• Today: December 22, 2024

យៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខេត្តពោធិ៍សាត់ ទទួលបានភ្ញៀវទេសចរ ប្រមាណជាង១៤ម៉ឺននាក់

 

ពោធិ៍សាត់៖ រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក   ពស.២៥៦៧ គស.២០២៣ គិតចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣ ខេត្តពោធិ៍សាត់ ទទួលបានភ្ញៀវទេសចរ ប្រមាណ ១៤១,៣៧០នាក់ ក្នុងនោះ ទេសចរជាតិចំនួន  ១៤១,៣៤៦នាក់ និងទេសចរបរទេសចំនួន  ២៤នាក់  បើប្រៀបធៀបនឹងឆ្នាំមុន ភ្ញៀវមានការថយចុះជាង៥០%។

បើតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ស្ថិតិភ្ញៀវទេសចរ ក្នុងខេត្តពោធិ៍សាត់ នាឱកាសពិធីបុណ្យចូលឆ្នាំ ថ្ងៃទី៣ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ មានភ្ញៀវទេសចរសរុបចំនួន ៦០,៨៩៧នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិចំនួន ៦០,៨៨៥នាក់ និងភ្ញៀវបរទេសចំនួន ១២នាក់។

ប្រភពបន្តថា សម្រាប់រយៈពេល៣ថ្ងៃ  គឺថ្ងៃទី១៤-១៥-១៦  ខែមេសា ឆ្នាំ២០២៣  ភ្ញៀវទេសចរមានចំនួនសរុប ១៤១,៣៧០នាក់  ក្នុងនោះទេសចរជាតិ ចំនួន ១៤១,៣៤៦នាក់ និងទេសចរបរទេស ចំនួន ២៤នាក់ បើប្រៀបធៀបនឹងរយៈពេល៣ថ្ងៃដូចគ្នា កាលពីឆ្នាំមុន ភ្ញៀវមានការថយចុះ  ៥២,៥៦% (ឆ្នាំមុនភ្ញៀវមានចំនួន  ២៩៨,០៣៧នាក់) ។

ប្រភពបានបន្ថែមថា ក្រុមការងារមន្ទីរ បានបែងចែកជា៥ក្រុម បានចុះសហការ និងធ្វើការទំនាក់ទំនង ជាមួយមន្ទីរ អង្គភាព អាជ្ញាធរពាក់ពន្ធ័ ពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ នីតិវិធីស្តង់ដារប្រតិបត្តិអប្បរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី និងវិធានការការពារ «៣កុំ ៣ការពារ»។ ជាមួយគ្នានោះ មន្ទីរបានចុះពង្រឹងគុណភាពផលិតផល រក្សាតម្លៃផលិតផល  និងសេវាកម្មទេសចរណ៍  ព្រមទាំងថែរក្សាអនាម័យ សុវត្ថិភាព ចំណីអាហារ  និងបរិស្ថាន ។ រាល់តម្លៃសេវាកម្មស្នាក់នៅ ម្ហូបអាហារ  និងសេវាផ្សេងៗ  ត្រូវបានដាក់បញ្ជាក់ច្បាស់ៗ នៅក្នុងតារាងបញ្ជីតម្លៃ  និងបានដាក់ភាសាខ្មែរ នៅ ខាងលើ ហើយភាសាបរទេសនៅខាងក្រោម ។ 

បន្ថែមពីនោះ មន្ទីរក៏បានបញ្ជាក់ពីការថយចុះ ចំនួនភ្ញៀវទេសចរ គឺបណ្តាលមកពី៖ 

ទី១-ភ្នំ១៥០០ ផ្លូវបុប្ផាលាក់ខ្លួន ភ្ញៀវមានការធ្លាក់ចុះខ្លាំង ដោយសារឆ្នាំនេះអាកាសធាតុក្តៅខ្លាំង ធ្វើឱ្យទេសភាពមិនសូវស្រស់ស្អា តដូចឆ្នាំមុន ។

ទី២-ស្រុកតាលោសែនជ័យ  (សួនកម្សាន្តពូរីសត )  ឆ្នាំមុនជួលតារាល្បីៗមករាំលេងកម្សាន្ត  តែឆ្នាំនេះពុំមានជួលតារាល្បីមកសម្ដែងទេ។ 

ទី៣-ព្រឹត្តិការណ៍អង្គរសង្ក្រាន្តសៀមរាប

ទី៤-មានការរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត តាមមូលដ្ឋានខេត្តនីមួយៗ

ទី៥-ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជាគោលដៅទេសចរណ៍ថ្មី រហ័សតាមរយៈការវិនិយោគរបស់រដ្ឋ៕

Tags

Comment