• Today: December 22, 2024

ប្រជាពលរដ្ឋស្នើឲ្យអាជ្ញាធរចាត់វិធានការចំពោះថៅកែហាង «BACK STREET BAR» មានសំឡេងរំខានជារៀងរាល់យប់

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅជុំវិញ ហាងផឹកស៊ី យីហោ «BACK STREET BAR» ដែលមានទីតាំងស្ថិតតាមផ្លូវលេខ ៣០៨ ផ្ទះលេខ១៤B សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ អត់ទ្រាំនឹងសំឡេងរំខានមិនបាននាំផ្តិតមេដៃប្តឹងម្ចាស់ហាងទៅអាជ្ញាធរខណ្ឌដើម្បីមានវិធានផ្លូវច្បាប់។

តាមការឲ្យដឹងពីប្រជាពលរដ្ឋ បានឲ្យដឹងថា ហាងផឹកស៊ី «BACK STREET BAR» បង្កសំឡេងរំខានជារៀងរាល់យប់មិនគោរពច្បាប់ ឬសិទ្ធអ្នកដ៏ទៃនោឡើយ ផឹកស៊ី ច្រៀងរាំ ចាក់ភ្លេង ហ៊ោរ កញ្ជ្រៀវខ្លាំងៗលាន់ឭកងរំពងមួយយប់ទល់ភ្លឺ។

យោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ដាក់ជូនអភិបាលខណ្ឌចំការមន បានរៀបរាប់ថា «យើងខ្ញុំជាប្រជាពលរដ្ឋរស់នៅតំបន់ជុំវិញហាង BACK STREET BAR ដែលមានទីតាំងស្ថិតនៅក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ សុំប្តឹងម្ចាស់ហាង BACK STREET, BAR ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៤បេ ផ្លូវលេខ ៣០៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពីការបង្កជាសំលេងរំខានដល់ប្រជាពលរដ្ឋ»។

ប្រជាពលរដ្ឋ បានជម្រាបជូនអភិបាលខណ្ឌចំការមនមេត្តាជ្រាបថា «ហាងឈ្មោះ BACK STREET BAR បានបង្កជាការរំខានយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយបានបង្កជាសំឡេងរំខានយ៉ាងកងរំពងជារៀងរាល់យប់ដូចជា ច្រៀងរាំ ចាក់ភ្លេង ហ៊ោ កញ្ជ្រៀវខ្លាំងៗ លាន់លឺបែបអនាធិបតេយ្យមាន យប់ខ្លះរហូតដល់ម៉ោង ៤ ម៉ោង៥ ទាបភ្លឺទៀតផង។ បើទោះបីយើងខ្ញុំប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមេភូមិ បានប្រាប់រឿយៗ ទៅម្ចាស់ហាងឈ្មោះ BACK STREET BAR ដើម្បីកុំឱ្យបង្កការរំខានយ៉ាងណាក៏ដោយ ក៏ម្ចាស់ហាងឈ្មោះ BACK STREET BAR នៅតែផ្គើនដដែល»។

ប្រជាពលរដ្ឋ បានបញ្ជាក់ថា «ហេតុនេះ បានធ្វើឲ្យប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងមូលដ្ឋាននេះ មានការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះហាងឈ្មោះ BACK STREET BAR ដែលមិនព្រមគោរពសិទ្ធិអ្នកជិតខាង ដោយការបង្កជាសំលេងរំខានបែប នេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការសម្រាករៀងរាល់យប់របស់យើងខ្ញុំ ដែលជាប្រជាពលរដ្ឋរស់នៅជុំវិញ តំបន់នោះ និង សំណូមពរ មេត្តាចាត់វិធានការតាមផ្លូវច្បាប់ទៅលើ ម្ចាស់ហាង BACK STREET BAR ដើម្បីបញ្ឈប់ការបង្កជាសំលេងរំខានតទៅទៀត»។

ក្រោយពីមានពាក្យបណ្ដឹងប្រជាពលរដ្ឋ អាជ្ញាធរ និងម្ចាស់ហាង ព្រមទាំងប្រជាពលរដ្ឋ បានចូលរួមដើម្បីធ្វើការដោះស្រាយ ប៉ុន្តែលទ្ធផលខាងម្ចាស់ហាង ហាក់ដូចជាពុំមានឆន្ទៈក្នុងការអនុវត្តតាម ការណែនាំរបស់អាជ្ញាធរ និងសំណូមពររបស់ប្រជាពលរដ្ឋនោះឡើយ។

