• Today: December 22, 2024

ផ្អាកការងារបណ្ដោះអាសន្ន ចំពោះមន្ត្រីនគរបាល ចំនួន ០៣រូប ដែលអនុវត្តការងារផ្ទុយពីច្បាប់ ត្រូវជាប់ចោទពីបទ “កំហែងយកប្រាក់ពីអ្នកបើកបររថយន្តជនជាតិចិន”

ភ្នំពេញ៖ ក្រុមមន្ត្រីនគរបាលចរាចរាណ៍ប្រចាំគោលដៅស្តុបវត្តស្លែង ផ្លូវជាតិលេខ៣ កែងផ្លូវ ៦០ម៉ែត្រ ត្រូវបានស្នងការនគរបាលរាជធានីភ្នំពេញ ចេញលិខិតបង្គាប់ការផ្អាកការងារបណ្ដោះអាសន្ន ដោយសារពាក់ព័ន្ធករណីអនុវត្តតួនាទីភារកិច្ចផ្ទុយពីផ្លូវច្បាប់ តាមរបៀបត្រីងាតឈ្លាតពង កំហែងយកប្រាក់ពីអ្នកបើកបររថយន្តជនជាតិចិន

 យោងតាមលិខិតបង្គាប់ការ លេខ០៤៨ ល.ប.ក ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣នេះ ដែលអង្គភាពយើងទទួលបាន នៅថ្ងៃទី១០ ខែសីហានេះ របស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង ជាស្នងការនគរបាលរាជធានីភ្នំ បានឲ្យដឹងថា ត្រូវបានផ្អាកការងារបណ្ដោះអាសន្នចំពោះមន្ត្រីនគរបាល ចំនួន ០៣នាក់ ចំណុះការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោក ដោយមូលហេតុ កំហែងយកប្រាក់ពីអ្នកបើកបររថយន្តជនជាតិចិន

 ចំពោះមន្ត្រីនគរបាលចរាចរណ៍ទាំង ០៣រូប មានឈ្មោះ ដូចខាងក្រោម៖

  ទី១- លោកអនុសេនីយ៍ឯក សុខ គឹមលី អត្តលេខ ៨០០៨០ ឋានៈនាយរងផ្នែក។

  ទី២- លោកអនុសេនីយ៍ឯក សួន ផាន់ណា អត្តលេខ ៨៦៤២៩ ឋានៈនាយរងផ្នែក ។

  ៣-លោកអនុសេនីយ៍ឯក លន លីហូវ អត្តលេខ ៨៩៧៣៧ ឋានៈមន្ត្រី ។

 ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សាមីខ្លួនត្រូវមកបង្ហាញមុខនៅការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា រៀងរាល់ម៉ោងធ្វើការ ដើម្បី កែប្រែកំហុសឆ្គង និងរង់ចាំការសម្រេចជាថ្មី ក្នុងករណីសាមីខ្លួនមិនមកបង្ហាញមុខ លោកនាយការិយាល័យ ត្រូវធ្វើរបាយការណ៍មកការិយាល័យបុគ្គលិក ដើម្បីមានវិធានការបន្ត

 លោកស្នងការរងផែនការងារសេនាធិការ លោកស្នងការរងផែនការងារធនធានមនុស្ស លោកស្នងការរង ផែនការងារនគរបាលចរាចរណ៍ផ្លូវគោក លោកនាយការិយាល័យបុគ្គលិក លោកនាយការិយាល័យ អន្តរាគមន៍ និងតម្រួតបទបញ្ជាលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងអស់លោក ដែលមានឈ្មោះត្រូវអនុវត្តតាមលិខិតបង្គាប់ការនេះ ចាប់ពីថ្ងៃចុះហត្ថលេខាត។

 សូមជម្រាបថា កាលពីសប្តាហ៍មុនមានការបែកធ្លាយករណីជនជាតិចិនម្នាក់ បើករថយន្តរថយន្តដឹកស្ត្រីជាប្រពន្ធ ធ្វើដំណើរតាមផ្លូវជាតិលេខ៣ ទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ពេលមកដល់ភ្លើងស្តុបវត្តស្លែង ត្រូវបានមន្ត្រីនគរបាលចរាចរណ៍ដែលឈរជើងនៅគោលដៅនោះឃាត់រថយន្តសួរនាំរកលិខិតស្នាម ដោយសារល្មើសច្បាប់ចរាចរណ៍។ ដោយសារខ្លាចជូនប្រពន្ឋឡើងយន្តហោះមិនទាន់ ជនជាតិចិនបានសុំសម្រួលឲ្យលុយចាប់ពី ១០០ដុល្លារ រហូតដល់ ៣០០ដុល្លារ ប៉ុន្តែក្រុមនគរបាលចរាចរប្រចាំការនៅគោលដៅនោះមិនព្រមទទួលយកឡើយ ទើបសម្រេចចិត្តសុំតម្កល់លុយចំនួន ១មុឺនដុល្លារ ទុកនៅមន្ត្រីនគរបាលដើម្បីជូនប្រពន្ធឡើងយន្តហោះសិន ទើបត្រលប់មកដោះស្រាយគ្នាតាមផ្លូវច្បាប់វិញ។

 ជនជាតិចិនរូបនោះ បន្ទាប់ជួនប្រពន្ធឡើងយន្តហោះរួចរាល់ក៏ត្រឡប់មកគោលដៅនគរបាលចរាចរណ៍ខាងលើ ប៉ុន្តែមន្ត្រីទាំងនោះបានរើចេញបាត់អស់ ទើបមានការឆោឡោប្តឹងទៅអគ្គស្ថានទូតចិនប្រចាំនៅកម្ពុជា សុំការជួយអន្តរាគមន៍រកយុត្តិធម៌។ បន្ទាប់មកស្ថានទូតចិន ក៏សុំអន្តរគមន៍បន្តទៅអគ្គស្នងការនគរបាលជាតិ ទើបមានបទបញ្ជាពីឯកឧត្តម នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឲ្យស្នងការរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការរាជធានីភ្នំពេញ បើកការស៊ើបអង្កេតភ្លាមៗឈានដល់ការឃាត់ខ្លួនមន្ត្រីនគរបាលចរាចរ និងមន្ត្រីកិច្ចសន្យា ចំនួន ០៩នាក់ ដើម្បីស្រាវជ្រាវរកការពិត។

 បចុប្បន្ន មន្ត្រីនគរបាលចរាចរណ៍ទាំង ០៣រូប មាននាយផ្នែក ០២រូប និងមន្ត្រី ០១រូបត្រូវបានផ្អាកការងារបណ្ដោះអាសន្ន និងអនុវត្តន៍និតិវិធីតាមផ្លូវច្បាប់ពីបទ កំហែងយកប្រាក់ពីអ្នកបើកបររថយន្តជនជាតិចិន

Tags

Comment