• Today: December 22, 2024

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា ក្នុងវត្តពោធិ៍អណ្តែត នៅស្រុកពារាំង ខេត្តព្រៃវែង

ខេត្តព្រៃវែង ៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តពោធិ៍អណ្តែត ហៅវត្តទួលតាណាល ស្ថិតនៅឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង។

ជាកិច្ចចាប់ផ្ដើម លោក ចេម ប្រា អភិបាល នៃគណៈអភិបាលស្រុកពារាំង បានធ្វើសេចក្តីរាយការណ៍គោរពជូន សម្ដេចក្រឡាហោម ស ខេង និងអង្គពិធីអំពីស្ថានភាពនៃការគ្រប់គ្រង ការប្រព្រឹត្តទៅ និងការអភិវឌ្ឍន៍គ្រប់វិស័យក្នុងមូលដ្ឋានស្រុក និងអំពីសាវតាររបស់វត្តពោធិ៍អណ្ដែត ព្រមទាំងដំណើរការសាងសង់ព្រះវិហារថ្មី និងសមិទ្ធផលនានាមួយចំនួនទៀត ដែលកំពុងប្រារព្ធពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងនាឱកាសនេះ។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារចុះមូលដ្ឋានស្រុកពារាំង និងសប្បុរសជនដែលបានបរិច្ចាគនូវធនធាន និងកម្លាំងកាយចិត្ត បញ្ញាស្មារតី ក្នុងការចូលរួមអភិវឌ្ឍវិស័យពុទ្ធសាសនា និងវិស័យផ្សេងៗ ជាច្រើនទៀត ដើម្បីអភិវឌ្ឍមូលដ្ឋានខេត្តព្រៃវែង។

សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍ រាជរដ្ឋាភិបាលកម្ពុជា រក្សាបានយ៉ាងល្អប្រសើរនូវសុខសន្តិភាព ស្ថិរភាពនយោបាយ លទ្ធិប្រជាធិបតេយ្យ ជំរុញដំណើការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងសម្រេចបានសមិទ្ធផលថ្មីៗ ប្រកបដោយមោទនភាព ទោះបីជាត្រូវជួបប្រទះបញ្ហាប្រឈមជាច្រើន ជាពិសេសការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងការវិវត្ត ដ៏ស្មុគស្មាញនៃសភាពការណ៍នយោបាយ សេដ្ឋកិច្ចអន្តរជាតិ និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនក្ដី។ ព្រមជាមួយគ្នានេះ កិត្យានុភាព កិត្តិយស សេចក្ដីថ្លៃថ្នូររបស់ជាតិ នៅលើឆាកអន្តរជាតិ កាន់តែបានលើកកម្ពស់ និងទទួលស្គាល់ពីបណ្តាប្រទេសនៅលើសកលលោក នៅពេលដែលកម្ពុជាបានអនុវត្តតួនាទីជាប្រធានប្តូរវេន ដឹកនាំ និងសម្របសម្រួលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា ប្រកបដោយជោគជ័យ។

សម្ដេចក្រឡាហោម បានណែនាំ និងអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ឱ្យរួមគ្នាថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សង្គម ការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោត និងបន្តលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការពារ និងលើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងការពង្រឹងនីតិរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

សម្ដេចក្រឡាហោម បានណែនាំសង្កត់ធ្ងន់ឱ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ដល់ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាពខ្ពស់ និង លើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានៅមូលដ្ឋាន ពិសេសសកម្មភាពជួញដូរចែកចាយ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ បទល្មើសលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់នៅតាមមូលដ្ឋាន អំពើហិង្សាក្នុងគ្រួសារ ក្រុមក្មេងទំនើង និងបទល្មើសនានានៅមូលដ្ឋានទូទាំងខេត្ត។

លើសពីនេះទៀត សម្ដេចក្រឡាហោម បានស្នើឱ្យយកចិត្តទុកដាក់ដល់ការផ្តល់សេវា រដ្ឋបាលជូនប្រជាពលរដ្ឋ ដូចជាការបញ្ជាក់សំបុត្រកំណើត ការធ្វើអត្តសញ្ញាណប័ណ្ណ សំបុត្រអាពាហ៍ពិពាហ៍ និងឯកសារនានាដែលប្រជាពលរដ្ឋចាំបាច់ត្រូវការសេវាពីអាជ្ញាធរមូលដ្ឋាន គឺត្រូវតែអនុវត្ត និងផ្តល់ជូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា និងប្រសិទ្ធភាពខ្ពស់ និងត្រូវបន្តខិតខំរួមគ្នាជំរុញអនុវត្តឱ្យសកម្មផុលផុសជាប់ជាប្រចាំនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដោយត្រូវលើកកម្ពស់ការអនុវត្តវិធានការសំខាន់ៗ « បីកុំ មួយរាយការណ៍»

ជាមួយគ្នានោះ សម្ដេចក្រឡាហោម ស ខេង ក៏បានរំលឹកដល់អាជ្ញាធរមានសមត្តកិច្ច និងប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមប្រយុទ្ធប្រឆាំង នឹងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ដើម្បីលើកស្ទួយសិទ្ធិមនុស្ស ដោយសហការយ៉ាងមានប្រសិទ្ធភាពជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ក្រាបនឹងទប់ស្កាត់បានទាន់ពេលវេលាផងដែរ៕

Tags

Comment