• Today: December 22, 2024

វិស័យសេវាកម្មនៅក្នុងឆ្នាំ២០២៣នេះ! កំពុងមានសម្ទុះយ៉ាងលឿន ចូលរួមគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

 

ភ្នំពេញ៖ យោងតាមលទ្ធផលនៃការអនុវត្តឆមាសទី១ ឆ្នាំ ២០២៣នេះ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា   នៅក្នុងឆ្នាំ២០២៣នេះ វិស័យសេវាកម្ម កំពុងមានសម្ទុះយ៉ាងលឿន ចូលរួមគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ដោយសារការងើបឡើងវិញផ្នែកសណ្ឋាគារ និងភោជ្ជនីយដ្ឋាន ការវិលត្រឡប់នៃភ្ញៀវទេសចរណ៍ វិស័យលក់ដុំលក់រាយ និងវិស័យដឹកជញ្ជូន។

របាយការណ៍ដដែល ក៏បានប៉ាន់ស្មាននឹងបន្តងើបឡើងក្នុងរង្វង់ ៨,១% ដែលគាំទ្រដោយសន្ទុះលឿនជាងការរំពឹងទុកនៃកំណើនអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងសេវាកម្មគាំទ្រផ្សេងទៀតរួមមាន៖ អនុវិស័យលក់ដុំ-រាយ និងដឹកជញ្ជូន ទោះបីជាអនុវិស័យអចលនទ្រព្យបន្តមានកំណើនទាបជាងការរំពឹងទុកយ៉ាងណាក្តី ក្នុងនោះចំពោះអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ត្រូវបានរំពឹងថាបន្តកើនឡើងក្នុងរង្វង់ ៤១ ភាគរយ ដោយសារការបន្តបង្កើនទំនុកចិត្តក្នុងការធ្វើដំណើរកម្សាន្តនៅកម្ពុជា និងការកើនឡើងនូវភាពទាក់ទាញទេសចរណ៍អន្តរជាតិ ក្រោយពីការប្រារព្ធព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ។

ជាមួយគ្នានេះ លោក ហូរ វណ្ឌី ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមទេសចរណ៍កម្ពុជា ក៏បានលើកឡើងជុំវិញវិស័យសេវាកម្មនេះថា ទាក់ទងវិស័យទេសចរណ៍ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងវិស័យសេវាកម្ម បច្ចុប្បន្នវិស័យនេះបានកំពុងងើបឡើងវិញ។ ជាក់ស្តែងកម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ២,៥៨ លាននាក់ កើនឡើងជាង ៤០០ភាគរយ ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២៣នេះ៕

Tags

Comment