• Today: December 22, 2024

ពលរដ្ឋម្នាក់ចេញមុខបំភ្លឺថា ពុំមានករណីក្មេងស្ទាវយកដុំថ្មគប់ដូចគេបង្ហោះហ្វេសប៊ុកទេ គឺគាត់ជិះម៉ូតូកិនដុំថ្មដួលសន្លប់ខ្លួនឯង

ខេត្តបន្ទាយមានជ័យ៖ បុរសវ័យចំណាស់ម្នាក់ ត្រឡប់មកពីបុណ្យសពស្រវឹងធ្លាក់ភ្នែក ជិះម៉ូតូកិនដុំថ្មរអិលដួលម៉ូតូបណ្តាលឲ្យរបួសនិងសន្លប់ធំ ត្រូវបានអ្នកស្រុកក្បែរនោះឃើញបានជួយសង្គ្រោះ និងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកមង្គលបុរី។

ថ្មីៗនេះបែរជាមានអ្នកលេងហ្វេសប៊ុកម្នាក់បានប្រើប្រាស់គណនីឈ្មោះVorng Blach នៅថ្ងៃទី ១៦ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៩៖២០នាទី មាន (ករណីក្មេងស្ទាវគប់ដុំថ្មតាមដងផ្លូវមង្គលបូរី ភូមិស្ទឹងចាស់ផ្លូវទៅភូមិស្រមោច សូមប្រុងប្រយ័ត្ន)។

ក្រោយទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាកម្លាំងជំនាញផែនព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំងនគរបាលស្រុកមង្គលបូរី ចុះបើកការស៉ើបអង្គេតនិងស្រាវជ្រាវលើករណីនេះ យ៉ាងយកចិត្តទុកដាក់។

នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ ពលរដ្ឋឈ្មោះ ឈុន គិមឈយ ភេទ ប្រុស អាយុ៥៣ ឆ្នាំនៅភូមិ ស្ទឹងចាស់ ឃុំ គយម៉ែង ស្រុកមង្គលបូរី ខេត្ត បន្ទាយមានជ័យ បានបំភ្លឺថា កាលពីថ្ងៃទី១៦ ខែ មីនា ឆ្នាំ២០២៣ វេលាម៉ោង ១៩និង២០នាទីយប់ ដែលជាជនរងគ្រោះត្រូវបានគេបង្ហោះហ្វេសប៊ុកថា “ត្រូវបានក្មេងស្ទាវគប់ដុំថ្មត្រូវស្មាបណ្តាលអោយដួលសន្លប់យកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាព កម្ពុជា.ជប៉ុនស្រុកមង្គលបូរីជារឿងមិនពិតទេ តាមពិតគាត់មកពីបុណ្យសពហើយស្រវឹងស្រាស្រឺងៗហើយត្រឡប់ទៅផ្ទះវិញបន្ទាន់ ទៅទិញផ្លែត្រសក់នៅភូមិអង្គខ្មៅ ឃុំគយម៉ែង(ផ្លូវទៅភូមិស្រមោច)ក៏ជិះម៉ូតូបានប្រហែល៤០០ម៉ែត្រ ខាងកើតផ្ទះក៏កិនដុំថ្មក្រឡាច់ដួលបណ្តាលអោយគាត់សន្លប់តែម្តង។

អធិការដ្ឋាននគរបាលស្រុកមង្គលបូរី បានបំភ្លឺ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣នេះថា ឆ្លងតាមកាស៊ើបអង្គេត ពិនិត្យកន្លែងកើតហេតុ ស្រាវជ្រាវ ស្តាប់ការបំភ្លឺសាក្សី ដោយយកចិត្តទុកដាក់បំផុតរបស់នគរបាលជំនាញ ករណីនេះគឺ(មិនមែនជាការពិតនោះទេ )គឺពុំមានក្មេងស្ទាវគប់ដុំថ្មចំដើមទ្រូងដូចតាមការបង្ហោះ ហ្វេសប៊ុក នោះទេគឺគាត់ដួលម៉ូតូដោយខ្លួនឯង ពុំមានក្មេងស្ទាវឬជនណាយកដុំថ្មគប់ឡើយ។

លោកក៏សូមថ្លែងអំណរគុណ ដល់កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលតែងតែយកចិត្តទុកដាក់ យាម ល្បាត ការពារសន្តិសុខសណ្តាប់ធ្នាប់សង្គមទាំងយប់ទាំងថ្ងៃ ដើម្បីភូមិ ឃុំសង្កាត់មានសុវត្ថិភាព៕

Tags

Comment