• Today: December 22, 2024

ផ្អើលម្ចាស់ដើមការទាំងកូនកម្លោះ និងកូនក្រមុំរត់ជាន់ជើងគ្នាប្រសាច ដោយសារឆ្លងបណ្តាញចរន្តអគ្គិសនីឆេះបង្គោលភ្លើងបង្កភ្លើងជាប់រោងការ

 ភ្នំពេញ៖ ផ្អើលម្ចាស់ដើមការទាំងកូនកម្លោះ កូនក្រមុំ និងសាច់ញាតិរត់ប្រសាចជាន់ជើងគ្នា ដោយសារឆ្លងចរន្តអគ្គិសនីនៅបង្គោលភ្លើងជាប់រោងបង្កជាអគ្គីភ័យ ប៉ុន្តែបានអ្នកជិតខាងជួយយកបំពង់ពន្លត់អគ្គីភ័យជួយបាញ់បន្លត់ និងសមត្ថកិច្ចចុះទៅអន្តរាគមន៍ភ្លាមៗផងដែរ។

ហេតុការណ៍ផ្អើលឆោឡោពេលរោងការក្នុងថ្ងៃចូលរោងនេះ បានកើតឡើងនៅវេលាម៉ោង ១១និង១០នាទីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣នេះ ស្ថិតក្នុងបុរី ហុក ឆេង ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ 

តាមសាក្សីបានឱ្យដឹងថា មុនពេលកើតហេតុ ក្នុងពេលយប់ស្ងាត់កើតមានករណីឆ្លងចរន្តអគ្គិសនី នៅបង្គោលចែកចាយបណ្តាញអគ្គិសនីមួយដើម ស្ថិតជាប់នឹងរោងមង្គលការដែលត្រូវហែរជំនួននៅព្រឹកថ្ងៃទី០៧ ខែមេសានេះ ផ្ទុះឡើងបង្កជាអណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅធ្វើឱ្យផ្អើលម្ចាស់ដើមការទាំងកូនកម្លោះ កូនក្រុមុំ សាច់ញាតិ និងបងប្អូនប្រជាពលរដ្ឋ រស់នៅជុំវិញនាំគ្នារត់ភ័យស្លន់ស្លោរព្រលឹងចុងសក់យកបំពង់បាញ់ពន្លត់អគ្គីភ័យបាញ់ទប់ស្កាត់អស់ប្រមាណ ១០បំពង់ទើបភ្លើងបានរលត់ទៅវិញ។ ប្រភពបន្តទៀតថា ពេលមានករណីឆ្លងចរន្តអគ្គិសនីឆេះបង្គោលភ្លើងនោះ ប្រជាពលរដ្ឋ បានរាយការណ៍ដល់អាជ្ញាធរមានសមត្ថកិច្ចយករថយន្តពន្ធត់អគ្គីភ័យមកជួយអន្តរាគមន៍ដើម្បីទប់ស្កាត់ផងដែរ ប៉ុន្តែមិនបានប្រើប្រាស់ទឹកបាញ់ពន្លត់ទេ ព្រោះប្រជាពលរដ្ឋប្រើបំពង់បាញ់ពន្លត់ និងទប់ទល់បានទាន់ពេលវេលា។

សូមបញ្ជាក់ថា ក្នុងហេតុការភ្ញាក់ផ្អើលក្នុងរោងមង្គលការខាងលើ មិនបង្កឱ្យមានការឆេះរាលដាលដល់ផ្ទះ ឬគ្រោះថ្នាក់ដល់មនុស្សឡើយ គ្រាន់តែឆេះខូចខាតខ្សែភ្លើង ខូចខាតផ្លែឈើ និងសម្ភារៈសម្រាប់ហែរជំនូនរបន្តិចបន្តួចតែប៉ុណ្ណោះ ៕

Tags

Comment