• Today: December 22, 2024

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់បន្ថែទៀត ករណីអ្នកចូលរួម រំដោះទណ្ឌិតជនជាតិចិន ជាមេក្លោងជួញដូរគ្រឿងញៀនដ៏ធំ


សៀមរាប៖ កម្លាំងជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប និងកម្លាំងនគរបាលក្រសួងមហាផ្ទៃ បានបើកការស្រាវជ្រាវរហូតឈានដល់ ឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ ករណីអ្នកចូលរួម រំដោះជនជាតិចិនម្នាក់ ដែលជាមេក្លោងជួញដូរគ្រឿងញៀនដ៏ធំ។ 
     លោកវរសេនីយ៍ឯក នួន ស័ក្ដិចំរើនរិទ្ធ ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងនៅល្ងាចថ្ងៃទី២៣ ខែសីហានេះថា ក្រោមការយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប និងថ្នាក់ដឹកនាំជំនាញនៃនគរបាលអគ្កស្នងការនគបាលជាតិ ដោយមានការសម្របសម្រួលនិតិវិធីពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីលោកវរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប ទើបកម្លាំងសមត្ថកិច្ចជំនាញបើកការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ ចំនួន ១៣នាក់ ពាក់ព័ន្ធករណីអ្នកចូលរួម រំដោះជនជាតិចិនម្នាក់ ដែលជាមេក្លោងជួញដូរគ្រឿងញៀនដ៏ធំ។ 
     លោកបន្តថា នៅវេលាម៉ោង ១២និង០០នាទីថ្ងៃទី២៣  ខែសីហា ឆ្នាំ២០២៣ កម្លាំងផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប ចុះអនុវត្តន៍ដីកាបញ្ចាឲ្យចូលខ្លួនជនសង្ស័យឈ្មោះ ប្រាក់ ចំរើន  ភេទស្រី អាយុ ៣៨ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិវាល សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប ពាក់ព័ន្ធនឹងករណី រៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ រំដោះអ្នកទោសដោយក្រុមជនប្រដាប់អាវុធ ប្រព្រឹត្តកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣  នៅចំណុចគ្លីនិចពេទ្យធ្មេញ ជុំ ចិន្ដា  ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ  ក្រុង-ខេត្តសៀមរាប។ 
    ប្រតិបត្តិការខាងលើ គឺអនុវត្តន៍តាមដីកាបញ្ជាឲ្យចូលខ្លួន លេខ៤០១ អ.យ.ឆ ចុះថ្ងៃច័ន្ទ៥កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៣  ចេញដោយលោក វង្ស សាវ៉ាត  ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ 
    ក្នុងពេលចុះអនុវត្តន៍ដីកាបញ្ជាឲ្យខ្លួនខាងលើហើយ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ ខាន់ សុខា ហៅតឿ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិវាល សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប យកមកសាកសួរ ។ 
    ក្រោយពីកម្លាំងសមត្ថកិច្ចយើងធ្វើការសាកសួរឈ្មោះ ខាន់ សុខា ហៅតឿ បានឆ្លើយសារភាពថា «នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ រូបខ្លួនបានចូលរួមរំដោះជនជាតិចិន ឈ្មោះ Chen Hsin Han ដោយឈ្មោះ ស៊ឹម សឿម ត្រូវជាពូថ្លៃបានឲ្យខ្លួនបើកម៉ូតូ ចំនួន ០១គ្រឿង ម៉ាកClick ពណ៌សរ ផលិតឆ្នាំ២០២១ ពាក់ផ្លាក់លេខ សៀមរាប 1AX-2307  ឱ្យចាំយកជនជាតិចិន នៅចំណុចគ្លីនិចពេទ្យធ្មេញ ជុំ ចិន្ដា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប»។

ជ    នសង្ស័យបានសារភាពទៀតថា «ឈ្មោះ ស៊ឹម សឿម បានឲ្យប្រាក់ ចំនួន ៥០០ដុល្លារ នឹងសន្យាថា ពេលការងារចប់នឹងឱ្យម៉ូតូដែលខ្ញុំជិះទៅឌុបជនជាតិចិន មកខ្ញុំជាកម្មសិទ្ធ រួមទាំងប្រាក់ ចំនួន ១០០០ដុល្លារបន្ថែមទៀត»។ 
   ក្នុងការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចដកហូតវត្ថុតាងបាន ម៉ូតូ ចំនួន ០២គ្រឿង  ម៉ាកClick ពណ៌សរ ផលិតឆ្នាំ២០២១ ពាក់ស្លាកលេខ សៀមរាប 1AX-2307 ផ្លាកលេខក្លែងក្លាយ និងម៉ាក Click ពណ៌សរ ផលិតឆ្នាំ២០២២ ពាក់ស្លាកលេខ សៀមរាប 1AX-3223 ផ្លាកលេខក្លែងក្លាយ។
   បច្ចុប្បន្ន កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យខាងលើទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

Tags

Comment