• Today: December 22, 2024

នាយករដ្ឋមន្ត្រី នៃប្រទេសហ្គីណេប៊ីសាវ នឹងចូលរួមសង្កេតការណ៍ដោយផ្ទាល់ការបោះ ឆ្នោតសកលនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម នូណូ ហ្គូមេស ណាប៊ីអេម (Nuno Gomes Nabiam) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋហ្គីណេប៊ីសាវនឹងអញ្ជើញចូលរួមសង្កេតការណ៍ដោយផ្ទាល់ ការបោះឆ្នោតសកលនៅកម្ពុជាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ និងធ្វើការផ្លាស់ប្ដូរបទពិសោធន៍ស្តីពីការបោះឆ្នោត។ 

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបណ្តាញសារព័ត៌ MSJ ទទួលបាន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ នេះ។ 

ជាការឆ្លើយតបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម នូណូ ហ្គូមេស ណាប៊ីអេម(Nuno Gomes Nabiam) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋហ្គីណេប៊ីសាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។ 

ក្នុងអំឡុងពេលទស្សនកិច្ច ឯកឧត្តម នូណូ ហ្វូមេស ណាប៊ីអេ នឹងអញ្ជើញចូលជួប សម្ដែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងចូលរួមកម្មវិធីអាហារពេលល្ងាច ការងារដែលរៀបចំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី។ 

ជំនួបនេះនឹងផ្តល់ឱកាសសម្រាប់ថ្នាក់ដឹកនាំទាំងពីរ ធ្វើការពិភាក្សាលើប្រធានបទទ្វេភាគីមួយចំនួន រៀបចំផែនការសកម្មភាពនានា សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងផ្លាស់ប្តូរទស្សនៈ លើបញ្ហាតំបន់និងអន្តរជាតិ ដែលជាផលប្រយោជន៍និងក្តីបារម្ភរួម។ 

ជាមួយគ្នានេះ ឯកឧត្តម នូណូ ហ្គូមេស ប៊ីអេ ក៏នឹងជួបសន្ទនាផងដែរជាមួយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ 

ឯកឧត្តម នូណូ ហ្គូមេស ណាប៊ីអេម នឹងឆ្លៀតឱកាសនេះផងដែរ ចូលរួមសង្កេតការណ៍ ដោយផ្ទាល់ ការបោះឆ្នោតសកលនៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងធ្វើការផ្លាស់ប្ដូរបទពិសោធន៍ស្តីពីការបោះឆ្នោត។ 

ដំណើរទស្សនកិច្ចការងារជាលើកដំបូងរបស់ ឯកឧត្តម នូណូ ហ្គូមេស ណាវីអេម មកកាន់ កម្ពុជា គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់មួយ នៅក្នុងទំនាក់ទំនងជាមិត្តរវាងប្រទេសទាំងពីរ ព្រម ទាំងនឹងរួមចំណែកដល់ការពង្រឹងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អ ដើម្បីជាផល ប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ៕

Tags

Comment