• Today: December 22, 2024

លោកផ្កាយពីរ ដុក ថុក ថាឯកឧត្តម ជា សុផារ៉ា ឲ្យដី៩០៥៧ហិកតា ខណៈឯកឧត្តម សេង ឡូត ថា អភិបាលខេត្តបាត់ដំបង ទើបជាស្ថាប័នមានសមត្ថកិច្ច

បាត់ដំបង៖ ផ្ទៃដីទំហំ៩០៥៧ហិកតា ស្ថិតក្នុងភូមិគោករការ ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ត្រូវបានមន្ត្រីយោធាផ្កាយពីរម្នាក់បម្រើរការងារនៅកងឯកភាពខុទ្ទកាល័យអគ្គបញ្ជាការ និងបក្ខពួកបានកាន់នូវឯកសារប៉ុន្មានសន្លឹក របស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដើរលក់ក្នុងតម្លៃមួយហិកតាពី២៥០០ទៅ៣០០០ដុល្លារ ខណៈដីធ្លីក្នុងភូមិសាស្ត្រនោះ កំពុងមានបញ្ហាដ៏ស្មុកស្មាញដែលអាជ្ញាធរកំពុងសម្របសម្រួលដោះស្រាយមិនទាន់បិទបញ្ចប់ផងនោះ។ 

តាមប្រភពព័ត៌មាន ច្បាស់ការណ៍ពីអ្នកស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានឱ្យដឹងថា បុគ្គលម្នាក់មានឈ្មោះ ដុក ថុក ជាមន្ត្រីយោធាពាក់ផ្កាយពីរនៅអគ្គបញ្ជាការ និងបក្ខពួក០៤នាក់ទៀត បានអួតក្អេងក្អាងប្រាប់មហាជនថា ឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកាត់ដីទំហំ៩០៥៧ហិកតា ក្នុងភូមិគោករការ ឃុំដូនបា ឱ្យមកពួកគេសម្រាប់បែងចែកគ្នាជាមួយប្រជាពលរដ្ឋជាង១០០គ្រួសារ។ ប្រភពបន្តទៀតថា បុគ្គលទាំងនោះ ក៏បានអះអាងថា ក្នុងផ្ទៃដីទំហំ៩០៥៧ហិកតា ពួកគេមានសិទ្ធចាត់ចែងលក់-ដូរបានទាំងអស់គ្មានបញ្ហាទេ និងធនារត់ការដើម្បីធ្វើប្លង់កម្មសិទ្ធ(ប្លង់រឹង)អោយទៀតផង ខណៈអាជ្ញាធរអះអាងថា គ្មានដីឯណាច្រើនដល់ម្លឹងៗនោះទេ។ 

ប្រភពពីពលរដ្ឋដដែលបានឱ្យដឹងទៀតថា បុគ្គលឈ្មោះ យ៉ុម យ៉ួម , ឈ្មោះ សយ រ៉យ , ឈ្មោះ តុប នួន និងឈ្មោះ ឆាយ ម៉ា ដោយមានការដឹងឮជាសាក្សីពីលោក ម៉ម សង មេភូមិគោករការ បានធ្វើកិច្ចសន្យាកាត់ដីឲ្យទៅឈ្មោះ ដុក ថុក ជាមន្ត្រីយោធាផ្កាយពីរនៅភ្នំពេញ និងលុយចំនួន១០ម៉ឺនដុល្លារ។ ទង្វើនេះហាក់បីដូចជាបុគ្គលប៉ុន្មាននាក់នេះ មានសិទ្ធអំណាច និងឥទ្ធិពលខ្លាំងជាង អាជ្ញាធរឃុំ ស្រុក មន្ត្រីជំនាញភូមិបាលស្រុក-ខេត្ត ជាពិសេសរដ្ឋបាលខេត្តបាត់ដំបងតែម្តង។