ក្នុងកំណត់ហេតុដោះ លោក ឡុក គឹមសាង មេធាវីតំណាងប្រជាពលរដ្ឋ បានសំណូមពរឲ្យគ្រប់គ្រងសំឡេងតាមកម្រិត ដែលច្បាប់បានកំណត់, សំណូមពរមានការបន្ថយសំឡេងចាប់ពីម៉ោង ១០យប់ទៅពីព្រោះមានម្តាយចាស់ជរា នៅផ្ទះជាខុនដូរ បន្ទប់ជួល ទើបមានការប៉ះពាល់ដល់អ្នករស់នៅក្នុងខុនដូ និងប្រជាពលរដ្ឋជុំវិញនេះ។

ជាការឆ្លើយតបចំពោះសំណូមពររបស់តំណាងប្រជាពលរដ្ឋ លោក កែវ ចិន្តា ម្ចាស់ភោជនីយដ្ឋាន BACK STREET BAR បានលើកឡើងថា «ខ្ញុំបើកប្រកបរបរចាប់ពីម៉ោង ១៨និង០០នាទីយប់ ដល់ម៉ោង ០២និង០០ទៀបភ្លឺ នៅពេលដែលខ្ញុំដាក់បេន តើអាចជូនដំណឹងទៅបានឬទេ? បញ្ហាសំឡេងរំខានមកពីខ្ញុំដាក់ បេន និង DJ ខ្ញុំនឹងបន្ថយសំឡេងតាមការស្នើសុំរបស់ប្រជាពលរដ្ឋ និងសុំរយៈពេល ១ខែ ដើម្បីតាមដានសំឡេងនៅក្នុងហាងយើងខ្ញុំ»។

មតិរបស់លោក ឱ លុចដានី អនុប្រធានភូមិ៥ បានបញ្ជាក់ថា «ក្នុងទីតាំងនេះពិតជាបង្ករសំឡេងរំខាន ដល់ប្រជាពលរដ្ឋ មានទាំងការស្រែកច្រៀង និងការចាក់សំឡេងលឺៗ ខ្ញុំបាទចង់អោយភាគីទាំងសងខាងមានការយោគយល់អាធ្យាស្រ័យគ្នាទៅវិញទៅមក»។

លោក ហេង ទេពហិ អនុប្រធានការិយាល័យសេដ្ឋកិច្ច និងអភិឌ្ឍន៍សហគមន៍ បានលើកជាមតិថា ភោជនីយដ្ឋានមានច្បាប់ត្រឹមត្រូវ។ ចំពោះភោជនីយដ្ឋានពុំមានភ្លេង ឬមានឧបករណ៍បំពងសំលេង ភោជនីយដ្ឋានមានជាលំហ មិនសូវមានការបិទបាំងនោះទេ។ លោកបន្ថែមថា ចំពោះម្ចាស់អាជីវកម្មបង្ករឲ្យមានសំឡេងរំខាន នោះអាជ្ញាធរ និងស្នើសុំទៅរដ្ឋបាលរាជធានីភ្នំពេញចុះសហការជាមួយមន្ទីរទេសចរណ៍រាជធានីភ្នំពេញ មន្ទីរបរិស្ថានរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យ ។

ចំពោះលទ្ធផលអង្គប្រជុំ រួមមានដូចខាងក្រោម៖ 

១- ភាគីទាំងពីរបានឯកភាពដោយទុករយៈពេលមួយខែ ដើម្បីឲ្យភាគីចុងបណ្តឹងទៅពិនិត្យបច្ចេកទេស និង គ្រប់គ្រងសំឡេងកុំឲ្យបង្កការរំខានដល់អ្នកជិតខាងចាប់ពីម៉ោង ២២និង០០នាទីយប់តទៅ។

២- បន្ទាប់ពីរយៈពេល ១ខែ ករណីនៅតែមានការបង្កសំលេងទៀតនោះអាជ្ញាធរខណ្ឌស្នើសុំទៅមន្ទីរទេសចរណ៍រាជធានីភ្នំពេញ មន្ទីរបរិស្ថានរាជធានីភ្នំពេញ ដើម្បីចុះត្រួតពិនិត្យវាស់កម្រិតសំលេង។

ក្នុងកិច្ចប្រជុំដោះស្រាយនោះ លោកអភិបាលបានឱ្យប្រជាពលរដ្ឋ ដែលរងការរំខានពីក្លឹបទាំងនោះ អាចទំនាក់ទំនងទូរសព្ទមកលោកផ្ទាល់ គឺលោកត្រូវតែដឹកនាំកម្លាំងអាជ្ញាធរ ចុះទៅពិនិត្យជាក់ស្ដែងតែម្តង៕

Tags

Comment