• Today: December 22, 2024

អភិបាលខេត្តកំពត មានការចាត់តាំង ឬការតែងតាំងមន្ត្រីត្រូវពិនិត្យ និងវាយតំលៃលើសមត្ថភាព ចរិកការងារ ព្រមទាំងក្រមសីលធម៌ជាការចាំបាច់

(កំពត)   ៖ នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តមម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងថា ក្នុងយន្តការនៃការចាត់តាំង និងតែងតាំងមន្រ្តីគឺត្រូវពិនិត្យ និងជ្រើសរើសយកមន្ត្រីដែលមានសមត្ថភាពច្បាស់លាស់។ប្រសិនបើកន្លែងមួយ អង្គភាពមួយមានថ្នាក់ដឹកនាំដែលពោពេញទៅដោយសមត្ថភាព ចរិកការងារច្បាស់លាស់ និងមានក្រមសីលធម៌ច្បាស់លាស់ គឺកន្លែងនោះ ឬអង្គភាពនោះនឹងទទួលប្រសិទ្ធិភាពការងារ។

ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្រ្តីរាជការសាលាខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងថា ក្នុងយន្តការនៃការជ្រើសរើស ឬតែងតាំងមន្ត្រីឱ្យមានមុខងារ និងតួនាទី គឺត្រូវតែមានការពិនិត្យបច្ច័យឱ្យបានច្បាស់លាស់ ទៅលើមន្ត្រីណាដែលពោពេញទៅដោយសមត្ថភាព មានចរិកការងារច្បាស់លាស់ក្នុងការដឹកនាំ និងប្រកបទៅដោយក្រមសីលធម៌ច្បាស់លាស់ក្នុងការដឹកនាំ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់បន្ថែមថា គ្រប់ការងារដែលមានការចាត់តាំងក្នុងអណត្តិរបស់ឯកឧត្តម គឺផ្តោតសំខាន់ទៅលើអ្នកដែលមានសមត្ថភាព ហើយអ្នកមានសមត្ថភាពគឺត្រូវតែទទួលបានការតែងតាំង និងផ្តល់តួនាទីជូន ដើម្បីចូលរួមក្នុងការដឹកនាំ។

ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថា ប្រសិនបើអ្នកដែលមានលទ្ធភាព តែពុំមានសមត្ថភាព គឺមិនអាចទទួលបាននូវការចាត់តាំងដែលជាអំណាចរដ្ឋ និងអំណាចបក្សបានដាច់ខាត និយាយជារួមគឺមិនអាចយកលុយមកទិញតួនាទីបាននោះទេ។

យោងតាមដីការលេខ ០៤៥/២៣ ដ.ក ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពត ស្តីពីការតែងតាំង សម្រួល និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការ បានសម្រេចតែងតាំង សម្រួល និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្តកំពតចំនួន ២៥រូប ក្នុងនោះស្រី ៥រូប។

ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីសាលាខេត្តផងដែរ។(សឹង រ៉ាត់)

Tags

Comment