• Today: December 22, 2024

ក្រុមឧក្រិដ្ឋជនជនជាតិចិន ចំនួន០៣នាក់ ធ្លាប់ធ្វើសកម្មភាពលួចលុយ និងទ្រព្យសម្បត្តិក្នុងរថយន្ត៥លើក ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន

ព្រះសីហនុ៖ ក្រុមឧក្រិដ្ឋជនជនជាតិចិន ចំនួន០៣នាក់ ដែលធ្លាប់ធ្វើសកម្មភាពវាយបំបែកកញ្ចក់រថយន្ត ដើម្បីលួចយកលុយកាក់ និងទ្រព្យសម្បត្តិមានតម្លៃផ្សេងៗ សរុប០៥លើក ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុបំបែកសំណុំរឿង ចាប់ខ្លួនដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។

ក្រុមជនសង្ស័យជនជាតិចិន ដែលធ្វើសកម្មភាពវាយបំបែកកញ្ចក់រថយន្តលួចយកលុយ និងទ្រព្យសម្បត្តិ​មានតម្លៃផ្សេងៗជាច្រើនលើកនោះ ត្រូវបានសមត្ថកិច្ចបង្ក្រាប នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ នេះ ស្ថិតនៅចំណុចភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងសម្របសម្រួលនិតិវិធីដោយតំណាងអយ្យការសាលាដំបូងខេត្តព្រះសីហនុ។

នគរបាលបានឱ្យដឹងថា កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ កន្លងមក ត្រង់ចំណុចតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែក្រុងព្រះសីហនុ ស្ថិតនៅភូមិ៣ សង្កាត់៣ ក្រុង-ព្រះសីហនុ មានករណីអំពើលួចមានស្ថានទម្ងន់ទោស វាយកញ្ចក់រថយន្តលួចយកលុយ និងសម្ភារមានតម្លៃជាច្រើន បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណជាជនជាតិចិន។ ករណីនេះ ជនរងគ្រោះបានបាត់បង់កាបូបមួយក្នុងនោះមានលុយខ្មែរ ចំនួន ២០លានរៀល ,លុយចំរុះគ្រប់ប្រភេទមួយចំនួន ,ប័ណ្ណសម្គាល់យានយន្ត០១សន្លឹក ,ប័ណ្ណបើកបរ០១សន្លឹក ,កាតធនាគារ០៥សន្លឹក ,ឯកសារ និងសម្ភារៈជាច្រើនទៀត។

ក្រុមឧក្រិដ្ឋជនទាំង០៣នាក់ រួមមាន ទី១- ឈ្មោះ SHEN AO ជនជាតិចិន មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ។ ទី២- ឈ្មោះ JIN CHANGGE ជនជាតិចិន មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ និងទី៣- ឈ្មោះ LI HONGYUAN ជនជាតិចិន មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ។

ពាក់ព័ន្ធករណីវាយកញ្ចក់រថយន្តលួចយកលុយខាងលើ បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាដល់ការិយាល័យជំនាញបានស៊ើបអង្កេត និងស្រាវជ្រាវកំណត់បានមុខសញ្ញាជនសង្ស័យជាជនជាតិ និងឈានដល់ការចាប់ខ្លួនតែម្តង។ ក្រោយពីការចាប់ខ្លួន សមត្ថកិច្ចដកហូតបានវត្ថុតាងលុយខ្មែរ ចំនួន២០លានរៀល លុយប្រទេសអាស៊ានចំរុះគ្រប់ប្រភេទ ផ្លាកលេខរថយន្ត ០២គូ  រថយន្ត០១គ្រឿង ម៉ាក TOYOTA CAMRY ស៊េរីឆ្នាំ២០០៧ ពណ៌ស ផ្លាកលេខភ្នំពេញ 2BH-1287 និងសម្ភារៈជាច្រើនទៀត។

ក្រុមជនជាតិសង្ស័យទាំង០៣នាក់ បានសារភាពថា «ក្រុមគេធ្លាប់បានធ្វើសកម្មភាពវាយកញ្ចក់រថយន្ត លួចយកកាបូបលុយសម្ភារ និងលួចដោះយកផ្លាកលេខរថយន្ត សរុបចំនួន០៥លើក រួមមាន លួចយកកាបូបលុយ និងសម្ភារ ចំនួន០៣លើក និងដោះស្លាកលេខរថយន្ត ចំនួន០២លើក» ក្នុងនោះលើកទី១- នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នៅចំណុចផ្លូវឆ្នេរឯករាជ្យ ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ , លើកទី២- នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ នៅចំណុចឆ្នេរអូរត្រេះ ស្ថិតនៅភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ និងលើកទី៣- នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ នៅចំណុចមុខតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែ ស្ថិតនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។

ក្រុមជនសង្ស័យបានសារភាពទៀតថា លួចដោះយកផ្លាកលេខរថយន្តចំនួន ០២លើក គឺលើកទី១ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ លួចយកផ្លាកលេខរថយន្តមួយគូ ស្លាកលេខកែប 2B-2122) នៅចំណុចក្រុមទី៨ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ និងលើកទី២ នៅអំឡុងចុងខែមីនា ឆ្នាំ២០២៣ លួចយកផ្លាកលេខរថយន្តមួយគូ បាត់ដំបង 2D-9008) នៅខេត្តបាត់ដំបង។

ចំពោះជនសង្ស័យជាជនជាតិចិតទាំង០៣នាក់ នគរបាលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្តព្រះសីហនុ កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ផ្តន្ទាទោសតាមផ្លូវច្បាប់៕

Tags

Comment