• Today: December 22, 2024

តើប្រធានពន្ធនាគារខេត្តសៀមរាប និងមន្ត្រីអនុរក្សដែលពាក់ព័ន្ធអាចប្រឈមមុខនឹងការដាក់វិន័យដែរឬទេ? ក្នុងករណីឧក្រិដ្ឋជនរំដោះអ្នកទោសជាមេខ្លោងគ្រឿងញៀនដ៏ធំដោយសារការធ្វេសប្រហែស និងខុសច្បាប់ស្តីពីពន្ធនាគារបែបនេះ!

ភ្នំពេញ៖ ករណីក្រុមឧក្រិដ្ឋជនប្រដាប់អាវុធចូលទៅដោះអ្នកទោសគ្រឿងញៀនដ៏ធំ ត្រូវផ្តន្ទាទោសរហូតជាង ៥២ឆ្នាំ បានក្លាយជាប្រធានបទដ៏ក្តៅគគុកជជែកវែកញែកគ្នា ដោយសារមហាជនមើលឃើញពីកំហុស និងការធ្វេសរបស់អ្នកគ្រប់គ្រងពន្ធនាគារខេត្តសៀមរាប ក្នុងករណីយកអ្នកទោសចេញក្រៅដោយគ្មានការជូនដំណឹងដល់អភិបាលខេត្ត ជាពិសេសគ្មានការអនុញ្ញាតពីព្រះរាជអាជ្ញាក្នុងដែនសមត្ថកិច្ចតែម្តង។

មហាជន បានលើកឡើងថា ឧក្រិដ្ឋជនជនជាតិចិនជាមេខ្លោងជួញដូរគ្រឿងញៀនដ៏ធំ និងមានទោសរហូតដល់ទៅ ៥២ឆ្នាំ បែរជាឱ្យកម្លាំងការពារមានគ្នាតែ ០៤នាក់នាំទៅគ្លីនិកឯកជន។

ពាក់ព័ន្ធការអនុវត្តន៍តួនាទីភារកិច្ចរបស់ប្រធានអង្គភាពពន្ធនាគារខេត្តសៀមរាប និងមន្ត្រីក្រោមឱវ៉ាទមានការធ្វេសប្រហែស និងចន្លោះប្រហោងបែបនេះ អគ្គនាយកដ្ឋានពន្ធធនាគារ និងក្រសួងមហាផ្ទៃនឹងមានវិធានបែបណាចំពោះមន្ត្រីទាំងនោះ? 

ជាសំណួរសួរថា តើការនាំអ្នកទោសឧក្រិដ្ឋចេញពីពន្ធនាគារដោយមិនសុំការអនុញ្ញាតពីតំណាងព្រះរាជអាជ្ញាខុស ឬក៏ត្រូវ? ជុំវិញបញ្ហានេះក្រុមអ្នកច្បាប់ បានលើកឡើងថា «គឺខុសហើយ ពីព្រោះតាមមាត្រា ៣៨ នៃច្បាប់ស្តីពីពន្ធនាគារកាលណាត្រូវនាំអ្នកជាប់ឃុំទៅព្យាបាលជម្ងឺនៅក្រៅពន្ធនាគារ គឺត្រូវមានការអនុញ្ញាតិពីព្រះរាជអាជ្ញាក្នុងដែនសមត្ថកិច្ច»។

មន្ត្រីសិក្យាផ្នែកច្បាប់ ក៏បានបញ្ជាក់ថា «ករណីអ្នកជាប់ឃុំឈឺធ្ងន់ធ្ងរត្រូវជួនដំណឹងដល់ឯកឧត្តមអភិបាល នៃអភិបាលខេត្ត-រាជធានី, ករណីអ្នកជាប់ឃុំជាជាតិបរទេសត្រូវជួនដំណឹងដល់ស្ថានទូត/ឬស្ថានកុងស៊ុល  ....។ ករណីជនជាតិចិនខាងលើមិនមែនជាជម្ងឺធ្ងន់ធ្ងរនោះទេ ចឹងទេមុននាំចេញួទៅព្យាបាលខាងក្រៅបានលុះត្រាតែមានការអនុញ្ញាតពីព្រះរាជអាជ្ញាជាមុនសិន»។

