ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិថ្នាក់ជាតិ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាដាច់ណាត់ឱ្យដឹកនាំកម្លាំងអន្តរាគមន៍អាវុធហត្ថ ចំនួន១៥០នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ បើចាំបាញ់ត្រូវប្រើរពាសដែកបន្ថែមទៀត ដើម្បីបង្ក្រាបបទល្មើសព្រៃឈើ ក្នុងដែនជម្រកសត្វព្រៃឡង់។
តាមរយៈសារសម្លេងជាបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិថ្នាក់ជាតិ ដែលអង្គភាពសារព័ត៌មាន ទទួលបាននៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នេះ បានឱ្យដឹងថា «ប្រសិនបើករណីហ្នឹងកំពុងតែកើតមានមែន សូមដាក់បទបញ្ជាឱ្យលោកឧត្តមសេនីយ៍ ស សំបូរធន នាយសេនាធិការបញ្ជាឱ្យកម្លាំងអន្តរាគមន៍នៅភ្នំជំរាយរៀបចំមធ្យោបាយ និងកម្លាំង ចំនួន១៥០នាក់ កាំភ្លើងគ្រប់ដៃ ហើយមធ្យោបាយបើចាំបាញ់ត្រូវប្រើរពាស់ដែកក៏បានទៅក្រសោមពួកអស់ហ្នឹងឱ្យមានប៉ុន្មាននាក់ដែលកាប់បំផ្លាញព្រៃឈើ»។ នាយឧត្តមសេនីយ៍បញ្ជាដាច់ណាត់ថា «វ៉ៃខ្នោះឱ្យអស់មានប៉ុន្មាននាក់កមិនចេះឈប់សោះ ត្រូវសិក្សាផ្លូវឱ្យច្បាស់លាស់យកកម្លាំងអន្តរាគមន៍នឲកន្ទប់យកតែម្តង»។
នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវចាប់វ៉ៃខ្នោះទាំងអស់ បើមិនបានអ្នកណាធ្វើទេ ហើយណាចេញមុខមកការពារបទល្មើសហ្នឹង ត្រូវហៅមន្ត្រីរដ្ឋបាលព្រៃឈើចូលរួម អ្នកណាខុសអ្នកណាត្រូវយ៉ាងម៉េច? ឥឡូវបើស្រុក ខេត្តមិនធ្វើទេយើងត្រូវធ្វើមិនចាំបាច់ហៅពីណាច្រើនទេ អាវុធហត្ថធ្វើហើយមានកាំភ្លើងតដៃទេ បាញ់កម្ទេចចោលតែម្តងមិនបាច់និយាយច្រើនទេ យកប៉េកាអឹម១០ដើមទៅតែម្តង ស្អីកសម្បើមម្លេះ មិនឮនាយករដ្ឋមន្ត្រីដាក់បទបញ្ជាយ៉ាងម៉េចទេអី! អាមន្ត្រីអស់ហ្នឹងដេកងាប់តាហ្មង»។
នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិ អគ្គមេបញ្ជាការងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យឧត្តមសេនីយ៍ ហុង វីណុល ដឹកនាំចុះប្រតិបត្តិការការងារនេះផ្ទាល់តែម្តង។ ត្រូវចេញទៅទាំងយប់មិនចាំបាច់រងចាំបទបញ្ជាពីណាទេ ព្រោះជាបទល្មើសជាក់ស្តែងឃាត់ចាប់ទាំងអស់ប្រមូលទាំងមនុស្ស ទាំងវត្ថុតាងគោយន្ត ឈើទុកមួយកន្លែងហើយមិនបាច់សួរស្រុក សួរខេត្តទៀតទេ។ សួរអ្នកណាក៏គ្មានបានការដែរ! វាអត់ធ្វើអីផង! ចាំមើលអ្នកណាខ្លះចេញមុខមក។
នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាក់ថា «បើធ្វើប៉ុណ្ណឹងមិនបានដកសាក់លើស្មាក្រវាត់ចោលឱ្យអស់អត់មានខ្លាចសុវត្ថិភាពស្អីទេ ធ្វើទៅខ្ញុំបញ្ជាកម្លាំងឱ្យឡើងទៅហើយយ៉ាងយូ៥ម៉ោង របាយការណ៍មាន រូបភាពមាន រត់ចូលផ្ទះអ្នកណាចាប់ដល់ផ្ទះអ្នកហ្នឹង។ បើមានមន្ត្រីណាមករារាំងត្រូវមន្ត្រីហ្នឹងទៀតវ៉ៃខ្នោះមើលអ្នកណាជើងកាងបទល្មើសទាំងនេះ»។
នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នេះ លោកឧត្តមសេនីយ៍ អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងថា «កន្លងមករាល់ពេលមានបទល្មើសជាយន្តការ ផែនការ គឺខាងខេត្តជាអ្នកបង្ក្រាបជាប្រចាំ ប៉ុន្តែអ្វីដែលគាត់ធ្វើមិនបានត្រូវស្នើសុំគោលការណ៍មកថ្នាក់ជាតិ ដែលមានឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធានគណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិថ្នាក់ជាតិ។ កន្លងមកយើងទទួលបានការព័ត៌មានជាហូរហែរ និងបានឱ្យកម្លាំងចុះពេលខ្លះក៏ឃើញយើងបង្ក្រាប ពេលខ្លះមិនឃើញ»។
អ្នកនាំពាក្យកងរាជអាវុធហត្ថរូបនេះ បានបញ្ជាក់ថា «ពេលនេះនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាឱ្យឆ្មក់បង្ក្រាបទាំងយប់ដឹកនាំដោយឧត្តមសេនីយ៍ទោ ស សំបូរធន់ ជាអ្នកនាំចុះផ្ទាល់ និងមានការចូលរួមមើលពីលើដោយលោកឧត្តមសេនីយ៍ឯក ហុង វីណុល មេបញ្ជាការងរងកងរាជអាវុធហត្ថផងដែរ»។
សូមបញ្ជាក់ថា ក្នុងមួយរយៈពេលនេះ ក្រុមឧក្រិដ្ឋកម្មកាប់បំផ្លាញព្រៃឈើ បានដាក់កម្លាំងកម្មករឱ្យកាប់ឈើក្នុងតំបន់ការពារដែនជម្រកសត្វ «ព្រៃឡង់ » ដឹកមកលក់ឱ្យក្រុមហ៊ុន ស៊ីង បាយអូថេក Think-Biotech;Co.ltd ដោយមានការឃុបឃិតជាបណ្តាញជាមន្ត្រីអនុរក្សបរិស្ថាន ដែលមានភារកិច្ចគ្រប់គ្រង និងការពារតំបន់ព្រៃឡង់តែម្តង។ សេចក្តីរាយការណ៍ បានឱ្យដឹងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នេះថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញសកម្មភាពនៃការកាប់អាឈើចេញពីក្នុងព្រៃក្បែរស្នាក់ការបរិស្ថានត្រពាំងសង្កែ កើតមានយ៉ាងអាណាធិបតេយ្យ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក សាំង សុខន នាយកដែនជំរកសត្វព្រៃឡង់តែម្តង។
សេចក្តីរាយការណ៍ បានឱ្យដឹងទៀតថា ក្រុមឈ្មួញបានគៀងគរប្រជាពលរដ្ឋឲ្យចូលកាប់ប្រភេទឈើឈ្លិក ចំណុចទីតាំងមួយចំនួនដូចជា៖ អូរកំបោរ ,កំបោរជ្រោង ,ចែម៉ែ ,ត្រពាំងទា និងត្រពាំងសង្កែរ ភូមិសាស្ត្រទាំងនេះ ស្ថិតទល់មុខស្នាក់ការបរិស្ថានត្រពាំងសង្កែរ ប្រហែលជា១គីឡូម៉ែត្រប៉ុណ្ណោះ ក្នុងស្រុកសំបូរ ខេត្តក្រចេះ។
តាមការស៊ើបអង្កេតរបស់សកម្មជនការពារព្រៃឈើ បានឲ្យដឹងទៀតថា ក្រុមហ៊ុន ស៊ីង បាយអូថេក ដែលមានទីតាំងជាប់ព្រំប្រទល់ ជាមួយតំបន់ព្រៃឡង់ កំពុងតែមមាញឹកក្នុងការដឹកជញ្ជូនឈើចេញព្រៃការពារចូលទៅក្នុងក្រុមហ៊ុនរបស់ ខ្លួន ដោយកែនប្រជាពលរដ្ឋនៅតំបន់នោះចូលទៅកាប់ឈើ នៅក្នុងព្រៃអភិរក្សយកមកលក់ឲ្យខ្លួនក្នុង មួយ ម៉ែត្រគូប ៤០ទៅ៥០ម៉ឺនរៀល។ ចំពោះក្រុមហ៊ុន ស៊ីង បាយអូថេកនេះ បានលក់ឈើបន្តឱ្យក្រុមហ៊ុន អង្គរផ្លាយវូត ដែលជាក្រុមហ៊ុនធំនាំឈើចេញទៅលក់នៅក្រៅប្រទេស៕
Comment