• Today: December 22, 2024

លោក ហ៊ុយ វណ្ណៈ បានលើកឡើងថា កម្ពុជាយើង រីកចម្រើនគួរជាទីមោទន!

 

ភ្នំពេញ ៖ នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានលើកពីការរីកចម្រើន របស់ប្រទេសជាតិ លោកចាត់ទុក កម្ពុជាយើង រីកចម្រើនគួរជាទីមោទន! ក្នុងនោះ លោកលើកនូវ ចំណុចសំខាន់ៗ ចំនួន ៤ មកបញ្ជាក់យ៉ាងដូច្នេះថា 

 

១. ខ្ញុំធ្វើដំណើរជាមួយសហការី ដោយរថយន្តពី ភ្នំពេញ-សៀមរាប តាមផ្លូវជាតិលេខ៦ ដ៏ស្រស់ស្អាត។ យើងមិនឈប់នោមតាមព្រៃដូចមុនទេ គឺយើងអាចចូលតាមស្ថានីយ៍ប្រេង ដែលបានរៀបចំយ៉ាងល្អស្អាត មិនចាញ់បណ្តាប្រទេសជឿនក្នុងតំបន់និងអន្តរជាតិដែលខ្ញុំធ្លាប់ទៅដល់នោះទេ។ ផ្លូវជាតិលេខ៥ ភ្នំពេញ-ពោធិ៍សាត់ ក៏ល្អស្អាត មិនចាញ់ផ្លូវហាយវេ នោះដែរ។ ថ្ងៃមុន ខ្ញុំគណនាខុស ដោយគិតថានឹងធ្វើដំណើរយូរ តែការពិត ប្រើពេលត្រឹម២ម៉ោងប៉ុណ្ណោះ ហើយរថយន្តមិនបានអុករលាក់សូម្បីតែម្តង បើប្រៀបធៀបអតីតកាល ខុសគ្នាឆ្ងាយ។

២. រថយន្តលើដងផ្លូវគឺសុទ្ធតែទំនើបៗ ស្ទើតែលែងស្គាល់ថា មួយណាជារថយន្តតាក់ស៊ី។ ហើយបើចង់ឃើញរថយន្តដែលចេញផ្សែងហុយទ្រលោម សូម្បីតែ១គ្រឿង ក៏រកមិនឃើញផង។ បណ្តាប្រទេសមួយចំនួន អាចថា ប្រើរថយន្តទំនើបស្ទើរជាងកម្ពុជាទេដឹង? ប្រជាជនយើងជាទូទៅប្រើរថយន្តទំនើបនេះ ដែលខ្ញុំសូមខ្មាស់គាត់ ព្រោះមិនទំនើបដល់គាត់។

៣. បង្គោលអគ្គិសនីអមតាមផ្លូវជាតិ មានគ្រប់កន្លែង។ ផ្ទះប្រជាជនយើងធំៗ ហើយមានអាជីវកម្មមិនដាច់តាមផ្លូវ ដែលជាការរុញរបៀងសេដ្ឋកិច្ចមូលដ្ឋានឱ្យហក់ឡើង គួរជាទីសង្ឃឹម។ 

៤. នេះជាការរីកចម្រើនមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រប្រទេសយើងដែលមានប្រជាជន១៦លាន ឬ១៧លាននាក់។ ពិតណាស់យើងនៅមានបញ្ហាត្រូវដោះស្រាយ ដើម្បីឱ្យគុណភាពនៃការរស់នៅរបស់ប្រជាជនយើងកាន់តែប្រសើរឡើង៖ ការកែលម្អឥរិយាបទបើកបរ, ការកែប្រែដីនិងប្រព័ន្ធទឹកឱ្យមានសង្វាក់ផលិតកម្មជាប្រចាំ១២ខែ ក្នុង១ឆ្នាំ, ការបង្កើនសមត្ថភាពពលករយើងពីអតិពលកម្ម ទៅកម្មករជំនាញ, ការធ្វើឱ្យការចំណាយលើតម្លៃចំណីអាហារចុះទាបជាងមុន, ការលុបបំបាត់ជាអតិបរមានូវ អំពើពុករលួយ និងកសាងជំនឿចិត្តរបស់ប្រជាជនលើប្រព័ន្ធយុត្តិធម៌, ការកែប្រែវប្បធម៌នយោបាយចងអាឃាតពង្រីចពង្រិល មកជានយោបាយគុណភាព, ជាពិសេសបន្តធ្វើយ៉ាងណា ឱ្យកម្ពុជាធានាបានសន្តិភាពយូរអង្វែង។ គ្មានជម្រើសណាល្អជាងនេះទេ ហើយគោលនយោបាយសម្តេចតេជោ ហ៊ុន សែន និងមគ្គុទេសក៍ដឹកនាំដ៏ប៉ិនប្រសព្វ ដែលធ្វើឱ្យប្រទេសបានចប់សង្គ្រាម នាំមកនូវសន្តិភាពពេញលេញពេញផ្ទៃប្រទេស ប្រជាជនបានសប្បាយរីករាយ ហើយជីវភាពបានប្រសើរឡើង គឺជានយោបាយដែលត្រឹមត្រូវបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា។ «អរគុណ សន្តិភាព»

Tags

Comment