• Today: December 22, 2024

គណបក្សខ្មែររួបរួមជាតិ ទទួលយកលទ្ធផលបោះឆ្នោតនីតិកាលទី៧ ឆ្នាំ២០២៣ ដែលប្រកាសជាផ្លូវការដោយ គ.ជ.ប និងស្នើដល់រាជរដ្ឋាភិបាលថ្មី បើកលម្ហលទ្ធិប្រជាធិបតេយ្យ ឲ្យទូលំទូលាយ


ភ្នំពេញ៖ គណបក្សខ្មែររួបរួមជាតិ ប្រកាសទទួលយកលទ្ធផលបោះឆ្នោត ដែលប្រកាសជាផ្លូវការ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅថា គ.ជ.ប និងសំណូមពរដល់រាជរដ្ឋាភិបាលថ្មី ដែលកើតចេញពីការបោះ ក្នុងការបើកលម្ហលទ្ធិប្រជាធិបតេយ្យ ឲ្យទូលំទូលាយ ករពង្រឹងការគោរពសិទ្ធិមនុស្ស ការពង្រឹងការបង្រួបបង្រួម និងផ្សះផ្សារជាតិ។
    យោងតាមសេចក្តីថ្លែងការណ៍ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ របស់គណបក្សខ្មែររួបរួមជាតិ បានបង្ហាញថា គណបក្សបានចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ហើយថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ សកម្មជន អ្នកគាំទ្រ ប្រជាពលរដ្ឋ បានចូលរួមសកម្មភាពជាច្រើនរបស់គណបក្សទាំងមុនយុទ្ធនាការ ទាំងអំឡុងពេលយុទ្ធនាការ។
    គណបក្សខ្មែររួបរួមជាតិ សង្កេតឃើញថា "ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ បានប្រព្រឹត្តទៅដោយសន្តិវិធី គ្មានអំពើហឹង្សា គ្មានអំពើចលាចល ណាមួយទេ ចាប់តាំងពីចាប់ផ្តើមយុទ្ធនាការ រហូតដល់ការបិទបញ្ចប់ការរាប់សន្លឹកឆ្នោត តាម ការិយាល័យបោះឆ្នោត"។

    គណបក្សខ្មែររួបរួមជាតិ ទទួលយកលទ្ធផលបោះឆ្នោត ដែលប្រកាសជាផ្លូវការដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣។ គណបក្ស ខ្មែររួបរួមជាតិ មានការខកចិត្ត និងសោកស្តាយ ដែលទទួលបានសំឡេងឆ្នោតមិនគ្រប់គ្រាន់ ដើម្បីបានអាសនៈនៅរដ្ឋសភា ទោះបីមានសកម្មភាព និងការចូលរួមយ៉ាងច្រើនកុះករ ពីប្រជា ពលរដ្ឋក្តី។
   គណបក្សខ្មែររួបរួមជាតិ សំណូមពរដល់រាជរដ្ឋាភិបាលថ្មី ដែលកើតចេញពីការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជួយជំរុញបន្ថែមទៀត ក្នុងការបើកលម្ពលទ្ធិប្រជាធិបតេយ្យ ឲ្យទូលំទូលាយ ការពង្រឹង ការគោរពសិទ្ធិមនុស្ស ការពង្រឹង ការបង្រួបបង្រួម ផ្សះផ្សារជាតិ តាមស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១៕


Tags

Comment