេត្ត មានកំពង់ស្ពឺ កំពង់សោម និងកំពត នូវគ្រឿងញៀនប្រមាណជិត ៣ពាន់គីឡូក្រាម

ព្រះសីហនុ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរៀបចំពិធីដុតបំផ្លាញគ្រឿងញៀន ដែលជាវត្ថុតាងពាក់ព័ន្ធបទល្មើសគ្រឿងញៀន ចំនួន ៣៩៤ សំណុំរឿង មានទម្ងន់សរុបជិត ៣ពាន់គីឡូក្រាម ដែលស្ថិតក្នុងសាលាដំបូង ចំនួន ៣ខេត្ត មានខេត្តកំពង់ស្ពឺ កំពង់សោម និងខេត្តកំពត ដើម្បីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។ 

ការដុតបំផ្លាញគ្រឿងញៀនជាវត្ថុតាងដែលបង្ក្រាបខាងលើ ធ្វើឡើងនៅថ្ងៃសុក្រ ៤រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ នេះស្ថិតក្នុងដីឡូត៍មួយកន្លែង នៅចំណោតអូរត្រាវ ផ្លូវជាតិលខ៤ ក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ 

សម្រាប់ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ប្រារព្វធ្វើឡើងក្រោមប្រធានបទ “អ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការអប់រំ” ដែលត្រូវបានរៀបចំឡើងដោយសាលាខេត្តព្រះសីហនុ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។ 

កម្មវិធីនេះ ត្រូវបានធ្វើឡើងរួមជាមួយនឹងការដុតបំផ្លាញគ្រឿងញៀន និងសារធាតុញៀន សរុបប្រមាណជិត ៣តោន ដែលត្រូវបានរឹបអូសតាមអំណាចសាលក្រម សាលដីកាស្ថាពរលើសំណុំរឿងគ្រឿងញៀន ស្ថិតក្រោមសមត្ថកិច្ចនៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តចំនួន ៣ គឺ ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកំពង់ស្ពឺ។ 

កម្មវិធីនេះ ក៏មានការចូលរួមពីនាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ, លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ, ឯកឧត្តម លោកជំទាវ ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកំពង់ស្ពឺ, កងកម្លាំងប្រដាប់អាវុធ, មន្ត្រីរាជការនៃអង្គភាពដែលមានការពាក់ព័ន្ធ ព្រមទាំង សិស្ស និស្សិត និងក្រុមយុវជនប្រមាណជាង ៦០០នាក់ផងដែរ
  
ចំពោះគ្រឿងញៀនដែលត្រូវបានយកមកដុតបំផ្លាញក្នុងអង្គពិធីនេះ គឺត្រូវបានសម្រេចរឹបអូសបំផ្លាញចោលតាមរយៈសាលក្រម និងដីកាសម្រេចរបស់សាលាដំបូងខេត្ដព្រះសីហនុ, ខេត្ដកំពង់ស្ពឺ, ខេត្ដកំពត ដែលមានចំនួន ៣៩៤ សំណុំរឿង។ 

ក្នុងនោះចំពោះសាលាដំបូងខេត្ដព្រះសីហនុ មានចំនួន ៧១ សំណុំរឿង, សាលាដំបូងខេត្ដកំពង់ស្ពឺ មានចំនួន ២១៦ សំណុំរឿង និងសាលាដំបូងខេត្ដកំពត មានចំនួន ១០៧ សំណុំរឿង ដែលមានគ្រឿងញៀនសរុបទាំងអស់ជា ០១ (មួយ) ប្រភេទ មានទម្ងន់សរុបមានចំនួន  ២,១៥១,៩៤៨.៩ ក្រាម ស្មើនឹង ២,១៥១ (ពីរពាន់មួយរយហាសិបមួយ) គីឡូក្រាម និង ៤៩.៨ (សែសិបប្រាំបួន ក្បៀស ប្រាំបី) ក្រាម។ 

ក្រោយពីបានស្ដាប់របាយការណ៍របស់លោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ ជាតំណាងឱ្យគណៈកម្មការដុតបំផ្លាញគ្រឿងញៀន និងមតិសំណេះសំណាលរបស់នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្ដិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ រួចមកគណៈអធិបតីបានទៅកាន់ឡដុតបំផ្លាញគ្រឿងញៀនដែលបានរៀបចំតាមលក្ខណៈបច្ចេកទេសដោយមន្ត្រីជំនាញមន្ទីរពិសោធន៍អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ 

ជាចុងបញ្ចប់ ឯកឧត្តម លោកជំទាវ គណៈអធិបតី និងគណៈកម្មការបានយកភ្លើងចន្លុះដុតបញ្ឆេះវត្ថុតាងជាសារធាតុញៀនតែម្ដង៕

Tags

Comment