• Today: December 22, 2024

បិទកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២២ របស់ស្នងការដ្ឋាននគរបាលខេត្តកំពត និងផ្សព្វផ្សាយទិសដៅការងារអគ្គការស្នងការនគរបាលជាតិឆ្នាំ២០២៣

កំពត៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ នេះ លោកឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ង៉ាន់ ថារិទ្ធ អភិបាលរងខេត្តកំពត តំណាងអភិបាលខេត្ត បានអញ្ជើញចូលរួមបិទកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២២ របស់ស្នងការដ្ឋាននគរបាលខេត្តកំពត និងផ្សព្វផ្សាយទិសដៅការងាររបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិឆ្នាំ២០២៣។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានអានរបាយការណ៍ អំពី លទ្ធផលការងាររបស់ស្នងការដ្ឋាននគរបាលខេត្តកំពត ដែលបានសម្រេចនៅឆ្នាំ២០២២ កន្លងទៅ ហើយបានបង្ហាញអំពីការប្ដេជ្ញាចិត្តមួយចំនួនបន្តការការពារធានាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខេត្ដ ពិសេសអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ។

ជាមួយគ្នានេះឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរង នគរបាលជាតិ បានបង្ហាញនូវការកោតសរសើរ វាយតម្លៃខ្ពស់ចំពោះអ្វីដែលស្នងការដ្ឋាននគរបាលខេត្តកំពត សម្រេចបាននាពេលកន្លងទៅ។ លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា ទន្ទឹមនឹងលទ្ធផលល្អប្រសើរដូចរៀបរាប់ខាងលើ សូមឲ្យកងកម្លាំងនគរបាលជាតិ ខិតខំបន្ថែមទៀត ក្នុងការបង្កើនសមត្ថភាព បំប៉នជំនាញបន្ថែម និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្លាំងពាក់ព័ន្ធ ដើម្បីគ្រប់គ្រងសភាពការណ៍ ការពារសន្តិសុខសណ្ដាប់ធ្នាប់ នូវព្រឹត្តិការណ៍ធំៗ នៅក្នុងប្រទេស ដូចជាការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ និងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះឲ្យសម្រេចបានលទ្ធផលល្អប្រសើរជាបន្តបន្ទាប់ទៀត។

បន្ថែមពីនេះ ឧត្តមសេនីយ៍ឯក លន់ សុផាត បានណែនាំឲ្យពង្រឹងសមត្ថភាពបន្ថែមទៀត ដោយត្រូវធ្វើការហ្វឹកហ្វឺនជាប្រចាំប្រមូលផ្ដុំកម្លាំងនៅអង្គភាពព្រមទាំងរក្សាសាមគ្គីភាពផ្ទៃក្នុង ព្រោះជោគជ័យកន្លងមក គឺកើតចេញពីការសាមគ្គីភាពរបស់គណៈស្នងការ និងមន្ដ្រីទាំងអស់ជាពិសេសត្រូវពិនិត្យ វាយតម្លៃប្រកបដោយតម្លាភាព និងស្មើភាពគ្នា ដើម្បីស្នើលើកសរសើរ និងតម្លើងឋានន្ដរស័ក្ដិជាដើម៕

Tags

Comment