ពលរដ្ឋបានអះអាងបន្តថាបុគ្គលឈ្មោះ យ៉ុម យ៉ួម ,ឈ្មោះ សយ រ៉យ , ឈ្មោះ តុប នួន និងឈ្មោះ ឆាយ ម៉ា ជាមនុស្សចំណាកស្រុកពីកន្លែងផ្សេង បានមកស្នាក់នៅបណ្តោះអាសន្ន និងចាប់ដីក្នុងភូមិសាស្ត្រឃុំដូនបា ស្រុកគាស់ក្រឡ និងបានធ្វើសកម្មភាពមិនប្រក្រតីដូចជាការរៀបចំផែនការកាត់ដីលក់យ៉ាងណាធិបតេយ្យជាដើម។ នាដើមឆ្នាំ២០២៣នេះ បុគ្គលឈ្មោះ យ៉ុម យ៉ួម ហៅតាយ៉ួម និងបក្ខពួកបានកាត់ដីទំហំ៤០០ហិកតា ទៅឱ្យបុគ្គលមានបុណ្យស័ក្តិថ្នាក់ឧត្តមសេនីយ៍យោធាផ្កាយពីរម្នាក់ រួមទាំងប្រគល់លុយចំនួន១០ម៉ឺនដុល្លារទៀតផង។ ប្រជាពលរដ្ឋ បានចាត់ទុកថា ទង្វើរបស់បុគ្គល យ៉ុម យ៉ួម និងបក្ខពួកពិតជាខ្លាំងជាងចៅហ្វាយស្រុក ចៅហ្វាយខេត្ត និងខ្លាំងជាងស្ថាប័នរដ្ឋធំៗដទៃទៀតផងដែរ។ 

លោក យ៉ុម យ៉ួម ដែលអះអាងថា ខ្លួនជាតំណាងប្រជាពលរដ្ឋ ជាង១០០គ្រួសារ រស់នៅភូមិគោករការ ឃុំដូនបា ស្រុកគាស់ក្រឡ  បាននឹងកំពុងជាប់ពាក់ព័ន្ធកិច្ចសន្យាកាត់ដីធ្លីទំហំ ៤០០ហិកតា និងលុយ១០ម៉ឺនដុល្លារទៅឱ្យបុគ្គលឈ្មោះ ដុក ថុល ជាមន្ត្រីយោធាផ្កាយពីរ មានអត្តលេខ ០០៩៦៨៣ កងឯកភាពខុទ្ទកាល័យ អគ្គបញ្ជាការដ្ឋាន ក្រុមការងារ MSJ TV មិនអាចទំនាក់ទំនងសុំការបំភ្លឺបាននៅឡើយទេ ព្រោះលេខទូរស័ព្ទមិនអាចទាក់ទងបាន។ 

ចំណែកលោកឧត្តមសេនីយ៍ទោ ដុក ថុក ជាមន្ត្រីយោធានៅខុទ្ទកាល័យអគ្គបញ្ជាការ ដែលកំពុងឈរជាខ្នងបង្អែករៀបចំយុទ្ធសាស្ត្រដើម្បីច្បាមយកដីធ្លីចំនួន៩០៥៧ហិកតា ក្នុងភូមិគោករការ ឃុំដូនបា ស្រុកគាស់ក្រឡ ក្រុមការងារ MSJ TV បានព្យាយាមទំនាក់ទំនងជាច្រើនសារ ទូរស័ព្ទចូលហើយតែគ្មានអ្នកទទួល។ 

តាមប្រភពព័ត៌មានពីមន្ត្រីជាន់ខ្ពស់ អគ្គបញ្ជាការ បានបង្ហើបឱ្យដឹងថា ឈ្មោះ ដុក ថុក កាលពីមុនជាអតីតមន្ត្រីយោធាថ្នាក់ឧត្តមសេនីយ៍ទោបម្រើការងារនៅខុទ្ទកាល័យពិតប្រាកដមែន ប៉ុន្តែក្រោយមកបុគ្គលរូបនេះ ត្រូវចូលសោរធននិវត្តន៍។ មន្ត្រីជាន់ខ្ពស់រូបនេះបញ្ជាក់ថា ប្រសិនជាឈ្មោះ ដុក ថុក ដើរធ្វើសកម្មភាពផ្តេសផ្តាស់ ដូចជាករណី រំលោភយកដីធ្លី លក់-ដូរដីធ្លី ឬប្រព្រឹត្តទង្វើអ្វីផ្សេងៗដែលខុសច្បាប់ គឺមិនមានជាប់ពាក់ព័ន្ធអង្គភាពទេ តែបើបុគ្គលនោះយកឈ្មោះអង្គភាពទៅប្រើខុសច្បាប់ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។ 

