• Today: December 22, 2024

រាជរដ្ឋាភិបាលផ្តល់ សាច់ប្រាក់ឧបត្ថម្ភលើកទី២ ក្រោមកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសាររងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ បានមានប្រសាសន៍ថា, បងប្អូនជនរួមជាតិទាំងអស់ជាទីស្រលាញ់ និងជាទីនឹករលឹក!

ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមជម្រាបជូនជនរួមជាតិទាំងអស់ ឱ្យបានជ្រាបថា អនុលោមតាមសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គមលេខ ១៣៤/សហវ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ស្តីពីយន្តការ និងនីតិវិធី នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារ ងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា, រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ឱ្យដំណើការ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ដោយបាន បើកផ្តល់សាច់ប្រាក់ឧបត្ថម្ភលើកទី១រួចរាល់កាលពីថ្ងៃទី១០ខែធ្នូឆ្នាំ២០២២កន្លងមកដែលគ្រួសារប្រជាពលរដ្ឋងាយរងហានិភ័យដែលត្រូវបានកំណត់អត្តសញ្ញាណបានទៅបើកប្រាក់ឧបត្ថម្ភនៅបញ្ជរវឹង នៅទូទាំងប្រទេស។

តាមការសន្យា, រាជរដ្ឋាភិបាលនឹងចាប់ផ្ដើមបើកផ្ដល់សាច់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារ ប្រជាពលរដ្ឋគោលដៅដែលបានកំណត់អត្តសញ្ញាណរួច ចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នេះតទៅ។ អាស្រ័យហេតុនេះ ខ្ញុំសូមអញ្ជើញគ្រួសារងាយរងហានិភ័យដែលបានកំណត់អត្តសញ្ញាណទាំងអស់ រួមទាំងគ្រួសារងាយហានិភ័យទទួលបានប្រាក់ឧបត្ថម្ភលើកទី១, គ្រួសារគោលដៅក្រោមកម្មវិធីជំនួយសង្គម ជាសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ដែលបានបិទបញ្ចប់ និងគ្រួសារងាយរងហានិភ័យដែលទើបបានកំណត់អត្តសញ្ញាណថ្មី និងបានផ្ទៀងផ្ទាត់ឈ្មោះនៅឃុំ/សង្កាត់ រួចរាល់ ទៅបើកប្រាក់ឧបត្ថម្ភ នៅតាមបញ្ញរវឹងណាមួយ ដែលនៅជិតកន្លែងបងប្អូនរស់នៅ ដើម្បីទទួលបាន សាច់ប្រាក់ឧបត្ថម្ភលើកទី២ ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ពិសេសនេះ កុំបីខាន។

ខ្ញុំសូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវអន្តរាគមន៍គាំពារសង្គមនានា ក្នុងអំឡុងពេល មានវិបត្តិ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់គ្រួសារប្រជាពលរដ្ឋកម្ពុជា ពិសេសគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលនេះស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការ មិនបោះបង់នរណាម្នាក់ចោល និងបានបង្ហាញយ៉ាងច្បាស់អំពីភាពជាម្ចាស់ការ និងភាពជាអ្នកដឹកនាំ ដ៏ប៉ិនប្រសប់របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំ និងប្រកបដោយ ភាពធន់, សមធម៌, និងបរិយាបន្ន។ រាជរដ្ឋាភិបាលនឹងបន្តយកចិត្តទុកដាក់អំពីសុខុមាលភាពរបស់ ប្រជាពលរដ្ឋកម្ពុជា និងដាក់ចេញនូវអន្តរាគមន៍គាំពារសង្គមនានា ឱ្យបានទាន់ពេល តាមការចាំបាច់។

Tags

Comment