• Today: December 22, 2024

អាជ្ញាធរខេត្តសៀមរាប បន្តដឹកនាំប្រជាពលរដ្ឋ និងប្រជាការពារភូមិ ស្តារស្ទឹងសៀមរាបបន្ថែមទៀត

ខេត្ត​សៀមរាប​៖​ រដ្ឋបាលខេត្ត​សៀមរាប​ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ​ បានឱ្យដឹងថា​ នេះជាថ្ងៃទីពីរដែលអាជ្ញាធរក្រុង​ និងអាជ្ញាធរសង្កាត់បានដឹកនាំប្រជាពលរដ្ឋ​និងប្រជាការពារភូមិបន្តស្តារស្ទឹងសៀមរាបបន្ថែមទៀត។

 សូមជម្រាបជូនថា​ អាជ្ញាធរក្រុង​ និងអាជ្ញាធរសង្កាត់​ បានដឹកនាំប្រជាពលរដ្ឋ​និងប្រជាការពារភូមិមកពីបណ្តាសង្កាត់ចំនួន៧ បានរួមស្តារស្ទឹងសៀមរាបឱ្យមានសោភ័ណភាពល្អប្រសើរឡើងវិញ បន្ទាប់ពីមានការកកស្ទះនូវចក កំប្លោក សារាយចាប់ពីចំណុចស្ពានថ្ម(អតីតមន្ទីរទេសចរណ៍)រហូតដល់ស្ពានអាងក្រពើ។ ការកកស្ទះទាំងនេះ បណ្តាលពីមកការបិទចរន្តទឹកហូរចេញ និងចរន្តហូរចូល ដើម្បីចៀសវាងផលប៉ះនៃការអនុវត្តគម្រោងស្តារស្ទឹងជំហាន២ ដែលកំពុងនឹងដំណើរការ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៤។ ការបិទចរន្តទឹកនេះ បណ្តាលឱ្យកើនឡើងនូវ ចក កំប្លោក សារាយយ៉ាងច្រើន ជាហេតុធ្វើឱ្យផែនការសំអាតកន្លងមកមិនអាចឆ្លើយតបបាន។

 ជាមួយគ្នានោះ​ រដ្ឋបាលខេត្ត បានណែនាំដល់រដ្ឋបាលក្រុងបន្តយកចិត្តទុកដាក់ចំពោះការសំអាតនេះ ក្នុងករណីលើសផែនការគ្រោងទុក រដ្ឋបាលក្រុង និងរដ្ឋបាលសង្កាត់ ត្រូវកៀងគរការចូលរួមពីប្រជាការពារ និងប្រជាពលរដ្ឋស្ម័គ្រចិត្តចូលរួមសំអាត ដើម្បីលើកកំពស់សោភ័ណភាព រហូតដល់ការស្ថាបនាដងស្ទឹងត្រូវបានបញ្ចប់ ហើយទឹកស្ទឹង ត្រូវបានបើកចរន្តទឹកហូរជាប្រក្រតីឡើងវិញ៕

Tags

Comment