• Today: December 22, 2024

លោកស្រី ហ៊ុន ម៉ាណា បានរកឃើញថា មានជនខិលខូចបានបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយដោយដាក់ឈ្មោះ Mana Hun និងដាក់ Profile រូបលោកស្រី និងស្វាមី

ភ្នំពេញ៖ លោកស្រី ហ៊ុន ម៉ាណា ដែលជាកូនទី២ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអំពាវនាវដល់ម្ចាស់គណនីហ្វេសប៊ុកក្លែងក្លាយនេះបញ្ឈប់សកម្មភាពចែករំលែកលើបណ្តោញសង្គមហ្វេសប៊ុកជាបន្ទាន់។
អគ្គនាយិការស្ថានីយវិទ្យុ និងទូរទស្សន៍បាយ័ន លោកស្រី ហ៊ុន ម៉ាណា បានរកឃើញថា មានជនខិលខូចបានបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយដោយដាក់ឈ្មោះ Mana Hun និងដាក់ Profile រូបលោកស្រី និងស្វាមី។

លោកស្រីបានលើកឡើងដូច្នេះថា៖ «ថ្មីៗនេះ មានជនខិលខូចបានបង្កើត Facebook ក្លែងក្លាយ ដោយបន្លំធ្វើជា Facebook នាងខ្ញុំ ដោយប្រើប្រាស់ឈ្មោះ និងរូបថតនាងខ្ញុំ នឹងស្វាមីដូចនឹង Facebook នាងខ្ញុំតែម្ដង គ្រាន់តែខុសចំនួនអ្នក Like Follower តែប៉ុណ្ណោះ ដូចមានភ្ជាប់ក្នុងរូបនេះស្រាប់។ ដូច្នេះ នាងខ្ញុំ សូមពុកម៉ែ បងប្អូន កុំឱ្យមានការភាន់ច្រឡំ និងសូមអំពាវនាវដល់ម្ចាស់ Facebook ក្លែងក្លាយនេះ សូមបញ្ឈប់សកម្មភាពនេះជាបន្ទាន់»។

គូសបញ្ជាក់ថា គណនីហ្វេសប៊ុកផ្លូវការរបស់លោកស្រី ហ៊ុន ម៉ាណា មានអ្នកចុចចូលចិត្ត (Likes) ចំនួន ២៤១K និងមានអ្នកតាមដាន (Followers) ចំនួន ២៧៣K។

ដោយឡែក សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យក្រសួងមហាផ្ទៃស្រាវជ្រាវចំពោះជនដែលក្លែងបន្លំប្រើឈ្មោះសម្តេច នៅលើ Facebook និង TikTok។

ការប្រតិកម្មបែបនេះរបស់សម្តេច ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីមានអ្នកលេងបណ្តាញសង្គម Facebook បានប្រើប្រាស់ឈ្មោះ និងរូបភាពរបស់សម្តេច ឆាតទាក់ទងទៅអ្នកដទៃ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់សម្ដេច។

ក្នុងសន្និសីទសារព័ត៌មាន ក្រោយរដ្ឋសភាបញ្ចប់ការបោះឆ្នោតជ្រើសតាំង ក្បាលម៉ាស៊ីនរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្ត រាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសឱ្យអ្នកដែលប្រើប្រាស់ឈ្មោះរបស់សម្តេច នៅលើ TikTok បញ្ឈប់ជាបន្ទាន់ កុំឱ្យសម្តេចប្រើប្រាស់វិធានការក្តៅ នៅពេលខាងមុខ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំបញ្ជាក់ជូនអ្នកក្លែងបន្លំហ្វេសប៊ុកខ្ញុំទាំងប៉ុន្មាន អ្នកបន្លំ TikTok ខ្ញុំទាំងប៉ុន្មាន សូមបញ្ឈប់ជាបន្ទាន់។ កុំឱ្យខ្ញុំប្រើវិធានការផ្លូវច្បាប់ […] សូមបញ្ឈប់ទៅការប្រើប្រាស់ឈ្មោះខ្ញុំ សូមស្នើឱ្យក្រសួងមហាផ្ទៃ ផ្នែកប្រឆាំងបទល្មើសបច្ចេកវិទ្យាធ្វើការស្រាវជ្រាវហើយខ្ញុំ ស្នើឱ្យលុបជាបន្ទាន់ការប្រើឈ្មោះខ្ញុំ»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចមិនលេងហ្វេសប៊ុកតទៅទៀតទេ ការដែល Admin យកផេកកន្លងទៅ ទៅប្រើប្រាស់ជារឿងរបស់ Admin។ ខណៈបច្ចុប្បន្នេះ គឺសម្តេចប្រើប្រាស់តែបណ្តាញសង្គម Telegram, WhatsApp, Instagram, និង Twitter ដើម្បីតាមដានសង្គមជាដើម៕

Tags

Comment