ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា កាលពេលថ្មីៗនេះ បានសម្រេចបង្កើតដែនជម្រកសត្វព្រៃ «សង្ឃរុក្ខាវ័ន» លើផ្ទៃដី សរុបចំនួន ៣,០២៥៤ហិកតា ស្ថិតនៅភូមិសាស្ត្រ ស្រុកអន្លង់វែង ស្រុកចុងកាល់ និងក្រុងសំរោង ខេត្តឧត្តរមានជ័យ។
អនុក្រឹត្យស្តីពីបង្កើតដែនជម្រកសត្វព្រៃ «សង្ឃរុក្ខាវ័ន» នេះ មានគោលបំណង ដើម្បីធានាឱ្យមានការថែទាំទីជម្រកសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី សារព័ន្ធមជ្ឈដ្ឋានធម្មជាតិ ព្រមទាំងធានាឱ្យមានការបំពេញលក្ខខណ្ឌចាំបាច់សម្រាប់ប្រភេទណាមួយនៃសត្វព្រៃ រុក្ខជាតិ និងជីវៈចម្រុះ រក្សាលំនឹងបរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិ និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយធម្មជាតិ, ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់ដោយនិរន្តរភាព លើកទឹកចិត្តឱ្យមានការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាអ្នកពាក់ព័ន្ធក្នុងការថែរក្សា ការពារអភិរក្ស និងការប្រើប្រាស់ធនធានធម្មជាតិដោយនិរន្តរភាព។
ផ្ទៃដីនៃអនុក្រឹត្យបង្កើតតំបន់ដែនជម្រកសត្វព្រៃ «សង្ឃរុក្ខាវ័ន» នេះ មិនរួមបញ្ចូលដីកម្មសិទ្ធិឯកជន និងដីប្រើប្រាស់ជាប្រយោជន៍សាធារណៈឡើយ។
ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ និងគ្រប់គ្រងតំបន់ដែនជម្រកសត្វព្រៃ «សង្ឃរុក្ខាវ័ន» ដោយ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តឧត្តរមានជ័យ និងកងកម្លាំងប្រដាប់អាវុធមានសមត្ថកិច្ច ដើម្បីធានាកិច្ចគាំពារបរិស្ថាន ការអភិរក្សប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិប្រកប ដោយនិរន្តរភាព៕
Comment