• Today: December 22, 2024

ឃាត់ខ្លួនជនជាតិចិន២នាក់ដែលជាប់ពាក់ព័ន្ធករណីសង្ស័យចាប់ជំរិតទារប្រាក់

ភ្នំពេញ៖ជនជាតិចិន០២នាក់ដែលជាប់ពាក់ព័ន្ធនឹងករណីសង្ស័យចាប់ជំរិតជនជាតិចិនដូចគ្នាត្រូវបានកម្លាំងសមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យធ្វើការបង្ក្រាប​ កាលពីវេលាយប់ថ្ងៃទី ០៦ ខែមេសា​ ឆ្នាំ២០២៣ នៅក្នុងបុរីឈូកវ៉ា២ ខណ្ឌពោធិ៍សែនជ័យ។ 

   ជនសង្ស័យជាជនជាតិចិនទាំងពីរនាក់ម្នាក់មានឈ្មោះ Ma Jian Donco ភេទប្រុស អាយុ៣៨ឆ្នាំ និងម្នាក់ទៀតមានឈ្មោះ Wanco YonFu ភេទប្រុស អាយុ៤២ឆ្នាំ ។ អ្នកទាំង២មានទីលំនៅក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ ចំណែកឯជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ ព្រោះកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ជុំវិញករណីខាងលើនេះដែរ បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានរៀបរាប់ឱ្យដឹងថា នៅមុនពេលកើតហេតុគេសង្កេតឃើញក្រុមជនសង្ស័យជាជនជាតិចិនទាំងពីរនាក់ខាងលើបានធ្វើសកម្មភាពប្រើស្គុតនិងខ្សែចំណងចងដៃជើងទៅលើបុរសជាជនជាតិចិនម្នាក់ទៀត ដោយមិនទាន់ដឹងថាការប្រើប្រាស់ហិង្សានេះធ្វើឡើងនៅក្នុងគោលបំណងអ្វីនោះឡើយ។ 

   ក្រោយពីប្រទះឃើញរឿងហេតុបែបនេះហើយនោះ ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋានដើម្បីសុំកិច្ចអន្តរាគមន៍បន្ទាន់ភ្លាមៗផងដែរ។  ក្រោយពីទទួលបានព័ត៌មាននេះហើយ កម្លាំងសមត្ថកិច្ចមូលដ្ឋានរួមទាំងកម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌបានចុះធធ្វើអន្តរាគមន៍ដល់ទីតាំងកើតហេតុភ្លាមៗ ដោយបានធ្វើការជួយសង្គ្រោះដល់ជនរងគ្រោះនៅក្នុងករណីខាងលើនោះ។ 

ប្រភពដដែលបានឱ្យដឹងទៀតថា ភ្លាមៗនោះនៅពេលដែលសមត្ថកិច្ចទៅដល់ ក្រុមជនសង្ស័យទាំងពីរនាក់បានព្យាយាម បើករថយន្តចេញពីកន្លែងកើតហេតុដើម្បី រត់គេចពីកម្លាំងសមត្ថកិច្ច ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏កម្លាំងសមត្ថកិច្ចនៅតែព្យាយាមស្រាវជ្រាវរហូតតាមចាប់ឃាត់បាននៅយប់ថ្ងៃខែដដែលនោះផងដែរ ។ 

   សូមបញ្ជាក់ថា ជនរងគ្រោះដែលជាជនជាតិចិនត្រូវក្រុមជនសង្ស័យប្រើស្គុតរុំពេញផ្ទៃមុខ និងបានប្រើខ្សែចំណងចងដៃភ្ជាប់ទៅនឹងជើង ដែលធ្វើឱ្យជនរងគ្រោះ មិនអាចស្រែកដង្ហោយរកការជួយ ឬក៏រើបម្រះពីក្រុមជនសង្ស័យបាននោះឡើយ។ 

 បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខណៈដែលក្រុមជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចជំនាញធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីលម្អិតនិងដឹងពីដំណើររឿងនៃការណ៍ពិតដែលបានកើតឡើងក៏ដូចជាត្រៀមបន្តនីតិវិធីច្បាប់នៅពេលខាងមុខផងដែរ ។ 

  ជុំវិញករណីខាងលើនេះនៅមិនទាន់មានប្រភពព័ត៌មានណាមួយបង្ហើបឱ្យដឹងថាជាករណីអ្វីឱ្យពិតប្រាកដនៅឡើងនោះទេ ហើយក៏នៅមិនទាន់ដឹងថា ក្រុមជនសង្ស័យប្រើវិធីនេះទៅលើជនរងគ្រោះក្នុងគោលបំណងអ្វីឱ្យពិតប្រាកដដែរ ។ បន្ថែមពីនេះទៅទៀតក៏មិនមានប្រភពបញ្ជាក់ថាអ្នកទាំងបីជាមនុស្សធ្លាប់ស្គាល់គ្នាឬក៏អត់នោះទេ

Tags

Comment