• Today: December 22, 2024

នាយឧត្តមសេនីយ៍ ស ថេត “លោកស្នងការនគរបាលរាជធានី-ខេត្តទាំងអស់ ត្រូវធ្វើការត្រួតពិនិត្យគ្រប់ប៉ុស្តិ៍ទាំងអស់ទូទាំងប្រទេស ត្រូវបើកទ្វារ ២៤ម៉/២៤ម៉ និងមានមន្ត្រីប្រចាំការ ដើម្បីទទួលបណ្តឹងពីប្រជាពលរដ្ឋ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលទើបនឹងឡើងតំណែងថ្មីៗនេះ បានធ្វើការណែនាំ និងបានដាក់ចេញនូវបទបញ្ជាដល់អស់លោកស្នងការនគរបាលរាជធានី-ខេត្តទាំងអស់ ត្រូវធ្វើការត្រួតពិនិត្យកម្លាំងឲ្យបានច្បាស់លាស់ គ្រប់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ទូទាំងប្រទេស ត្រូវបើកទ្វារ ២៤ម៉/២៤ម៉ និងមានមន្ត្រីប្រចាំការ ដើម្បីទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ។

បទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ នេះធ្វើឡើង នៅក្នុងពិធីប្រកាសតែងតាំង និងផ្ទេរមុខតំណែងអគ្គស្នងការរងនគរបាលជាតិ និងប្រគល់ភារកិច្ចជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ។

សូមជម្រាបថា នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ រៀបចំពិធីប្រកាសតែងតាំងមុខតំណែង អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ប្រព្រឹត្តទៅក្រោមអធិបភាព នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី  រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ឯកឧត្តម កើត ឆែ អភិបាលរង ជាតំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ 

សូមបញ្ដោក់ថា លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ត្រូវបាន រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ប្រកាសតែងតាំងមុខ តំណែងជាអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជំនួសឧត្តមសេនីយ៍ឯក ស ថេត  អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រម្ពុជា ត្រាស់បង្គាប់ តំឡើងឋានន្តរសក្តិជា «នាយឧត្តមសេនីយ៍»  និងតែងតាំងមុខតំណែងជាអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ៕

Tags

Comment