• Today: December 22, 2024

លោកជំទាវ យូ ស្រីលាភ ជាស្ត្រីខ្មែរ ០១រូប ក្នុងសកម្មក្នុងការងារមនុស្សធម៌ រហូតទទួលបានតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ ពីព្រះមហាក្សត្រ

ភ្នំពេញ៖ លោកជំទាវ យូ ស្រីលាភ ជាស្ត្រីខ្មែរ ០១រូប ដែលតែងតែចូលរួមសកម្មភាពមនុស្សធម៌ និងជាក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ក្នុងគម្រោងគាំពារទារកនៅកម្ពុជា បានចុះព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋ តាមតំបន់ជនបទដាច់ស្រយាល ត្រូវបានម្រមុខថ្នាក់ដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានទំនុកចិត្តបានក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើរអគ្គនាយក។ 

លោកជំទាវ យូ ស្រីលាភ បានចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌ និងការងារសង្គម ជួយសម្រួលការលំបាកនានារបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកនៅតាមជនបទ ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។ 

តាំងពីឆ្នាំ២០១៦ លោកជំទាវ យូ ស្រីលាភ បានចូលរួមផ្តួចផ្តើមឲ្យមានគម្រោងគាំពារទារកនៅកម្ពុជា ដោយធ្វើការសហការជាមួយក្រុមគ្រូពេទ្យ និងអ្នកជំនាញមកពីសហរដ្ឋអាមេរិក ចុះបណ្តុះបណ្តាលអំពីបច្ចេកទេសជួយសង្គ្រោះកុមារ ក្រោយពេលសម្រាលដល់គ្រូពេទ្យ  និងនាំយកម៉ាស៊ីនជំនួយដង្ហើមទារកក្រោយពេលសម្រាលជាច្រើនគ្រឿងផ្តល់ជូនដោយឥតគិតថ្លៃ តាមមណ្ឌលសុខភាព និងមន្ទីរពេទ្យ ជាច្រើនកន្លែងនៅកម្ពុជា។ 

ក្នុងនោះនៅខេត្តពោធិ៍សាត់ លោកជំទាវ យូ ស្រីលាភ បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយកាត់បន្ថយអត្រាស្លាប់របស់ទារកក្រោយពេលសម្រាលនៅកម្ពុជា។ 

គិតត្រឹមខែកក្កដា  ឆ្នាំ២០២៣ លោកជំទាវ យូ  ស្រីលាភ បានចូលរួមដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះធ្វើការពិនិត្យ ព្យាបាល វាស់ភ្នែក ផ្តល់ថ្នាំ និងផ្តល់វ៉ែនតាជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខេត្តពោធិ៍សាត់ ចំនួន ០៧លើក ក្នុងស្រុកវាលវែង ០៣លើក ,ស្រុកកណ្តៀង ០១លើក ,ស្រុកភ្នំក្រវាញ ០១លើក  និងស្រុកក្រគរចំនួន ០២លើក ដោយធ្វើការពិនិត្យព្យាបាលភ្នែក និងផ្តល់វ៉ែនតាជូនបងប្អូនប្រជាពលរដ្ឋ ដោយឥតគិតប្រាក់បានប្រមាណជិត ១ម៉ឺននាក់ ។ 

ក្រៅពីនោះ លោកជំទាវ យូ  ស្រីលាភ បានចូលរួមដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះធ្វើការពិនិត្យ ព្យាបាល វាស់ភ្នែក ផ្តល់ថ្នាំ និងផ្តល់វ៉ែនតាជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខេត្តបាត់ដំបង និងខេត្តកណ្តាល ជាច្រើនលើកច្រើនសារផងដែរ។ 

លោកជំទាវ យូ ស្រីលាភ បានផ្តល់ក្តីសង្ឃឹម និងស្នាមញញឹមជាថ្មី ជូនដល់លោកយាយ លោកតាចាស់ជរាជាប្រមាណជិត ២០០នាក់ ដែលមានបញ្ហាភ្នែកធ្ងន់ធ្ងរ អាចបណ្តាលឲ្យទៅជាពិការភ្នែក ដោយលោកជំទាវ បានចូលរួមដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ធ្វើការវះកាត់ជួយសង្គ្រោះបានយ៉ាងជោគជ័យផងដែរ ។ 

ហើយជានិច្ចជាកាល លោកជំទាវ យូ ស្រីលាភ និងគ្រួសារ តែងតែចុះសួរសុខទុក្ខ និងនាំយកសម្ភារៈសិក្សា ផ្តល់ជូនសិស្សានុសិស្ស នៅតាមសាលានានា នៅតាមទីជនបទទៀតផង៕

Tags

Comment