សូមបញ្ជាក់ថា ក្នុងចំណោមដីធ្លីទំហំប្រមាណ៩០៥៧ហិកតា ស្ថិតក្នុងភូមិគោករការ ឃុំដូនបា ស្រុកគាស់ក្រឡ ដែលក្រុមលោក ដុក ថុក និងដៃជើងអះអាងថា ក្រសួងដែនដីកាត់ឲ្យពួកខ្លួននោះ ក៏គ្របលើដីរបស់ក្រុមហ៊ុនចិនមានទំហំជាង ៤០៦៧ហិកតា ដែលកំពុងទទួលរងការរំលោភពីសំណាក់ជនខិលខូចតាមគ្រប់រូបភាពហើយកំពុងដំណើរការដោះតាមយុទ្ធសាស្ត្រ "ឈ្នះ-ឈ្នះ" របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។ 

សូមបញ្ជាក់ថាលោកផ្កាយ២យោធាឈ្មោះ ដុក ថុក បច្ចុប្បន្នមានទីលំនៅ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងបក្ខពួកបួនទៅប្រាំនាក់ទៀត កំពុងប្រើប្រាស់គ្រប់យុទ្ធសាស្ត្រគៀងគរប្រជាពលរដ្ឋទាំងទីជិត និងឆ្ងាយដើម្បីឱ្យទិញដីធ្លី ទំហំ ៩០៥៧ហិកតា ចង់បានកន្លែងណាក៏បានដែរ ព្រោះអីលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស៊ីញ៉េប្រគល់ឱ្យអស់ហើយគ្មានបញ្ហាទេ។

ពាក់ព័ន្ធករណីជនខិលខូចនាំគ្នាប្រកាសលក់ដីធ្លីយ៉ាងអនាធិបតេយ្យ ក្នុងភូមិសាស្ត្រ ឃុំគោរការ ស្រុកគាស់ក្រឡនេះ អាជ្ញាធរស្រុកគាស់ក្រឡ ក៏ដូចជាអាជ្ញាធរខេត្តបាត់ដំបងមិនទាន់មានវិធានការច្បាប់លើជនទាំងនោះនៅឡើយទេ តែកន្លងមកលោក ញឹក សារ៉ែន ចៅហ្វាយស្រុកគាស់ក្រឡ ធ្លាប់កោះហៅបុគ្គលឈ្មោះ យ៉ុម យ៉ួម ,ឈ្មោះ សយ រ៉យ , ឈ្មោះ តុប នួន និងឈ្មោះ ឆាយ ម៉ា មកសួរនាំដែរ ប៉ុន្តែមកដល់ពេលនេះស្ងាត់ឈឹងគ្មានលទ្ធផលអ្វីឡើយ។

ឯកឧត្តម សេង ឡូត ជាអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ថ្មីៗនេះ ធ្លាប់ប្រាប់ MSJ TV ដូច្នេះថា “ក្រសួងបានប្រគល់ជូនរដ្ឋបាលខេត្តដែលជាស្ថាប័នមានសមត្ថកិច្ចថ្នាក់ក្រោមជាតិពិនិត្យកិច្ចការនឹង"។ 

ឯកឧត្តម សេង ឡូត បានមានប្រសាសន៍បញ្ជាក់ថា “ពេលឃើញលិខិតស្នាមនេះ គេ(ខេត្ត)ចេះធ្វើការហើយក្នុងនាមជាអង្គភាពមានសមត្ថកិច្ចហើយ ព្រោះមានទម្រង់នៃកិច្ចការបែបនឹងច្រើន។ ឯកឧត្តមអភិបាលខេត្តដឹងថាត្រូវធ្វើយ៉ាងម៉េចហើយ មិនមែនឃើញលិខិតតែប៉ុណ្ណឹងសាម៉ីដែលសំណើរនឹងមានសិទ្ធសម្រេច ឬទាមទារអ្វីទេ”។

ដោយឡែក លោក សួន សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តបាត់ដំបង នៅល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បានឆ្លើយជាមួយ MSJ TV យ៉ាងខ្លីពាក់ព័ន្ធករណីខាងលើនេះថា '"អរគុណ! ខ្ញុំពិនិត្យមើលរឿងនេះ"៕

Tags

Comment