• Today: December 22, 2024

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវបង្កើនការតាមដាន នៃការវិវឌ្ឍប្រែប្រួលសភាពការណ៍ក្នុងតំបន់ និងអន្តរជាតិ

កំពង់ស្ពឺ៖ ឯកឧត្តម សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកយ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ក្នុងសាលប្រជុំសាលាខេត្តកំពង់ស្ពឺ និងអ្នកចូលរួមជាមន្ត្រីស្ថាប័ន មន្ទីរ និងអាជ្ញាធរស្រុក ក្រុង មន្ត្រីប៉ុស្តិរដ្ឋបាលជិត៣០០នាក់។

ឯកឧត្តម សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវបង្កើនការតាមដាន នៃការវិវឌ្ឍប្រែប្រួលសភាពការណ៍ក្នុងតំបន់និងអន្តរជាតិព្រមជាមួយការពង្រឹងការគ្រប់គ្រងសភាពការណ៍ផ្ទៃក្នុងឱ្យបានល្អប្រសើរ។

លោកអភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ក្នុងឆ្នាំ២០២៣ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បានធ្វើឱ្យបទល្មើសមានការថយចុះ ខណៈលទ្ធផលបង្ក្រាបបទល្មើសនៅទូទាំងខេត្ត មានកម្រិតខ្ពស់គួរឱ្យកត់សម្គាល់។ 

លោក វ៉ី សំណាង បានបញ្ជាក់យ៉ាងដូច្នេះថា កម្លាំងនគរបាលជាតិ និងរដ្ឋបាលគ្រប់ថ្នាក់នៅមូលដ្ឋាន គឺបានបន្តបង្កើនកិច្ចសហការក្នុងការថែរក្សាសណ្ដាប់ធ្នាប់ និងសុវត្ថិភាពក្នុងសង្គម តាមរយៈការលើកកម្ពស់វិធានការជំនាញ ដើរទន្ទឹមនឹងការខិតខំជំរុញឱ្យមានការចូលរួម ពីសំណាក់ប្រជាពលរដ្ឋនៅក្នុងការអនុវត្តគោលនយោបាយ ភូមិឃុំ សង្កាត់ មានសុវត្ថិភាព ដែលធ្វើឱ្យបទល្មើសមានការថយចុះជាមួយនឹងលទ្ធផលបង្ក្រាបបទល្មើសមានកម្រិតខ្ពស់។ លោកបានបន្តទៀតថា នៅក្នុងឆ្នាំ២០២២ រាជរដ្ឋាភិបាល បានដាក់ចេញ និងអនុវត្តនូវយុទ្ធនាការប្រតិបត្តិការព្រមៗគ្នា ដើម្បីបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ប្រតិបត្តិការចុះធ្វើអធិការកិច្ច ហត្ថពលកម្មបរទេស ប្រតិបត្តិការប្រយុទ្ធប្រឆាំងសកម្មភាពលាងសម្អាតប្រាក់ ការបន្តអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្រុមក្មេងទំនើងតាមសហគមន៍ រួមទាំងបទល្មើសផ្សេងៗទៀតក៏ត្រូវបានចាត់តាំង អនុវត្តយ៉ាងសកម្មផុលផុសសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។ 

ឯកឧត្តម សំរិទ្ធិ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជំរុញឱ្យមន្ត្រីគ្រប់ផ្នែក បន្តពង្រឹង សកម្មភាពរៀងៗខ្លួន ដើម្បីកាត់បន្ថយផលប៉ះពាល់មកលើសុខភាពសាធារណៈ ជាពិសេសចូលរួមបម្រើផលប្រយោជន៍ពលរដ្ឋ បើទោះជាការងារដែលសម្រេចបានមានលទ្ធផលល្អយ៉ាងណាក៏ដោយ។ ឯកឧត្តមបានបន្តទៀតថា បញ្ហាប្រឈមមកលើសភាពការណ៍ នយោបាយ សេដ្ឋកិច្ចសង្គម និងសន្តិសុខជាសកល គឺបានបង្កឱ្យមានការព្រួយបារម្ភអំពីការកើនឡើងនូវអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ការរីករាលដាលនៃបទល្មើសបច្ចេកវិទ្យា គួបផ្សំនឹងការបន្តកើតឡើងនូវបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ជាពិសេសបទល្មើសដែលធ្វើឱ្យប៉ះពាល់ដល់ចិត្តសាស្ត្រសង្គម បទល្មើសគ្រឿងញៀន អំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ គ្រោះថ្នាក់ចរាចរណ៍។ 

ឯកឧត្តម សំរិទ្ធ ឌី បានបន្ថែមថា ការងារទាំងអស់នេះ ទាមទារឱ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវបង្កើនការតាមដាន នៃការវិវឌ្ឍប្រែប្រួលសភាពការណ៍ក្នុងតំបន់ និងអន្តរជាតិ ព្រមជាមួយការពង្រឹងការគ្រប់គ្រងសភាពការណ៍ផ្ទៃក្នុង សំដៅដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្រ និងវិធានការនានាប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ សុវត្ថិភាពសង្គម ឱ្យបានល្អប្រសើរ និងការបង្កបរិយាកាសអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាបន្តទៀតផងដែរ៕

Tags

Comment