• Today: December 22, 2024

រថយន្តព្រូសបុកម៉ូតូ MSX ដាច់ជាពីរប៉ើងធ្លាក់ប្រឡាយ បណ្តាលឲ្យស្លាប់កម្មករសំណង់ម្នាក់

បន្ទាយមានជ័យ៖  រថយន្តព្រូសមួយគ្រឿង បានបុកម៉ូតូកម្មករសំណង់ម្នាក់ដាក់ជាពីរប៉ើងធ្លាក់ប្រឡាយ បណ្តាលឲ្យស្លាប់មនុស្សម្នាក់នៅនឹងកន្លែងកើតហេតុ។

ករណីគ្រោះចរាចរណ៍ខាងលើ កើតឡើងនៅយប់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ជិតមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នគរបាលបានឲ្យដឹងថា ក្នុងហេតុការណ៍នេះ មានរថយន្តមួយគ្រឿង ម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខបន្ទាយមានជ័យ A2-9222 បើកបរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចគ្រោះថ្នាក់ បានរេចង្កូតមកបុកម៉ូតូមួយគ្រឿង ម៉ាក MSX បណ្ដាលឱ្យដាច់ជាពីរប៉ើងធ្លាក់ចូលប្រឡាយ បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗ រួចតៃកុងចុះរត់គេចខ្លួនបាត់ស្រមោល។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ខ្មាក់ ភេទប្រុស អាយុ ២០ឆ្នាំ ជាកម្មករសំណង់ រស់នៅភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

បច្ចុប្បន្ន សពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្ត និងម៉ូតូត្រូវកម្លាំងនគរបាលស្ទួចយកមករក្សាទុកកន្លែងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីចាត់ការតាមផ្លូវច្បាប់៕

Tags

Comment