យោងតាមមាត្រា ៣៨ នៃច្បាប់ស្តីពីការពន្ធនាគា បានចែងថា «ជនជាប់ឃុំដែលមានជំងឺត្រូវបានទទួលសេវាថែទាំសុខភាពប្រចាំថ្ងៃដោយមន្ត្រីពេទ្យពន្ធនាគារ»។

ក្នុងករណី «ជនជាប់ឃុំមានជំងឺធ្ងន់ ហើយតម្រូវឲ្យមានការព្យាបាលនៅមន្ទីរពេទ្យខាងក្រៅតាមសំណើ របស់មន្ត្រីពេទ្យពន្ធនាគារ ត្រូវមានការអនុញ្ញាតពីព្រះរាជអាជ្ញាក្នុងដែនសមត្ថកិច្ច។ ក្នុងករណីជន ជាប់ឃុំមានជំងឺធ្ងន់ ដែលតម្រូវឲ្យមានការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខាងក្រៅ ប្រធានពន្ធនាគារ ត្រូវបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យជាបន្ទាន់តាមសំណើរបស់មន្ត្រីពេទ្យពន្ធនាគារ ហើយត្រូវជូនដំណឹង ជាបន្ទាន់ដល់អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ព្រះរាជអាជ្ញាក្នុងដែនសមត្ថកិច្ច និងដល់គ្រួសារសាច់ញាតិ ឬមិត្តភក្តិជិតស្និទ្ធបំផុត តាមសំណើរបស់ជនជាប់ឃុំ។ បន្ទាប់ពីការព្យាបាលបានធូរស្រាល តាមការបញ្ជាក់ពីមន្ទីរពេទ្យដែលបានទទួលព្យាបាល ត្រូវបញ្ជូនជនជាប់ឃុំមកពន្ធនាគារវិញ»។

ប្រសិនក្នុងករណីជនជាប់ឃុំដែលមានជំងឺផ្លូវចិត្ត ឬពិការកាយសម្បទា ឬស្ថិតក្រោមឥទ្ធិពលគ្រឿងញៀនត្រូវបានទទួលសេវាថែទាំសុខភាពដោយឡែក។
សូមជម្រាបថា ទណ្ឌិតជាឧក្រិដ្ឋជនមេខ្លោងជួញដូរឆ្លងដែនដ៏ធំមានឈ្មោះ Chen hsin han អាយុ ៤៥ឆ្នាំ ជនជាតិចិន ជាប់ទោស ៥២ឆ្នាំ ត្រូវបានក្រុមប្រដាប់អាវុធរំដោះយកទៅបាត់នោះ ខណៈមន្ត្រីអនុរក្សពន្ធនាគារបញ្ជូនចេញមន្ទីរឃុំឃាំងទៅកាន់មន្ទីរពេទ្យខាងក្រៅ នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ។ ក្រោយពីកើតមានករណីខាងលើនេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ សហការជាមួយស្នងការនគរបាលរាជធានី-ខេត្តជាពិសេសខេត្តតាមព្រំដែនត្រូវយកចិត្តទុកតាមច្បាមមុខសញ្ញាក្រុមឧក្រិដ្ឋជនទាំងនេះឲ្យបានដាច់ខាត។

ក្រោយពីមានបទបញ្ជាដ៏ម៉ឹងមាត់ នៅថ្ងៃទី១៨ ខែសីហានេះ សមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌ និងបណ្តាអង្គភាពពាក់ព័ន្ធបានយកចិត្តទុកដាក់ ព្រមទាំងដុតដៃដុតជើងក្នុងការស្រាវរហូតចាប់ខ្លួនក្រុមឧក្រិដ្ឋជនបានជាបន្តបន្ទាប់ ចំនួន ០៦នាក់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រួចបន្តយកទៅសាកសួរតាមនិតិវិធី៕

Tags

Comment