• Today: December 22, 2024

កម្លាំងចម្រុះចុះពិនិត្យវាស់វែងដីតំបន់៣ ដែលគេឈូសឆាយភ្ជួររាស់នៅក្នុងឃុំច្រណូក ស្រុកកំពង់លែងសរុបទំហំ ១៤៤ហិចតា និងកំពុងរៀបចំកសាង សំណុំរឿងបញ្ជូនទៅតុលាការ

 

ខេត្តកំពង់ឆ្នាំង ៖ ក្នុងមួយសប្តាហ៍កន្លងមកនេះកម្លាំងមានសមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំងបានសហការគ្នាចុះពិនិត្យស្រាវជ្រាវនិងវាស់វែងដីតំបន់៣និងជាដីព្រៃលិច ទឹកទុកឲ្យត្រីពងកូនដែលត្រូវជនសង្ស័យលបលួចចូលឈូសឆាយភ្ជួររាស់សរុបមានទំហំ១៤៤ហិចតា នៅក្នុងឃុំច្រណូក ស្រុកកំពង់លែង និងបានស្រាវជ្រាវមុខសញ្ញជនល្មើសនិងអ្នកពាក់ព័ន្ធដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។


    លោក ងិន ហ៊ុនប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ក្នុងរយះពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុមការងារសមត្ថកិច្ចចំរុះខេត្តកំពង់ឆ្នាំងបានចុះពិនិត្យស្រាវជ្រាវនិងវាស់វែងដីតំបន់៣ ដែលគេលួចឈូសឆាយភ្ជួររាស់នៅក្នុងតំបន់ព្រែកសាយឃុំច្រណូក ស្រុកកំពង់លែងចំនួន៥ ចំណុចដែលមានទំហំសរុបប្រមាណ ១៤៤ហិចតា នៅក្នុងទំហំដី តំបន់៣ របស់ខេត្តកំពង់ឆ្នាំងដែលមានសរុបជាង ៥ ម៉ឺនហិចតាដោយបានចុះបញ្ជីគ្រប់គ្រងរបស់រដ្ឋ ដែលរដ្ឋបានដក ហូតក្នុងអំឡុង ឆ្នាំ២០២១ កន្លងមក។ 
    លោកប្រធានមន្ទីរកសិកម្មខេត្តបានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងករណីនេះដែរសមត្ថកិច្ចចម្រុះក៏បានស្រាវជ្រាវរកឃើញជនសង្ស័យមួយចំនួនដែលពាក់ព័ន្ធនឹងករណីឈូសឆាយនេះនិងមន្ត្រីពាក់ព័ន្ធនៅពីក្រោយខ្នងមួយ ចំនួនទៀតនិងកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី។
    ប្រភពពីក្រុមការងារចម្រុះខេត្តបានមិនដឹងថា នៅក្នុងការចុះពិនិត្យស្រាវជ្រាវវាស់វែងដីតំបន់ ៣ នៅចំណុចដែលគេឈូសឆាយភ្ជួររាស់ខាងលើនេះ ក៏មានក្រុម ការងារអន្តរក្រសួងមកពីថ្នាក់ជាតិ មកចូលរួមពិនិត្យករណីនេះផងដែរ ដែលមានការបញ្ជាដោយផ្ទាល់ពីរដ្ឋមន្ត្រីក្រសួងកសិកម្មនិងពីប្រមុខរាជរដ្ឋាភិបាល (សម្ដេចតេជោ ហ៊ុនសែន)។
    ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់លែងបានឲ្យដឹងថា ករណីឈូសឆាយភ្ជួររាស់ដីតំបន់៣ ដែលរដ្ឋបានដកហូតនៅចំណុចខាងលើនេះ អ្នកលួចឈូសឆាយភាគច្រើនគឺជាឈ្មួញរកស៊ីទិញលក់ដីមិនមែនជាប្រជាពលរដ្ឋដែលធ្លាប់អាស្រ័យផលលើដីនេះពីមុន ឆ្នាំ២០២១នោះទេ។ មានន័យថាការលួចឈូសឆាយ ដីតំបន់៣ខាងលើនេះមានមន្ត្រីខិលខូចបើកដៃ ធ្មេចភ្នែកស៊ុំគ្រលំពីក្រោយខ្នង ព្រោះករណីឈូសឆាយខាងលើនេះគឺគេបានលួចធ្វើតាំងពីអំឡុងខែ ៤ខែ៥ឆ្នាំ២០២៣ នេះ ប៉ុន្តែបែរជាមន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋានធ្វើមិន ដឹងមិនឮ ហើយទើបភ្ញាក់ផ្អើលពេលក្រុមអ្នកកាសែតចុះទៅថតសាកសួរសម្ភាសន៍និងផ្សាយព័ត៌មាននៅថ្ងៃទី១៣ ខែកក្កដានេះ។ ដីតំបន់៣នៅចំណុចនេះកាលពី ១០ឆ្នាំមុនគឺជាព្រៃរនាមលិចទឹកជាសំបុកត្រីពងកូន ហើយក្រោយមកក៏មានការលួចចូលឆាយទន្ទ្រានយកកាន់កាប់ជាបន្តបន្ទាប់។
    លោកប្រធានមន្ទីរកសិកម្មខេត្តបានឲ្យដឹងថា ការទប់ ស្កាត់និងបង្ក្រាបករណីនេះរបស់ក្រុមសមត្ថកិច្ចចម្រុះខេត្ត ក៏មាន ការអបអរសាទរពីប្រជាពលរដ្ឋនៅក្នុងឃុំច្រណូកផងដែរ ខណៈដែលពួក គាត់ធ្លាប់អាស្រ័យផលលើដីនេះកន្លងមកមិនហ៊ានចូលកាន់កាប់ឡើយ តែបែជាមានពលរដ្ឋមួយចំនួនតូច,ឈ្មួញនិងមន្ត្រីខូចឆ្លៀត ឱកាសបែបនេះទៅវិញ។
     សូមបញ្ជាក់ថា កន្លងមកករណីបទល្មើសដីតំបន់៣ ជុំវិញបឹងទន្លេសាប,បទល្មើសនេសាទ,បទល្មើសព្រៃឈើ សម្ដេចតេជោបានដាក់បទបញ្ជាយ៉ាងតឹងរឹង បើមានកើតឡើងនៅតំបន់ស្រុកខេត្តណា អាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធ នៅក្នុងតំបន់នោះត្រូវទទួលខុសត្រូវចំពោះប្រមុខរាជរដ្ឋាភិបាល និងបើមានការពាក់ព័ន្ធនៅពី ក្រោយខ្នងនៃបទល្មើសនោះទៀត គឺប្រឈមនឹងការដកតំណែងជៀសមិនរួចឡើយ៕

Tags

Comment