តាកែវ៖ ពិតជាមានកំណើតណាស់ ចៅបង្កើតបានធ្វើសកម្មភាពគាស់ទ្វាបន្ទប់ដេកជីតា និងគាស់ថតតុលួចយកលុយជាង១ម៉ឺនដុល្លារ ព្រមទាំងគ្រឿងអលង្កាខ្សែក០២ខ្សែយកទៅទិញម៉ូតូ និងទូរស័ព្ទស៊េរីទំនើបឲ្យពួកម៉ាក ចំនួន០៣នាក់ ម្នាក់ៗមួយគ្រឿង ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនទាំងអស់។
កម្លាំងនគរបាល នៃអធិការដ្ឋានស្រុកត្រាំកក់ ក្រុមជនសង្ស័យចំនួន០៤នាក់ ត្រូវបានជំនាញស្រាវជ្រាវ បង្ក្រាប និងឃាត់ខ្លួនតាមពាក្យប្តឹងជនរងគ្រោះម្នាក់ បានប្តឹងចៅបង្កើតរបស់ខ្លួនបានលួចគាស់លួចយកលុយអស់ជាង១ម៉ឺនដុល្លារ រួមទាំងខ្សែក ០២ខ្សែ កាលថ្ងៃទី០២ខែ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅ។
នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ នេះ លោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា នៅវេលាម៉ោង ៣និង៣០នាទី នៅថ្ងៃ០២ ខែមេសា ២០២៣ កន្លងមក ភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគាស់ទ្វាផ្ទះចូលលួចលុយ និងគ្រឿងអលង្កាអស់មួយចំនួន ខណៈជនរងគ្រោះមិននៅផ្ទះ។
លោក ឌុក ធីយ៉ា បន្តទៀតថា ក្រោយកើតហេតុ និងមានបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចជំនាញបានបើកការស៊ើបអង្កេត និងស្រាវជ្រាវ ឃាត់ដល់ជនសង្ស័យ ចំនួន០៤នាក់ រួមមាន៖
ទី១- ឈ្មោះ មូល ពិសិដ្ឋ ហៅពេជ្រ ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវជាចៅបង្កើត របស់ជនរងគ្រោះជាអ្នកធ្វើសកម្មភាពលួចផ្ទាល់ ដកហូតវត្ថុតាង ម៉ូតូ ម៉ាកនិចផលិតឆ្នាំ២០២៣ គ្មានផ្លាកលេខ ០១គ្រឿង ,ទូរសព្ទអាយហ្វូន១៣ប្រូ ០១គ្រឿង ,ខ្សែក០២ខ្សែរ និងប្រាក់ដុល្លារ ចំនួន១ម៉ឺនដុល្លារ។
ទី២- ឈ្មោះ អុឹង សុភានុត ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិអូឈើនាងខាងលិច ឃុំអូរឈើនាង ស្រុកកំពង់ត្រាច ដកហូតវត្ថុតាង ម៉ូតូ ម៉ាកនិច ផលិតឆ្នាំ២០២៣ គ្មានផ្លាកលេខ ០១គ្រឿង ,ទូរសព្ទ អាយហ្វូន ១៣ប្រូ០១គ្រឿង ទទួលផលកម្ម។
ទី៣- ឈ្មោះ រ៉េន ចាន់យូរ ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិកំពង់ត្រាចទី២ ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ដកហូតវត្ថុតាងម៉ូតូ ម៉ាកនិច ផលិតឆ្នាំ២០២៣ គ្មានផ្លាកលេខ ០១គ្រឿង , ទូរសព្ទ អាយហ្វូន ១៣ប្រូ ០១គ្រឿង។
ទី៤- ឈ្មោះ ហេង មករា ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិរបងក្រាស់ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ដកហូតវត្ថុតាងម៉ូតូ ម៉ាកនិច ផលិតឆ្នាំ២០២៣ គ្មានផ្លាកលេខ ០១គ្រឿង ; ទូរសព្ទ អាយហ្វូន ១២ប្រូ ០១គ្រឿង។
លោកវរសេនីយ៍ឯក ឌុក ធីយ៉ា បានបញ្ជាក់ថា ជនរងគ្រោះនានឈ្មោះ អ៊ុយ ម៉ៅ ភេទប្រុស អាយុ ៦៩ឆ្នាំ រស់នៅភូមិមហាសេនា ឃុំតាភេម ត្រូវបានក្រុមចោរប្រដាប់ដោយកាំបិទធ្វើសកម្មភាពគាស់ទ្វាផ្ទះ និងគាស់ថតតុលួយយក ខ្សែកមាសចំនួន០២ខ្សែ នុងប្រាក់ដុល្លារ ចំនួន១៤ ៥០០ដុលា្លរ រួចគេចខ្លួនបាត់។
ដោយអនុវត្តតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈាង ណារ៉ុង ស្នងការនគរបាលខេត្តតាកែវ ក្រោមការសម្របសម្រួលនិយិវិធីដោយលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៦នុង០០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកដឹកនាំផ្ទាល់ដោយលោក ឌុក ធីយ៉ា សហការជាមួយកម្លាំងស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់តែម្តង។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ កំពុងសាកសួរ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕
Comment