• Today: December 22, 2024

ឈ្វេងយល់អំពីវឌ្ឍនភាព នៃសមិទ្ធិផលផ្លូវជាតិលេខ១១ បាននឹងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងសម្រាប់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ

ព្រៃវែង៖ ផ្លូវជាតិលេខ១១ ដែលមានប្រវែងផ្លូវ ៩៦,៤៨ គីឡូម៉ែត្រ ចាប់ពីអ្នកលឿង ចំណុចប្រសព្វផ្លូវជាតិលេខ១ ខេត្តព្រៃវែង រហូតចំណុចបញ្ចប់ថ្នល់ទទឹង ដល់ចំណុចប្រសព្វផ្លូវជាតិលេខ៧ ខេត្តត្បូងឃ្មុំ ក្នុងទំហំទឹកប្រាក់គម្រោង ប្រមាណ ៩៨,៣៨លានដុល្លារអាមេរិក ដែលសាងសង់ដោយក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) បាននឹងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងសម្រាប់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។

ការស្តារឡើងវិនូវផ្លូវជាតិលេខ១១ នេះ បានបើកការដ្ឋានសាងសង់ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧

និងបានបញ្ចប់ការសាងសង់ នៅ១៧ ខែមិថុនា ឆ្នាំ២០២០ ដែលមានរយៈពេលសាងសង់ ៤៤ខែ ក៏ប៉ុន្តែការសាងសង់ ជាក់ស្តែងត្រឹមតែ ៣០ខែ ប៉ុណ្ណោះ គិតចាប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ និងបញ្ចប់នៅថ្ងៃ ទី១៧ ខែមិថុនា ឆ្នាំ ២០២០ លឿនជាងផែនការគ្រោងទុក ១៤ខែ។ 

តាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញថា គម្រោងនេះប្រើប្រាស់ទំហំទឹកប្រាក់គម្រោង ប្រមាណ ៩៨,៣៨លានដុល្លារអាមេរិក សាងសង់ដោយក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងមានការត្រួតពិនិត្យដោយ ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន។ 

សូមជម្រាបថា សមិទ្ធិផលនេះបាននឹងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងការដឹកជញ្ជូនគ្រប់ប្រភេទជាខ្សែផ្លូវតភ្ជាប់រវាងផ្លូវរបៀងសេដ្ឋកិច្ចពីរដ៏មានសក្តានុពលរបស់មហាអនុតំបន់ មេគង្គ រួមមាន៖ 

១- ផ្លូវអាស៊ានហាយវ៉េយ (AH1) តភ្ជាប់ពីព្រំដែនកម្ពុជា-ថៃ (ប៉ោយប៉ែត) តាមផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ១ ឆ្ពោះទៅកាន់ព្រំដែនកម្ពុជា-វៀតណាមនៅច្រកបាវិត ដែលភ្ជាប់ផ្លូវ ជាតិលេខ១១ ត្រង់ចំណុច អ្នកលឿង។ 

២- ផ្លូវអាស៊ានហាយវ៉េ (AH11) តភ្ជាប់ពីព្រំដែនកម្ពុជា-ឡាវ កាត់តាមផ្លូវជាតិ លេខ៧ ភ្ជាប់ទៅនឹងផ្លូវជាតិលេខ៦ ត្រង់ស្ពានព្រែកតាមាក់ ឆ្លងកាត់រាជធានីភ្នំពេញ និងចុះទៅកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ តាមផ្លូវជាតិលេខ៤។ សូមបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាពិសេសគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យព្រះរាជណាចក្រកម្ពុជាទទួលបានការរីកលូតទាំងផ្នែកសេដ្ឋកិច្ច សង្គម ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ និងស្ពានធំ ព្រមទាំងសមិទ្ធិផលជាច្រើនទៀត ក្រោមដំបូលសុខសន្តិភាព និងរក្សាបាននូវស្ថេរភាពនយោបាយតែម្តង៕

Tags

Comment