• Today: December 22, 2024

មនុស្សចំនួន ០៣នាក់ រងរបួសធ្ងន់ស្រាលក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមូយគោយន្តកន្ត្រៃ


ពោធិ៍សាត់៖ យ៉ាងហោចណាស់មនុស្សប្រុស ស្រី ចំនួន ០៣នាក់ បានរងរបួសធ្ងន់ និងស្រាល ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយគោយន្តកន្ត្រៃ ។ 
ករណីគ្រោះថ្នាក់ចរាចរណខាងលើ កើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ (១៧០-១៧១) ក្នុងភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅវេលាម៉ោង ១១និង១៥ នាទីព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ ។ 
     អ្នកឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ មានគោយន្កកន្ត្រៃ ០១គ្រឿង ម៉ាកគូបូតា ពណ៌ក្រហម ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងឆ្លងថ្នល់ពីជើងទៅត្បូង ស្រាប់តែបុកជាមួយម៉ូតូ ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1F '6441 ដែលកំពុងធ្វើចរាចរណ៍ក្នុងទិសដៅពីលិចទៅកើត បណ្តាលឲ្យអ្នកបើកបរគោយន្ត អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ រងរបួសធ្ងន់ស្រាលតែម្តង។ 
     លោកវរសេនីយ៍ឯក មោក ភារម្យ អធិការដ្ឋាននគរបាល ស្រុកក្រគរ បានបញ្ជាក់ឲ្យដឹងថា ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍អំពីករណីគ្រោះថ្នាក់ចរាចរណ៍ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ធ្វើការអន្តរាគមន៍ជួយសង្គ្រោះជនរងគ្រោះ និងសម្រួលចរាចចរណ៍កុំឲ្យមានការកកស្ទះ។ លោកអធិការបានបន្តថា ករណីគ្រោះថ្នាក់នេះ កើតឡើងដោយមូលហេតុ អ្នកបើកបរគោយន្តកន្រ្តៃមិនគោរពសិទ្ធិអាទិភាព។ ចំពោះការខូចខាត រួមមាន ម៉ូតូ ០១គ្រឿង រងរបួសមនុស្ស ចំនួន ០៣នាក់ ស្រី ០១នាក់ ក្នុងនោះរងរបួសធ្ងន់ ០១នាក់។ 
    ជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរាណ៍ រួមមាន៖ ទី១- ឈ្មោះ ហ៊ុល ចន្តា អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ ជាអ្នកបើកបរម៉ូតូ រងរបួសធ្ងន់, ទី២- ឈ្មោះ ឆេង សុខឿន ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ ជាអ្នករួមដំណើរ ត្រូវជាប្រពន្ធ រងរបួសស្រាល អ្នកទាំងពីរ មានទីលំនៅក្នុងភូមិបឹង ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់  និងទី៣- ឈ្មោះ លុយ វិបុល ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ ជាអ្នកបើកគោយន្ត រងរបួសស្រាល រស់នៅភូមិភូមិដងទឹកលាច ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះ និងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។ 
     បច្ចុប្បន្ន ចំពោះគោយន្តកន្ត្រៃ និងម៉ូតូ សមត្ថកិច្ចនគរបាលបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាល រដ្ឋបាលត្នោតជុំ ជាបណ្ដោះអាសន្ន ដើម្បីរងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕

Tags

Comment