• Today: December 22, 2024

ករណីជនល្មើសបន្លំខ្លួន ជាគ្រូបង្រៀន ចាប់រំលោភកុមារី អាយុ ១៣ឆ្នាំ នៅខណ្ឌពោធិ៍សែនជ័យ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌចាប់ខ្លួន

ភ្នំពេញ៖ ជនល្មើសដែលក្លែងបន្លំខ្លួនជាគ្រូបង្រៀនថ្នាក់ទី៩ រួចបានធ្វើសកម្មភាពលួងលោមក្មេងស្រី អាយុ១៣ឆ្នាំ ដឹកដើម្បីយកទៅប៉ុនប៉ងចាប់រំលោភសេពសន្ថវៈមិនបានសម្រេច ដោយកុហក់ថាវិញ្ញាសារត្រៀមប្រឡងថ្នាក់ទី៩នោះ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ស្រាវជ្រាវ និងចាប់ខ្លួនបានហើយ។

នគរបាលនាយកដ្ឋានព្រហ្មទណ្ឌ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ នេះ បានធ្វើការបង្ហាញមុខជនល្មើសឈ្មោះ ជា ធារិត ភេទប្រុស អាយុ៣៨ឆ្នាំ ត្រូវបានចាប់ខ្លួន នៅវេលាម៉ោង ១៣និង៣០នាទី នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ នៅចំណុច ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលចាប់រំលោភក្មេងស្រីអាយុ១៣ឆ្នាំ។

នគរបាលបានឲ្យដឹងថា បន្ទាប់ពីជនល្មើសបានធ្វើសកម្មភាពរំលោភសេពសន្ថវៈ ទៅលើកុមារីរងគ្រោះអាយុ១៣ឆ្នាំ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងអង្គការកាពារកុមាហៅកាត់ CPU ធ្វើការស្រាវជ្រាឃានដល់ការឃាត់ខ្លួន។

នគរបាលនាយកដ្ឋានព្រហ្មទណ្ឌ បានឲ្យដឹងទៀតថា ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបញ្ជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃយ៉ាងយកចិត្តទុកដាក់។

លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាននគបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានដឹកនាំសហការជាមួយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងអធិការដ្ឋាននគរបាលពោធិ៍សែនជ័យនិងអង្គការកាពារកុមាហៅកាត់ CPU បានធ្វើការស្រាវជ្រាវរហូតឈានដល់ការកំណត់មុខសញ្ញានិងឃាត់ខ្លួនបានសម្រេច។

គួររំលឹកផងដែរ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ជនសង្ស័យឈ្មោះ ជា ធារិត ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ បានជិះម៉ូតូទៅទិញទឹកក្រឡុក បុរីឈូកវ៉ា២ ក្នុងខណ្ឌពោធិ៍សែនជ័យ  របស់ម្ដាយកុមារីរងគ្រោះ ជនសង្ស័យព្រមទាំងបានក្លែងខ្លួនជាគ្រូបង្រៀន ហើយបានអះអាងប្រាប់ម្ដាយកុមារីរងគ្រោះថា ខ្លួនគ្រូបង្រៀន និងមានវិញ្ញាសារប្រឡងថ្នាក់ទី៩។ 

បន្ទាប់មកម្ដាយកុមារីរងគ្រោះ មានការជឿទុកចិត្ត ក៏បានទាក់ទងទៅឈ្មោះ ជា ធារិត លុះដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ ឈ្មោះ ជា ធារិត បានមកទាក់ទងមកឪពុកកុមារីរងគ្រោះជាច្រើនដង ដើម្បីឲ្យកុមារីរងគ្រោះយកវិញ្ញាសារប្រឡងថ្នាក់ទី៩ ហើយជនសង្ស័យឈ្មោះ ជា ធារិត ក៏បានជិះម៉ូតូទៅយកកុមារីរងគ្រោះពីចំណុចសាលាវិទ្យាល័យ ភ្នំពេញថ្មី ដឹកទៅសាលាវិទ្យាល័យជម្ពូវ័ន ដើម្បីយកវិញ្ញាសារស្រាប់តែពេលនោះឈ្មោះ ជា ធារិត បានដឹកកុមារីរងគ្រោះទៅទីតាំងផ្សេងទៅវិញ ហើយប្រាប់ទៅកាន់កុមារីរងគ្រោះថា ខ្លួនដឹកកុមារីរងគ្រោះទៅយកវិញ្ញាសារ នៅម្ដុំវត្ថតាំក្រសាំងខាងត្បូងវិញ។

នគរបាលបន្តទៀតថា ពេលទៅដល់វត្តតាំងក្រសាំងខាងត្បូងឈ្មោះ ជា ធារិត បានរុញកុមារីរងគ្រោះចូលក្នុងបន្ទប់ទឹកចាស់មួយកន្លែង ហើយបានយកកូនកាំបិតគំរាមទៅកាន់កុមារីរងគ្រោះដើម្បីធ្វើសកម្មភាពរំលោភតែមិនបានសម្រេច។ បន្ទាប់មកពេលធ្វើសកម្មភាពរួចឈ្មោះ ជា ធារិត បានគំរាមទៅកាន់កុមារីរងគ្រោះថា កុំឲ្យស្រែក បើហ៊ានស្រែកខ្លួននឹងចាក់សម្លាប់ចោលមិនខាន រួចបានដឹកកុមារីរងគ្រោះទៅទីតាំងហាងបញ្ចាំ ដើម្បីបញ្ចាំទូរស័ព្ទរបស់ខ្លួន ព្រមទាំងបានបញ្ចុះបញ្ចូកុមារីរងគ្រោះឲ្យចូលផ្ទះសំណាក់ជាមួយខ្លួន តែកុមារីរងគ្រោះបានប្រកែកមិនព្រមចូលនោះទេ ហើយឈ្មោះ ជា ធារិត ក៏បានដឹកកុមារីរងគ្រោះទៅកាន់ទីតាំសាលាវិទ្យាល័យភ្នំពេញថ្មីវិញ រួចគេចខ្លួនបាត់តែម្ដង។

 

នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ កំលាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងអង្គការកាពារកុមា ហៅកាត់ CPU បានធ្វើការឃាត់ខ្លួនឈ្មោះ ជា ធារិត នៅចំណុចហាងបញ្ចាំដែលមានទីតាំងស្ថិតនៅ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញតែម្តង។

បច្ចុប្បន្ន ជនល្មើសឈ្មោះ ជា ធារិត ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌកំពុងធ្វើការសាកសួរ និងបានប្រគល់ជនល្មើសខាងលើជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ជាម្ចាស់ករណីចាត់ការបន្តតាមនីតិវិធី៕

Tags

Comment