• Today: December 22, 2024

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបឧក្រិដ្ឋជន ជនជាតិចិន ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន


ភ្នំពេញ៖ ឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ជនជាតិចិនដោយខុសច្បាប់ម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលនាយដ្ឋានប្រឆាំងបទល្មើសគ្រឿងញៀន ក្រសួងមហាផ្ទៃ ឃាត់ខ្លួនរួមនឹងវត្ថុតាងជាង ៧គីឡូក្រាម។
    ប្រតិបត្តិការខាងលើនេះ អនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន នគរបាលឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ២១និង៤០នាទី សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៣) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ប្រុញ សាន នាយករងមន្ទីរ, លោក ឧត្តមសេនីយ៍ទោ ភឹម ច័ន្ទតារា នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក វ៉ាន់ កែវវង្សវិចិត្ត នាយករងមន្ទីរ ចូលរួមសហការពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលពី លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបង្ក្រាប នៅចំណុចខាងមុខលំនៅដ្ឋាន អូរៀ ផ្លូវលេខ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងបង្ក្រាបជាក់ស្ដែងដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ និងវត្ថុតាងមួយចំនួន។
     សមត្ថកិច្ចបន្ថែមថា ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ ០១នាក់ មានឈ្មោះ ហ្សាវ ឈីមីង (HSIAO CHI MING) ភេទប្រុស ឆ្នាំកំណើត ១៩៦៦ ជនជាតិចិន(តៃវ៉ាន់) ដកហូតយកវត្ថុតាង រួមមាន៖ សារធាតុញៀន ប្រភេទ កេតាមីន ចំនួន ៨ដុំ ស្មើទម្ងន់ ៧,៩៤៤ ក្រាម និងទូរសព្ទ ០១គ្រឿង
    បច្ចុប្បន្ន ជនសង្ស័យព្រមទាំងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕

Tags

Comment