• Today: December 22, 2024

នាយករដ្ឋមន្ត្រីថ្មី ចាត់តាំងឯកឧត្តម មាស សុភ័ណ្ឌ ជាប្រធានក្រុមអ្នកនាំពាក្យ ដើម្បីសម្របសម្រួលកិច្ចការងារព័ត៌មានរបស់នាយករដ្ឋមន្ត្រី

ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា ត្រូវបានចាត់តាំងឯកឧត្តម មាស សុភ័ណ្ឌ ជាប្រធានក្រុមអ្នកនាំពាក្យ ចំណុះខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដើម្បីធ្វើជាសេនាធិការលើកិច្ចការព័ត៌មានរបស់នាយករដ្ឋមន្ត្រី។ នេះបើយោងតាមសេចក្តីសម្រេច ស្តីពី ការបង្កើតអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី លេខ៩១ សសរ ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ។ 

 ក្នុងសេចក្តីសម្រេចនោះ បានបញ្ជសក់ថា ការតែងតាំង និងការផ្លាស់ប្តូរសមាសភាព នៃក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី ត្រូវធ្វើឡើងតាមការសម្រេចរបស់នាយករដ្ឋមន្ត្រី ដោយយោងតាមសំណើរបស់ប្រធានក្រុមអ្នកនាំពាក្យ។ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី អាចបង្កើតក្រុមការងារចំណុះតាមការចាំបាច់ តាមការសម្រេច របស់នាយករដ្ឋមន្ត្រី ដោយយោងតាមសំណើរបស់ប្រធានក្រុមអ្នកនាំពាក្យ ដើម្បីអនុវត្តភារកិច្ចរបស់ខ្លួន។ 

 ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី មានភារកិច្ចដូចខាងក្រោម៖ 

 - សម្របសម្រួលព័ត៌មានផ្ទាល់ខ្លួនរបស់នាយករដ្ឋមន្តី

 - ទំនាក់ទំនងជាមួយបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិសម្រាប់ព័ត៌មានពាក់ព័ន្ធនឹងនាយករដ្ឋមន្តី - ទំនាក់ទំនងជាមួយបណ្តាស្ថាប័ន និងអង្គភាពនានាសម្រាប់ព័ត៌មានពាក់ព័ន្ធនឹងនាយករដ្ឋមន្តី 

 - ស្រាវជ្រាវ និងប្រមូលចងក្រងរាល់ព័ត៌មានដែលពាក់ព័ន្ធនឹងនាយករដ្ឋមន្តី - រៀបចំសេចក្តីបំភ្លឺ សេចក្តីប្រកាសព័ត៌មាន សេចក្តីថ្លែងការណ៍ និងការផ្សព្វផ្សាយផ្សេងទៀតអំពីព័ត៌មានរបស់នាយករដ្ឋមន្ត្រីឱ្យបានទាន់ពេល និងមានប្រសិទ្ធភាពខ្ពស់ 

 - បំពេញភារកិច្ចផ្សេងទៀត តាមការប្រគល់ពីនាយករដ្ឋមន្ត្រី។ 

 ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី មានថវិកាសម្រាប់ដំណើរការការងាររបស់ខ្លួនក្នុងកញ្ចប់ថវិកា របស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី។ 

 សូមជម្រាបថា មុនក្លាយខ្លួនជាប្រធានក្រុមអ្នកនាំពាក្យរបស់នាយរដ្ឋមន្ត្រី ឯកឧត្តម មាស សុភ័ណ្ឌ ជាអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានផងដែរ៕

Tags

Comment