• Today: December 22, 2024

សិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្តីពីប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI)និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ

ភ្នំពេញ៖ ថ្ងៃចន្ទ ៥កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ លោកអគ្គនាយករង បុង វុធ្ធី តំណាងឯកឧត្តម ម៉ក់ ស៊ីដេត អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ហៀក ភិរុណ អគ្គនាយករងកំពង់ផែស្វយ័តភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្តីពីប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធមួយចំនួនទៀតដែលជាយន្តការក្នុងការធ្វើបែបបទនាវាចូលចេញតាមកំពង់ផែ នៃព្រះរាជាណាចក្រកម្ពុជា។

សិក្ខាសាលានេះរៀបចំឡើងដោយអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយនឹងកំពង់ផែស្វយ័ត្នភ្នំពេញ ក្នុងគោលបំណងផ្សព្វផ្សាយខ្លឹមសារនៃអនុក្រឹត្យ និងការងារពាក់ព័ន្ធជាមួយក្រសួងស្ថាប័ន ក្រុមហ៊ុននាវា និងក្រុមហ៊ុនភ្នាក់ងារនាវា ដោយមានសិក្ខាកាមចូលរួមជាតំណាងមកពីអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ កំពង់ផែស្វយ័តភ្នំពេញ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល នាយកដ្ឋាននគរបាលការពារព្រំដែនទឹក ក្រុមហ៊ុននាវា និងក្រុមហ៊ុនភ្នាក់ងារនាវា សរុបប្រមាណ៥០រូប។

សិក្ខាសាលានេះផ្ដោតជាសំខាន់លើខ្លឹមសារអនុក្រឹត្យស្តីពីប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ នីតិវិធីផ្ដល់លិខិតអនុញ្ញាតភ្នាក់ងារនាវា ប្រកាសស្តីពីនីតិវិធីសម្រាប់ការចូលរបស់នាវានៅតាមកំពង់ផែនៃព្រះរាជាណាចក្រកម្ពុជា និងលំហូរការងារនៃប្រព័ន្ធ Port EDI។

លោកអគ្គនាយករង បានជំរុញលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់ពិភាក្សា និងសួរសំណួរដេញដោលឱ្យបានផុលផុសលើខ្លឹមសារបទបង្ហាញនានារបស់វាគ្មិន ដើម្បីស្វែងយល់ឱ្យបានកាន់តែច្បាស់ និងជួយផ្សព្វផ្សាយបន្តកាន់តែទូលំទូលាយនៅក្នុងអង្គភាពរបស់ខ្លួន សំដៅអនុវត្តអនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ប្រកបដោយប្រសិទ្ធភាព។

គួរកត់សម្គាល់ថា៖ ខ្លឹមសារនៃអនុក្រឹត្យនេះមាន៨ជំពូក និង៣៣មាត្រា មានគោលបំណងគ្រប់គ្រងដំណើរការប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ ដើម្បីបង្កលក្ខណៈងាយស្រួល និងភាពឆាប់រហ័ស ក្នុងការផ្តល់លិខិតអនុញ្ញាតឱ្យនាវាចូលកំពង់ផែ និងការធ្វើបែបបទនាវាចូលចេញប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតាមបដិវត្តកម្មឌីជីថលក្នុងក្របខ័ណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលនៅព្រះរាជាណាចក្រកម្ពុជា៕

Tags

Comment