• Today: December 22, 2024

ដើមកញ្ឆាជាង១ម៉ឺនដើម រួមនឹងជនសង្ស័យ ចំនួន០២នាក់ ត្រូវ​បានសមត្ថកិច្ច​ខេត្តមណ្ឌលគិរី ដុតកម្ទេចចោល និងចាប់ឃាត់ខ្លួន

មណ្ឌលគិរី៖ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀន កម្លាំងអន្តរាគមន៍ និងកម្លាំងអធិការស្រុកពេជ្រាដា ខេត្ត​មណ្ឌ​ល​គិរី​ បាន​ចុះ​បង្ក្រាបទីតាំងដាំកញ្ឆាមួយកន្លែង ដោយបានកម្ទេចចោល​ដើមកញ្ឆា ចំនួនជាង១ម៉ឺនដើម​ និងបានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម ចំនួន០​២នាក់ផងដែរ។​

ប្រតិបត្តិការនេះបានធ្វើឡើង​ នៅថ្ងៃទី​១៥ ខែមេសា ឆ្នាំ ២០២៣ ដែលដឹកនាំដោយលោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី​។​ ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាល​បានឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ជាជនជាតិវៀតណាម បានជួលដីខ្មែរដាំកញ្ឆា​ ​នៅភូមិម៉េប៉ៃ​ ឃុំពូជ្រៃ​ ស្រុកពេជ្រាដា​​​។ 

របាយការណ៍បានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការនេះ កងកម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន២​នាក់ ឈ្មោះ ង្វៀន​ វ៉ាន់ហ្វាង​ ភេទប្រុស អាយុ ៣២ឆ្នាំ​​ និងឈ្មោះ ហ្វាម​ វ៉ាន់ថាយ​ ភេទប្រុស អាយុ ​២៧ឆ្នាំ​។ ​​ជាមួយនឹងការ​ឃាត់ខ្លួននោះ កងកម្លាំង​មានសមត្ថកិច្ច បាន​ចាប់យកបានវត្ថុតាងមួយចំនួន​រួមមាន៖​ កញ្ឆាស្ងួតចំនួន​ ០២កញ្ចប់,​ ជីគីមីចំនួន​ ៣០​ ការុង​, ថ្នាំបំប៉នកញ្ឆា២៧កំប៉ុង, កែវជ័របណ្តុះកូនកញ្ឆា ចំនួន​ ៥០០កែវ, ជញ្ជីងថ្លឹងកញ្ឆាក្រៀម​ ចំនួន ៣គ្រឿង, ម៉ាស៊ីនអ៊ុតកញ្ចប់កញ្ឆា ចំនួន​ ០៣​ គ្រឿង,​​ ថង់វេចខ្ចប់កញ្ឆា ចំនួន​ ៤៣៨ ថង់, ​ជីម្សៅបំប៉នកញ្ឆា​ ចំនួន​ ៨កញ្ចប់,​ ថ្នាំជ្រលក់កញ្ឆា ចំនួន​ ១២កំប៉ុង​ រួមនឹង​វត្ថុជាមួយចំនួនទៀត។

ក្នុង​ពេលចុះបង្រ្កាបនោះដែរ ​សមត្ថកិច្ច​ក៏​បាន​កាប់ដើមកញ្ឆាស្រស់​ នឹងដុតកម្ទេចចោលចំនួន​ ១​០​៦៧​១​ ដើម​ដែលមានទម្ងន់​ ១២០៥គីឡូក្រាមផងដែរ ហើយបច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួន​ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី ចាត់ការតាមនីតិវិធី៕​​​

Tags

Comment