• Today: December 22, 2024

រថយន្តរាប់រយគ្រឿងកកស្ទះនៅចំណុចផ្លូវបាក់ស្រុតខេត្តមណ្ឌលគិរី ខណៈផ្លូវវាងថ្មីទើបនឹងធ្វើសោះមិនអាចចរាចរណ៍បាន

 

ខេត្តមណ្ឌលគិរី ៖ ប្រសិនបើបងប្អូន ត្រូវធ្វើដំណើរទៅកាន់ខេត្តមណ្ឌលគិរី សូមសិក្សាអំពី ផ្លូវ ឲ្យបានច្បាស់លាស់សិន ជៀសវាងកកស្ទះ ខាតបង់ពេលវេលា ពីព្រោះមួយរយៈកន្លងទៅនេះ ផ្លូវបានដាច់នូវចំណុចស្រុកអូររាំង ដោយអំណាចទឹកហូរកាត់ដាច់ ហើយការជួសជុលថ្មី ដើម្បីឲ្យដំណើរការឡើងវិញ ក៏មិនអាចធានាបាននៅគុណភាព 100%ដែរ ។ 

តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា រថយន្តរាប់រយគ្រឿងបានកកស្ទះនៅចំណុចផ្លូវបាក់ស្រុតអូរងើយ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នាថ្ងៃទី១៦ សីហា ២០២៣ នេះ ខណៈផ្លូវវាងថ្មីមិនអាចចរាចរណ៍បាន ក្រោយភ្លៀងធ្លាក់យ៉ាងជោកជាំ ។ ដូច្នេះធ្វើឲ្យរថយន្តជាច្រើនរយគ្រឿង ត្រូវកកស្ទះ ទៅមុខមិនរួច បកក្រោយមិនកើត ជាក្តីកង្វល់មួយផងដែររបស់ពួកគាត់។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៦ សីហា ឆ្នាំ២០២៣ នេះដែរ អភិបាលខេត្តមណ្ឌលគិរី បានចុះពិនិត្យនិងបញ្ជាផ្ទាល់គ្រឿងចក្រកាយសម្រួលរំដោះការកកស្ទះ តែបញ្ហាផ្លូវវាងនៅតែពិបាកសម្រួល ដូច្នេះលោកអភិបាលខេត្តបានឲ្យក្រុមគ្រឿងចក្រ កាយដីកិនបង្ហាប់ផ្លូវមួយច្រកសម្រាប់រថយន្តតូចៗឆ្លងកាត់តាមផ្លូវដែលបានបាក់ស្រុតនោះជាបណ្តោះអាសន្ន ខណៈរថយន្តដឹកទំនិញខ្នាតធំ ត្រូវបន្តធ្វើដំណើរតាមផ្លូវវាងថ្មី ព្រោះមានគ្រឿងចក្ររង់ចាំជួយអូស បើសិនជាប់ផុង ។

ដូច្នេះបងប្អូនដែលត្រូវធ្វើដំណើរទៅកាន់ខេត្តមណ្ឌលគិរី អាចជ្រើសរើសផ្លូវតាមខេត្ត ស្ទឹងត្រែង រតនគិរី ដូចអ្វីដែលអាជ្ញាធរធ្លាប់ប្រាប់កន្លងមក ដើម្បីទុកឱកាសឲ្យមន្ត្រីជំនាញខាងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តមណ្ឌលគិរី ក៏ដូចជាអាជ្ញាធរខេត្ត រៀបចំជួសជុលឲ្យបានល្អប្រសើរឡើងវិញ ៕

Tags

Comment