• Today: December 22, 2024

ទីបំផុត ប្រពន្ធតារាកំប្លែងនាយពែកមី បានទទួលសំណងពីម្ចាស់មជ្ឈមណ្ឌលកែរក្សាសម្ផស្ស “S88 Beauty” ហើយ!


ភ្នំពេញ៖ តារាកំប្លែងនាយពែកមី នៅមុននេះបន្តិច បានឱ្យដឹងថា ប្រពន្ធរបស់ទទួលបានសំណងពីម្ចាស់មជ្ឈមណ្ឌលថែរក្សាសម្ផស្ស “S88 Beauty” ហើយតាមបណ្តឹងរបស់លោក ខណៈស្ថានភាពជំងឺប្រពន្ធរបស់នាយពែកមីបានធូស្បើយច្រើន និងអាចចេញពីមន្ទីរក្នុងរយៈពេល ២ ឬ ៣ថ្ងៃ ខាងមុខទៀតនេះ។
   តារាកំប្លែងនាយ ពែកមី នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា “ខ្ញុំ និងប្រពន្ធបានទទួលសំណងពីម្ចាស់ហាង «S88 Beauty» តាមពាក្យបណ្ដឹងរបស់ខ្ញុំហើយ”។ នាយពែកមី សរសេរទៀតថា “អរគុណបងប្អូនទាំងអស់គ្នាដែលបារម្ភ និងជូនពរប្រពន្ធខ្ញុំ»។ 
   សូមរំឥឭកថា នៅវេលាម៉ោងជាង ១រសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ ស្ត្រីរងគ្រោះមានឈ្មោះ ជា សុធីម អាយុ ៤០ឆ្នាំ ស្នាក់នៅផ្ទះលេខ14Eo ផ្លូវជាតិ៥ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវជាប្រពន្ធរបស់លោក ចែម ចាន់រ៉ា ហៅ នាយពាក់មី ជាតារាកំប្លែង និងសម្តែងដ៏ល្បីល្បាញក្នុងវិស័យសិល្បៈប្រចាំកម្ពុជា បានចូលទៅទទួលសេវាកែសម្ផស្សព្យូស៊ីរ៉ូមឱ្យស្បែកស ស្ទីមជែល និងម៉ាស្សា នៅហាងកែសម្ផស្ស យីហោ “S88 Beauty ផ្សារធំថ្មី” មានទីតាំងនៅផ្ទះលេខ ១១០A ផ្លូវលេខ៥៣  សង្កាត់ផ្សារថ្មី៣  ខណ្ឌដូនពេញ  រាជធានីភ្នំពេញ ប៉ុន្តែក្រោយពីចេញផ្ទះកើតមានអាការៈចុងដើមទ្រូង ក្អួតចង្អោ និងរាករុសធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រភ្លាមៗ។
   ក្រោយពេលកើតហេតុ នាយពែកមី បានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរមានសមត្ថកិច្ចជួយអត្តរាគមន៍ ដើម្បីស្វែងរកយុត្តិធម៌ លុះនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ តំណាងអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះដោយប្រើរយៈពេលជាង ៣ម៉ោង ក្នុងនាំខ្លួនម្ចាស់ហាងកែសម្ផស្ស “S88 Beauty” មកសាកសួរនៅអធិការដ្ឋានខណ្ឌដូនពេញ។
   សូមជម្រាប់ថា ក្រោយពីមានការព្យាបាល និងកែសម្ផស្សបណ្តាលឱ្យអតិថិជនមានបញ្ជាសុខភាពធ្ងន់ ក្រសួងសុខាភិបាលបានសហការជាមួយអភិបាលរាជធានី-ខេត្ត បានរកឃើញថា ម្ចាស់ហាងកែសម្ផស្សមួយនេះ បានលួចបើកជាច្រើនកន្លែងដោយមន្ត្រីជំនាញបានសម្រេចបិទសាខាមជ្ឈមណ្ឌលកែសម្ផស្ស យីហោ “S88 Beauty” ចំនួន ១១កន្លែង និងបន្តស្រាវជ្រាវបន្ថែមទៀតផងដែរ។
   ពាក់ព័ន្ធករណីមជ្ឈមណ្ឌលថែរក្សាសម្ផស្ស “S88 Beauty” ផ្តល់សេវាជួនអតិថិជនខុសបច្ចេកទេសបង្កឱ្យប៉ះពាល់សុខភាពបែបនេះ ក្រសួងសុខាបាលកម្ពុជា អះអាង ថានឹងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការស្របតាមច្បាប់ជាធរមាន៕

Tags

Comment