• Today: December 22, 2024

ត្រីមេពូជធំៗ រងការចាប់បំផ្លិចបំផ្លាញ បន្ទាប់ពីអាជ្ញាធរ និងមន្ត្រីជំនាញមន្ទីរធនធានទឹកបង្ហូរទឹកចេញអស់ពីក្នុងអាងស្តុបទឹក “ទំនប់ស្លារ” ដើម្បីធ្វើការជួសជុលសំណង់ទ្វាទឹកដែលខូចខ្នាតនៅផ្នែកខ្លះ

កំពង់ស្ពឺ៖ ពិតជាគួរឲ្យសោកស្តាយខ្លាំងណាស់ ដែលត្រីមេពួជធំៗរងបង់សំណាញ់ចាប់បំផ្លិចបំផ្លាញគ្មានសល់ចេញពីអាងស្តុបទឹក “ទំនប់ស្លារ” បន្ទាប់ពីអាជ្ញាធរ និងមន្ត្រីជំនាញ នៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ បានបង្ហូរទឹកចេញពីក្នុងអាងស្តុបរីងអស់ ដើម្បីធ្វើការជួសជុលសំណង់ទ្វាទឹកដែលមានរងការខូចខាតផ្នែកខ្លះៗ។

ក្រោយពីមន្ត្រីជំនាញបើកបង្ហូរទឹកចេញពីក្នុងអាងស្តុបទឹក “ទំនប់ស្លារ” រីងជាបណ្តើរៗនោះ មានប្រជាពលរដ្ឋបាននាំគ្នាបង់សំណាញ់ អូសអួនយកត្រីទាំងតូចទាំងរាប់តោនស្ទើអស់ពីក្នុងអាងជាពិសេសមេត្រីពូជធំៗ ដែលកំពុងមានពងនារដូវរវស្សា ត្រូវបានអ្នកភូមិចាប់យកបំផ្លិចបំផ្លាញគ្មានសល់ ដែលមហាជនជាច្រើនបានសំដែងការសោកស្តាយយ៉ាងខ្លាំង ខណៈមន្ត្រីពាក់ព័ន្ធគ្មានវិធានការហាមឃាត់មិនឲ្យមានចុះចាប់ ដើម្បីរក្សាបាននូវមេពូជត្រីទាំងនោះឡើយ។

នៅលើបណ្តាញសង្គមឃើញមានការបង្ហោះ និងចែកចាយនូវរូបភាពប្រភេទត្រីមេពូជធំដែលពួកអ្នកភូមិចាប់បាន ដែលមើលទៅគួរសោកស្តាយ និងមិនគួរនាំគ្នាចាប់យកមេពូជត្រីធំទាំងយកទៅបរិភោគទាល់តែសោះ គូរតែហាមឃាត់កុំឲ្យមានការចាប់ ព្រោះទឹកមិនទាន់រីងអស់រលីងនៅឡើយទេ មានកន្លែងដែលថ្លុង គឺមានទឹកអាចឲ្យត្រីមេពូជទាំងនេះរស់នៅបណ្តោះអាសន្នបាន ដើម្បីទុកបន្តពូជ ក្រោយការជួសជុលសំណង់ទ្វាទឹករួចរាល់មានភ្លៀងធ្លាក់នឹងកកើតកូនចៅតទៅទៀតបាន បើនាំគ្នាចាប់អស់បានអីបន្តពូជទៀត។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ មុយ វី ក្រុមប្រឹក្សាឃុំស្រង់ កាលពីប៉ុន្មានថ្ងៃមុននេះ បានសរសេរថា “សូមគោរពជូនដំណឹងដល់សាធារណៈជនឲ្យបានជ្រាបថា៖ ដោយហេតុមានការខូចខាតផ្នែកខ្លះ នៃទ្វាទឹករបស់ទំនប់ស្លា ក្រុមការងារថ្នាក់ខេត្ត ស្រុក ព្រមទាំងឃុំបានព្រមព្រៀងគ្នាជាមាតិរួមដើម្បីមានការបង្ហូរទឹកចេញពីអាងស្តុកទឹក ដើម្យីធ្វើការជួសជល់ទ្វាទឹកតាមបច្ចេសទេសរបស់មន្ទីធនធានទឹក”។សូមបញ្ជាក់ថា អាងស្តុបទឹក “ទំនប់ស្លារ” គឺជាអាងមួយដ៏ធំអាចផ្ទុកទឹករាបលានម៉ែតគូប ស្ថិតភូមិស្រែមាន់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញភ្ញៀវក្នុងស្រុកមកកំសាន្ត លំហែកាយ ជិះទូកកំសាន្តលេង មានសួនផ្កា និងមានលក់ចំណីអាហារបែបស្រុកស្រែចំការដ៏មានឱជារស់ផងដែរ៕

Tags

Comment