• Today: December 22, 2024

អូរព្រំដែនក្បែរច្រកទ្វាអន្តរជាតិប៉ោយប៉ែត ក្លាយជាកន្លែងបោះកាកសំណល់ ធ្វើប៉ះពាល់បរិស្ថាន និងសោភ័ណភាពយ៉ាងខ្លាំង អាជ្ញាធរគ្មានវិធានការ

បន្ទាយមានជ័យ៖ អូរព្រំដែនក្បែរច្រកទ្វាអន្តរជាតិប៉ោយបែត បានក្លាយជាកន្លែងបោះចោលកាកសំណល់ ធ្វើឲ្យប៉ះពាល់បរិស្ថាន និងសោភ័ណភាពច្រកទ្វាអន្តរជាតិយ៉ាងខ្លាំង ប៉ុន្តែអស់លោកអាជ្ញាធរពាក់ព័ន្ធមិនយកចិត្តទុកដាក់យកភ្នែកមើល ឬមានវិធានការទប់ស្កាត់ទាល់តែសោះ។

 ក្រុមប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ចេញ-ចូលទឹកកម្ពុជា-ថៃ បានប្រាប់ឲ្យដឹងថា ពេលធ្វើដំណើរឆ្លងកាត់ព្រំដែនប៉ោយប៉ែត ពេលយើងក្រឡេកមើលទៅក្នុងអូរព្រំដែនក្នុងអូរស្ថិតខាងទឹករបស់ប្រទេសកម្ពុជា ឃើញមានកាកសំណល់ដែលត្រូវបានយកបោះចោលដែលធ្វើប៉ះពាល់បរិស្ថាន និងសោភ័ណភាពច្រកទ្វារអន្តរជាតិប៉ោយប៉ែតយ៉ាងខ្លាំង ប៉ុន្តែអស់លោកជាថ្នាក់ដឹកនាំក្រុងប៉ោយប៉ែត មន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេសមន្ត្រីដែលឈរជើងនៅច្រកទ្វាព្រំដែនអន្តរជាតិមួយនេះមិនខ្ចីយកភ្នែកមើល ឬមានវិធានការដើម្បីទប់ស្កាត់ឡើយ

 ប្រជាពលរដ្ឋ បានឲ្យទៀតថា ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ស្ថិតក្នុងសង្កាត់ក្បាលស្ពាន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺជាច្រកទ្វារអន្តរជាតិដ៏សំខាន់ ដែលមានភ្ញៀវជាតិ និងអន្តរជាតិ ឆ្លងកាត់ចេញ-ចូលជាហូរហែរ និងឃើញមានកាកសំណល់ដែលគេបោះចោលអូរព្រំដែនបង្អូតអ្នកដំណើរជាតិ អន្តរជាតិយ៉ាងស្រស់បំព្រង

 តាមប្រភពបានបញ្ជាក់ថា ចំពោះកាកសំណល់ដែលយកមកបោះចោលក្នុងអូរព្រំដែនជាក្រុមអ្នកយាមម៉ូតូនៅក្បាលស្ពានមិត្តភាពព្រំដែនកម្ពុជា-ថៃយកទៅបោះចោលទីនោះតែម្តង

 ក្រុមប្រជាពលរដ្ឋ ជាអ្នកធ្វើដំណើរឆ្លងកាត់ច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត បានសំណូមពរដល់មន្ត្រីដែលឈរជើងនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតគួរពិនិត្យ និងពិចារណា និងមានវិធានទប់ស្កាត់ការបោះចោលកាកសំណល់ក្នុងអូរព្រំដែនធ្វើប៉ះពាល់បរិស្ថាន និងសោភ័ណភាពនេះផងទាន!៕

Tags

Comment