• Today: December 22, 2024

ប្លែកៗរហូត! កម្លាំងប៉េអឹមលើផ្ទៃប្រទេសបង្ក្រាបដេប៉ូចែកចាយស្រាបៀរ គ្រុឌ ដោយសារដកយករង្វាន់ចេញ និងវេចខ្ចប់ឡើងវិញ រួចលក់ក្នុងតម្លៃទាបជាងទីផ្សារ


ភ្នំពេញ៖ វាពិតជារឿងគួរឲ្យហួសថ្លែង ដែលម្ចាស់ដេប៉ូចែកចាយផលិតផលស្របៀ គ្រុឌ របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ឯ.ក បានប្រើល្បិចហែកកែសស្រាបៀដកយកកំប៉ុងដែលមានវង្វាន់ចេញអស់វេចខ្ចប់ឡើងវិញ ដាក់លក់ក្នុងតម្លៃថោកជាងទីផ្សារ រហូតដល់បែករឿងកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេសចុះបង្ក្រាប និងដកហូតវត្ថុតាងស្រាបៀជាច្រើនកែស។
   ការចុះបង្ក្រាបទីតាំងស្តុប និងដេប៉ូចែកចាយស្រាបៀ គ្រុឌ ខាងលើនេះ ធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ក្រោមការសម្របសម្រួលនិតិវិធីពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយបានចុះទៅទីតាំងហាងចែកចាយស្រាបៀរ គ្រុឌ (Krud) ចំនួន ១០ទីតាំងផ្សេងៗគ្នា ក្នុងរាជធានីភ្នំពេញ។
   សកម្មភាបចុះបង្ក្រាបដេប៉ូចែកចាយស្រាបៀ គ្រុឌ របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ឯ.ក ដោយដកហូតផលិតផលស្រាបៀរ គ្រុឌនេះ បានធ្វើឡើងយោងតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ឯ.ក ដែលប្តឹងជនខិលខូចមួយចំនួន បានធ្វើសកម្មភាពល្មើសទាក់ទងនឹងផលិតផលស្រាបៀរ គ្រុឌ (Krud) ដោយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងកងរាជអាវុធហត្ថតាមខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ ក្រោមការឯកភាពពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
   តាមប្រភពព័ត៌មាន បានឲ្យដឹងថា ម្ចាស់ដេប៉ូទាំងនោះ បានហែកកែសស្រាបៀរ គ្រុឌ (Krud) ដកយកកំប៉ុងដែលមានរង្វាន់ចេញ រួចធ្វើការវេចខ្ចប់ឡើងវិញ ខុសបច្ចេកទេស នាំឱ្យខូចសោភ័ណភាព និងទ្រង់ទ្រាយដើមរបស់ក្រុមហ៊ុន មិនត្រឹមតែប៉ុណ្ណោះផលិតផលស្រាបៀរ គ្រុឌ (Krud) ដែលបានដកយករង្វាន់ចេញនោះ ត្រូវបានម្ចាស់ហាងចែកចាយលក់ចេញវិញ ក្នុងតម្លៃទាបជាងទីផ្សារ។

   កម្លាំងសមត្ថកិច្ចដោយមានការសហការចូលរួមពីមេធាវីតំណាងក្រុមហ៊ុន បុគ្គលិករបស់ក្រុមហ៊ុន បានដកហូតផលិតផលស្រាបៀរ គ្រុឌ (Krud) ដែលមានភាពមិនប្រក្រតីសរុប ចំនួន ១៧៦កេស ពីហាងលក់ចែកចាយស្រាបៀរចំនួន ០៧ទីតាំង ក្នុងចំណោមដប់ទីតាំងដែលបានចុះធ្វើការត្រួតពិនិត្យទាំង ១០កន្លែង។
   សូមជម្រាបថា ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ឯ.ក មានវិធានការទប់ស្កាត់ បង្ការ និងលុបបំបាត់នូវអំពើរបស់ជនខិលខូចមួយចំនួន ដើម្បីការការពារផលប្រយោជន៍ដល់អ្នកចែកចាយបន្ត អ្នកចែកចាយបន្តបន្ទាប់ផ្សេងទៀត ព្រមទាំងអតិថិជនជាអ្នកប្រើប្រាស់ផ្ទាល់។  ក្រុមហ៊ុនបានប្រកាន់ខ្ជាប់នូវគុណភាពជាចម្បងស្របតាមបទដ្ឋានស្តង់ដារ គតិយុត្ត ជាពិសេសគឺការផ្ដល់នូវរង្វាន់ពិតៗជាច្រើនសន្ធឹកសន្ធាប់ ដល់អតិថិជនដែលជាអ្នកគាំទ្រផលិតផលស្រាបៀរ គ្រុឌ (Krud) របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ឯ.ក។
   ពាក់ព័ន្ធបញ្ហាខាងលើនេះ មហាជនក៏ដូចជាអតិថិជនបានលើកជាសំណួរថា ហេតុអ្វីបានម្ចាស់ដេប៉ូទាំងនោះដឹកច្បាស់លាស់ថា កំប៉ុងណាមានរង្វាន់ កំប៉ុងអត់រង្វាន់ ឬមួយមានផ្ទៃក្នុងរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ឯ.ក ដែលដឹងច្បាស់ប្រាប់ពីសញ្ញាសម្គាល់ ឬលេខកូដពិសេសរបស់កែស និងកំប៉ុងដែលបានដាក់រង្វាន់?
  ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ឯ.ក អះអាងថានឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុតចំពោះអ្នកដែលប្រព្រឹត្តនូវសកម្មភាពខាងលើនេះផងដែរ៕

Tags

Comment