• Today: December 22, 2024

នារីម្នាក់បើករថយន្តមួយគ្រឿងខ្វះការប្រុងប្រយ័ត្ន ជ្រុលល្បឿនទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង


ភ្នំពេញ ៖ នារីម្នាក់ បើករថយន្តព្រូស មួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលល្បឿនរេចង្កូត ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង។


   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង ០០ នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតតាមបណ្តោយមហាវិថីព្រះនរោត្តម ត្រង់ចំណុចស្តុបក្រសួងមហាផ្ទៃ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
   តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តព្រូសមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2BQ-3200 បើកបរដោយនារីម្នាក់ តាមបណ្តោយមហាវិថីព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ បើករថយន្តខ្វះការប្រុងប្រយ័ត្ន បានជ្រុលល្បឿន ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង ចំណែករបាំងថ្ម រងការខូចខាតបន្តិចបន្តួច តែមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ ។ បន្ទាប់ពីកើតហេតុ នារីជាអ្នកបើកបរបានចុះពីលើរថយន្តរួចដើរចេញពីកន្លែងកើតហេតុ បាត់ស្រមោល។
   ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញ បានចុះមកដល់ចំណុចកើតហេតុ រួចធ្វើការវាស់វែង យករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំការដោះស្រាយនៅពេលក្រោយ៕

Tags

Comment