• Today: December 22, 2024

ប្តីរវល់តែទៅស្រុក ប្រពន្ធអផ្សុកនាំប្រុសក្មេងមកដេកដល់បន្ទប់ ប្តីមកទាន់ផ្អេីលទាំងព្រឹក

 

ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អេីលមួយបានកើតឡើងបន្ទាប់ពីប្តីទៅស្រុក១០ថ្ងៃខណៈវិលមកវិញឃេីញច្បាស់នឹងភ្នែកប្រពន្ធនាំប្រុសក្មេងមកដេកឱបគ្នានៅក្នុងបន្ទប់ជួលផ្អើលដល់អ្នកជិតខាង កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នៅផ្ទះជួលក្នុងបុរីសែនមនោរម្យ ស្ថិតក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា ៖ ភាគីខាងស្ត្រីជាប្រពន្ធ មានឈ្មោះ ស អ អាយុ២៥ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ចំណុចកើតហេតុខាងលើ មានស្រុកកំណើតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

 ភាគីខាងប្តីមានឈ្មោះ ជិន រក្សា អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ រីឯភាគីខាងប្រុសក្មេង មានឈ្មោះ កុយ សាមេន អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

 នៅកន្លែងកើតហេតុ វត្តមានភាគីទាំង៣នាក់ក្នុងរឿងស្នេហាត្រីកោណខាងលើ បានបំភ្លឺលើកហេតុផលរៀងៗខ្លួន៖ 
បុរសជាប្តីបានឱ្យដឹងថា ពួកគាត់បានរៀបការជាប្តីប្រពន្ធមានទាំងកូនប្រុសម្នាក់ អាយុ១១ខែហើយ ក៏ប៉ុន្តែការរស់នៅក្នុងសង្គមគ្រួសារមួយរយៈចុងក្រោយនេះមិនចុះសម្រុងគ្នាឡើយ គឺឈ្លោះប្រកែកពាក្យសម្តីគ្នា ដោយខាងប្រពន្ធទាមទាររកតែលែងលះ។ ស្រាប់តែជាង១០ថ្ងៃមុននេះ ពេលទាស់ពាក្យសម្តីគ្នាមួយប្រ៉ាវហើយ ខ្លួនទ្រាំមិនបានក៏ធ្វើដំណើរទៅស្រុក ស្រាប់តែនៅវេលាទៀបភ្លឺថ្ងៃនេះ វិលមកវិញបានប្រទះឃើញប្រពន្ធនាំប្រុសក្មេងមកដេកស្អំបេះដូងជំនួសខ្លួនទៅវិញ។ 

ចំណែកភាគីខាងប្រពន្ធបានឱ្យដឹងថា ការរស់នៅជាប្តីប្រពន្ធ ក្រោយពីបានកូនមួយជាចំណងស្នេហ៍រួច មួយរយៈចុងក្រោយនេះ ខាងប្តីចេះតែខឹងចុះចោលខ្លួន ទើបអពមង្គលក្នុងគ្រួសារចេះតែកើតមានជាហូរហែ ហើយលើកចុងក្រោយនេះប្តីចុះចោលទៅបាត់អស់រយៈពេលជាង១០ថ្ងៃហើយ ទោះខ្លួនព្យាយាមហៅមកវិញនិយាយគ្នាក៏ដោយ។ ស្ត្រីដដែលនិយាយទៀតថា បើមិនចុះសម្រុងគ្នាដដែលមានតែលែងលះគ្នា ព្រោះទោះចាស់ទុំ ម៉ែឪសងខាងនិយាយសម្របសម្រួលក៏មិនឯកភាពគ្នាដែរ ទើបនៅយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នេះខ្លួនហៅយុវជនម្នាក់មកស្នាក់អាស្រ័យជាមួយមែន ។

តែបើតាមភាគីប្រុសក្មេងវិញបានឱ្យដឹងទាំងអារម្មណ៍ភិតភ័យថា គាត់ស្គាល់ស្ត្រីខាងលើតាមរយៈលេងហ្វេសប៊ុក ជាង២ខែមកហើយ ហើយស្ត្រីខាងលើក៏បានប្រាប់គាត់ថាជាស្ត្រីមេម៉ាយមានកូនប្រុស១ បានលែងលះគ្នាជាមួយប្តីរួចហើយ ទើបដាក់ចិត្តសុំស្នេហា សុំស្រឡាញ់រហូតដល់ខាងស្រីហៅមកសម្រួមកាយ បង្កើនភាពផ្អែមល្ហែមដល់បន្ទប់ជួល អត់លាក់លៀមទេបានសម្រេចម្តង លុះដល់ព្រឹកឡើងស្រាប់តែលេចមុខបុរសម្នាក់មកអះអាងថាជាប្តីទៅវិញ ។ យុវជនខាងលើបន្តទៀតថា បើដឹងថាស្ត្រីខាងលើ មានប្តី ឬលែងលះប្តីមិនទាន់ដាច់ស្រេច នោះក៏គាត់មិនហ៊ានមកដេកឱបរឹតជាមួយដែរ ។

រឿងរ៉ាវចម្រូងចម្រាសស្នេហាត្រីកោណខាងលើផ្អើលដល់អ្នកជិតខាងជួយលួងលោម ជៀសវាងអ្នកទាំង៣បង្កហិង្សាដាក់គ្នា។ ទីបំផុតប្តីប្រពន្ធមួយគូខាងលើ បានយល់ព្រមឯកភាពគ្នាសម្រេចទៅស្រុកកំណើតដើម្បីដោះស្រាយលែងលះផ្តាច់សង្វាស់គ្នានៅចំពោះមុខអាជ្ញាធរឱ្យដាច់ស្រឡះតែម្តង ។ ចំណែកឯភាគីប្រុសក្មេងដែលមានអារម្មណ៍ភ័យផង បុកពោះផងក៏បានវិលទៅផ្ទះវិញដែរ ៕

Tags

Comment